ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ ផលិតផល​ក្នុងស្រុកមាន​ម៉ាក​សម្គាល់​ជួយ​ឱ្យ​តម្លៃ​លក់​កើន​ដល់១៥% នៅ​លើ​ទីផ្សារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​ផលិតផល​របស់​កម្ពុជា ដែល​មាន​ម៉ាក​សម្គាល់ ទោះបី​មិន​ទាន់​សម្បូរ​បែប​នៅ​លើ​ទីផ្សារ ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព តែ​ផលិត​មាន​ម៉ាក​នៅ​ក្នុងស្រុក​ទាំងនោះ អាច​លក់​បាន​តម្លៃ​ខ្ពស់​រហូត​ដល់ ១៥% ឬ​លើស​ពី​នេះ​បើ​ប្រៀបធៀប​មិន​ទាន់​មាន​ម៉ាក…

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​ផលិតផល​របស់​កម្ពុជា ដែល​មាន​ម៉ាក​សម្គាល់ ទោះបី​មិន​ទាន់​សម្បូរ​បែប​នៅ​លើ​ទីផ្សារ ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព តែ​ផលិត​មាន​ម៉ាក​នៅ​ក្នុងស្រុក​ទាំងនោះ អាច​លក់​បាន​តម្លៃ​ខ្ពស់​រហូត​ដល់ ១៥% ឬ​លើស​ពី​នេះ​បើ​ប្រៀបធៀប​មិន​ទាន់​មាន​ម៉ាក ។

លោក សុខ សា​រ៉​ង អ្នកជំនាញ​ខាង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​ថា កាលណា​ផលិតផល​មាន​ម៉ាក​ត្រឹមត្រូវ គឺ​សំខាន់​ណាស់​មិន​ថា​ម៉ាក​សមូហភាព​ឬ ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នោះ​ទេ ។ មាន​ន័យ​ថា​អង្ករ​របស់​យើង​មួយ​ប្រភេទ​មាន​ស្តង់ដា​ជាក់លាក់ ហើយ​អ្នក​ផលិត​និង​អ្នក​កែ​ច្នៃ​ត្រូវ​តែ​អនុវត្ត​តាម ។ ដូចនេះ​កាលណា​អង្ករ​មាន​ស្តង់ដា គឺ​វាទី​ផ្សារ​ល្អ​ជាង​មុន​និង មាន​ភាព​ងាយស្រួល សម្រាប់​អតិថិជន​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការ​ទិញ​ឬ​មិន​ទិញ ។

លោក​លើក​ឡើង​ថា​៖ «​កាលណា​កម្ពុជា​យើង​មាន​ម៉ាក កាន់តែ​ច្រើន​ទៅ​លើ​អង្ករ​ទាំង​ម៉ាក​សមូហភាព និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ វា​ជួយ​ឱ្យ​អង្ករ​កម្ពុជា​មាន​ម៉ាក​ច្រើន និង​ស្តង់ដា​គុណភាព​ផ្សេង​ៗ​គ្នា នៅ​តាម​តំបន់​ជួយ​ឱ្យ​អតិថិជន​មាន​ជម្រើស​ជាង​មុន ហើយ​ម្យ៉ាងទៀត​វា​ងាយស្រួល ក្នុង​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ឱ្យ​ងាយ​ស្គាល់​នូវ​ផលិតផល​របស់​យើង​» ។

បើ​ទោះបី​ផលិតផល​មាន​ម៉ាក​សម្គាល់ ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន ក្នុង​ការ​សម្រេចចិត្ត​ទិញ ហើយ​ផលិតផល​ទាំងនោះ​អាច​លក់​បាន​តម្លៃ​ខ្ពស់​ជាង​មុន តែ​សម្រាប់​កម្ពុជា​ផលិត ដែល​មាន​ម៉ាក​សម្គាល់ នៅ​មាន​កម្រិត​ជា​ហេតុ​ធ្វើ​ឱ្យ​អតិថិជន មិនសូវ​មាន​ជម្រើស​ច្រើន ។

លោក សុខ សា​រ៉​ង អ្នកជំនាញ​ខាង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព​មាន​ប្រសាសន៍​ថា​៖ «​ទាក់ទង​និង​អត្ថប្រយោជន៍​សម្រាប់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នៅ​ពេល​មានការ​ចុះបញ្ជី​បាន​ត្រឹមត្រូវ ធ្វើ​ឱ្យ​ការ​លក់​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន បើ​តាម​លក្ខណៈ​ទ្រឹ​ស្ត្រី​វា​មាន​តម្លៃ​ខ្ពស់​ជាង ពេល​មុន​ពី ១០ ទៅ ១៥% ឬ​អាច​លើ​ល​ពី​នេះ អាស្រ័យ​ទៅ​តាម​ផលិតផល​នីមួយ​ៗ ជាក់ស្តែង​ដូច​ជា​ម្រេច​កំពត ។ ចំណែក​ម៉ាក​សមូហភាព​វិញ​វា​ក៏​មាន​តម្លៃ​ខ្ពស់​ជាង​មុន​ដែរ វា​ប្រហាក់ប្រហែល​នឹង​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​តែ អាស្រ័យ​ការ​លើ​ការ​ផ្សព្វផ្សាយ និង​ការ​ទទួលស្គាល់​នៅ​លើ​ទីផ្សារ​» ។

