រាជធានីភ្នំពេញ ៖ ក្នុងពេលគ្រប់គ្នាកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ នេះ កម្មករកាត់ដេរនៅតំបន់ស្ទឹងមានជ័យ បានត្អូញថា បន្ទប់ជួលបានឡើងថ្លៃ ៥ ដុល្លារនៅឆ្នាំ ២០២២ នេះខណៈដែលប្រាក់ខែគោលរបស់ពួកគាត់នៅឆ្នាំនេះបានឡើងពី ២ ដុល្លារពីឆ្នាំចាស់ ។
កម្មកររោងចក្រជាច្រើនដែលជួលបន្ទប់ស្នាក់នៅក្នុងសួនឧស្សាហកម្មកាណាស៊ីធី ក្នុងតំបន់ស្ទឹងមានជ័យ បង្ហាញការមិនសប្បាយចិត្តចំពោះការឡើងថ្លៃបន្ទប់ក្នុងមួយខែ ៥ ដុល្លារនោះ ។ អ្នកស្រី អូន អ្នកជួលបន្ទប់ពីក្រុមហ៊ុនកាណាស៊ីធី ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាឌីយ៉ាអ៊ិនវេសមិន បានឱ្យដឹងថា បន្ទប់ជួលរបស់ក្រុមហ៊ុននេះបានឡើងថ្លៃជាបន្តបន្ទាប់ តាំងពីមួយខែ ៣០ ដុល្លារអាមេរិកក្នុងមួយបន្ទប់រហូតមក គឺបានឡើងទៅតាមការឡើងប្រាក់ខែរបស់កម្មករ ។ អ្វីដែលហួសចិត្តនោះ ក្នុងពេលដែលកម្មករជួបវិបត្តិនឹងកូវីដ ១៩ ផង ហើយប្រាក់ខែកម្មករបានដំឡើងត្រឹមតែ ២ ដុល្លារក្នុងមួយខែ បែរជាក្រុមហ៊ុនបានឡើងថ្លៃបន្ទប់ជួល ៥ ដុល្លារទៅវិញ ។
កញ្ញស្រី ណែត បានត្អូញដូចគ្នាការឡើងថ្លៃបន្ទប់ជួលនេះ ។ កញ្ញានិយាយថា ប្រាក់ខែឡើងបានតែ ២ ដុល្លារទេក្នុងឆ្នាំ ២០២២ នេះ តែបន្ទប់ជួលចាប់ផ្ដើមទារឡើងថ្លៃ ៥ ដុល្លារ ។ ការដំឡើងថ្លៃបន្ទប់ធ្វើឱ្យពួកយើងពិបាកក្នុងការរស់នៅ ។ នៅពេលបន្ទប់ជួលឡើងថ្លៃបែបនេះ ទំនិញមួយចំនួនដូចជាបន្លែបង្កាត្រីសាច់ក៏បានហក់ឡើងដូចគ្នា ធ្វើការរស់នៅរបស់ពួកយើងមានការលំបាក ។
ក្រៅពីការដំឡើងថ្លៃជួលបន្ទប់ អាជីវករជាច្រើនដែលកំពុងធ្វើអាជីវកម្មនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនខាងលើនេះ បានបញ្ជាក់ថា ទីតាំងជួលរបស់នៅក្នុងសួនឧស្សាហកម្មនេះ រឹតបន្តឹងការប្រមូលប្រាក់ពីពលរដ្ឋដែលបានជួលទីតាំងលក់ដូរផងដែរ ។ អ្នកលក់ម្នាក់និយាយថា គាត់មិនត្រឹមតែមិនជួយបញ្ចុះថ្លៃជួលនៅក្នុងពេលវិបត្តិកូវីដ ១៩ នេះទេ តែថែមទាំងពិន័យប្រាក់សម្រាប់អាជីវករបង់ថ្លៃយឺតយ៉ាវទៀត សូម្បីតែថ្ងៃអាទិត្យក៏គេរាប់ថាថ្ងៃយឺតយ៉ាវដែរ ។
ប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរនៅឆ្នាំ ២០២២ បានដំឡើងចំនួន ២ ដុល្លារពីឆ្នាំ ២០២១ គឺទទួលបាន ១៩៤ដុល្លារអាមេរិក ។ ការដំឡើងប្រាក់ខែតិចតូចនេះកម្មករ និងសហជីពកន្លងមកបានសម្តែងការមិនពេញចិត្តនោះទេ ។ មិនពេញចិត្ត ពីព្រោះថា ការដំឡើងតិចតូចនេះ តែងតែរត់មិនទាន់ការឡើងថ្លៃទំនិញលើទីផ្សារនិងថ្លៃបន្ទប់ជួលរបស់កម្មករឡើយ ។
នាយកគ្រប់គ្រងសួនឧស្សាហកម្មកាណាស៊ីធីមិនអាចទាក់ទងសូមការបកស្រាយបាននៅឡើយទេ ។ តែជំនួយការនាយិកាប្រតិបត្តិសួនឧស្សាហកម្មកាណាស៊ីធីអ៊ីនវេសមន បាននិយាយប្រាប់អាជីវករថា អ្វីគ្រប់យ៉ាង គឺគេធ្វើទៅតាមការសម្រេចរបស់ថ្នាក់ដឹកនាំរបស់ពួកគេ មិនមែនធ្វើដោយចិត្តឯងឡើយ ៕
ចែករំលែកព័តមាននេះ