លោក អ៊ុ​ក ប្រជា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ ថ្មី​ៗ​បាន​ចូលរួម​បើក​សម្ពោធ​ម៉ាក​សមូហភាព «​អង្ករ​ព្រះ​វិហារ​» ដោយ​លោក​បញ្ជាក់​ថា​គោលបំណង នៃ​ការ​ចុះបញ្ជី​ម៉ាក​សមូហភាព «​អង្ករ​ព្រះ​វិហារ​» គឺ​ដើម្បី​៖១)- ផ្តល់​កិច្ច​ការពារ​កម្មសិទ្ធិបញ្ញា ដល់​សហភាព​សហគមន៍​កសិកម្ម​ព្រះ​វិហារ​មាន​ជ័យ ដែល​ជា​ម្ចាស់​ម៉ាក​សមូហភាព ក្រោម​ច្បាប់​ស្តី​ពី ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ និង ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​ម៉ាក​សមូហភាព “​អង្ករ​ព្រះ​វិហារ​” នៅ​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​, ២)- អភិរក្ស​ចំណេះដឹង​-​ចំណេះធ្វើ តាម​បែប​ប្រពៃណី​របស់​ប្រជា​កសិករ ក្នុង​ខេត្តព្រះវិហារ តាម​រយៈ​ការ​រៀបចំ​ចងក្រង​បទបញ្ជា​រួម គ្រប់គ្រង​ការ​ប្រើប្រាស់​ម៉ាក​សមូហភាព “​អង្ករ​ព្រះ​វិហារ​” ៣)- ផ្សព្វផ្សាយ​អំពី​កេរ្តិ៍ឈ្មោះ​ម៉ាក​សមូហភាព​អង្ករ​ព្រះ​វិហារ ចូលរួម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ដាំ​ដុះ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​, ៤)- លើកកម្ពស់​គុណភាព និង​ស្តង់ដារ​អនាម័យ នៃ​ម៉ាក​សមូហភាព​អង្ករ​ព្រះ​វិហារ​និង​៥)- បង្កើន​ច្រ​វ៉ា​ក់​តម្លៃ បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជា​កសិករ​ក្នុង​តំបន់ ។

លោក​រដ្ឋលេខាធិការ​សង្កត់ធ្ងន់​ថា​៖ «​ម៉ាក​សមូហភាព​អង្ករ​ព្រះ​វិហារ មិន​ត្រឹមតែ​ជា​អត្តសញ្ញាណ ផលិតផល​របស់​សហភាព​សហគមន៍ ក្នុង​ខេត្តព្រះវិហារ​តែ​មួយ​ប៉ុណ្ណោះ​ទេ ។ ប៉ុន្តែ​ម៉ាក​សមូហភាព​នេះ នឹង​ក្លាយជា​ផ្នែក​មួយ នៃ​ការ​ផ្សព្វផ្សាយ​កេរ្តិ៍ឈ្មោះ និង​វប្បធម៌​ប្រពៃណី​របស់​ប្រជាជន​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ​។ ហេតុនេះ​ការ​ថែរក្សា និង​ធានា​បាន​នូវ​កេរ្តិ៍ឈ្មោះ «​អង្ករ​ព្រះ​វិហារ​» និង​ការ​ទាញ​អត្ថប្រយោជន៍ ពី​ការ​ចុះបញ្ជី​ម៉ាក​សមូហភាព​នេះ គឺ​ពិត​ណាស់​អាស្រ័យ​លើ​ការ​ទទួលខុសត្រូវ​របស់​សមាជិក​ម្នាក់​ៗ នៅ​ក្នុង​សហគមន៍ ដែល​ចាំបាច់​ត្រូវ​មាន​សាមគ្គីភាព ភាព​ស្មោះត្រង់ សុចរិត និង​អភិបាលកិច្ច​គ្រប់គ្រង​ល្អ ប្រកបដោយ​តម្លាភាព និង​គណនេយ្យ​ភាព ទើប​ម៉ាក​សមូហភាព អង្ករ​ព្រះ​វិហារ ផ្តល់​នូវ​គុណ​តម្លៃពិត​ប្រាកដ ព្រមទាំង​ធានា​នូវ​និរន្ត​ភាព សម្រាប់​អ្នក​ជំនាន់​ក្រោយ​» ។

បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ថ្មី​ៗ​នេះ​មាន​ប្រសាសន៍​ថា បន្ត​ធ្វើការ​ជាមួយ​អង្គការ​ដៃគូ​អន្តរជាតិ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​នានា រៀបចំ​នូវ​ម៉ាក​សមូហភាព ម៉ាក​សម្គាល់​ភូមិសាស្ត្រ និង​ម៉ាក​សម្គាល់​រួម លើ​ប្រភេទ​អង្ករ​ផ្សេង​ៗ ដែល​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​នៃ​កា​រវិ​វត្ត​ទីផ្សារ ហើយ​ក្រសួងពាណិជ្ជកម្ម​ក៏​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ផ្តល់​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