ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ-១៩ កម្ពុជា​ធ្វើ​ជំរឿន​សេដ្ឋកិច្ច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជំរឿន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ២០២២ នឹង​ចាប់ផ្តើមពី​ថ្ងៃ​ទី ​១ ​ខែមីនា​ ដល់​ថ្ងៃ​ទី​ ៣១ ​ខែមីនា​ឆ្នាំ…

រាជធានី​ភ្នំពេញ ​៖ ជំរឿន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ២០២២ នឹង​ចាប់ផ្តើមពី​ថ្ងៃ​ទី ​១ ​ខែមីនា​ ដល់​ថ្ងៃ​ទី​ ៣១ ​ខែមីនា​ឆ្នាំ ​២០២២ ទៅ​លើ​សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និង​សេវាកម្ម​ផ្សេង​ៗ​ ។ ​នេះ​ជា​ជំរឿន​សេដ្ឋកិច្ច​លើក​ទី​២ នៅ​កម្ពុជា​បន្ទាប់​ពី ​«​ជំរឿន​សហគ្រាស​បាន​ធ្វើ​កាលពី​ឆ្នាំ ​២០១១ ​និង​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​នៅ​ក្នុង​ឆ្នាំ​២០១៤​ ។

ពាក់ព័ន្ធ​និង​ការ​ជំរឿន​សេដ្ឋកិច្ច​ទៅ​លើ​អង្គភាព​អាជីវកម្ម​នេះ អ្នកស្រី កែវ មុំ​ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​បើ​មើលទៅ​លើ​ការ​ធ្វើ​អាជីវកម្ម​មានការ​ប្រែប្រួល ​។​ នៅ ​៣​ ឆ្នាំ​មុន ដែល​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ​ ១៩ ការ​លក់ដូរ​មានការ​កើនឡើង​ ។ ​ប៉ុន្តែ​ចូល​មក​ឆ្នាំ​ ២០២០​ និង ​២០២១​ នៅ​ពេល​ជំងឺ​កូ​វី​ដ ​១៩ ​ផ្ទុះ​ឡើង ការ​លក់ដូរ​មានការ​រអាក់រអួល ​។ ​ពិសេស​នៅ​ពេល​បិទ​ខ្ទប់​នៅ​ឆ្នាំ​ ២០២១ ​កន្លង​មកនេះ ធ្វើ​ឱ្យ​ការ​លក់​មានការ​ធ្លាក់​ចុះ​ខ្លាំង​ ។​ តែ​ក្រោយ​ពី​បញ្ចា​ប់​ការ​បិទ​ខ្ទប់​ដំណើរការ​លក់​ឃើញ​ថា ​កើនឡើង​វិញ តែ​មិន​បាន​ប៉ុន្មាន​ក៏​ធ្លាក់​ចុះ​មក​វិញ​នៅ​ពេល​រក​ឃើញ​ថា ​វីរុស​បំ​ម្លែ​ង​ខ្លួន​ថ្មី​អូ​មី​ក្រុង ​។

អ្នកស្រី​ឧកញ៉ា កែវ ​មុំ មាន​ប្រសាសន៍​ថា​ មុន​ជំងឺ​កូ​វី​ដ​ ១៩ ​ចូល​មក​ស្រុក​ខ្មែរ ការ​ធ្វើ​អាជីវកម្ម​នូវ​រកបាន​ប្រាក់​ចំណេញ​ តែ​ចូល​មក​ដល់​វិបត្តិ​ជំងឺ​កូ​វី​ដ ​១៩ ​នៅ​ខែ​ខ្លះ​ខាត​ និង​ខែ​ខ្លះ​ទៀត​រក​ប្រាក់​ចំណេញ​បាន​តិចតួច​ទុក​សម្រាប់​ទប់ទល់​ឱ្យ​អាជីវកម្ម​ដំណើរការ​ទៅ​មុខ​ ។ ​ជា​រួមការ​ធ្វើ​អាជីវកម្ម​នៅ​ឆ្នាំ ​២០២១ ​កន្លង​មកនេះ​ក្រុមហ៊ុន​រកបាន​ប្រាក់​ចំណេញ​តិចតួច គ្រាន់​បាន​ទ្រទ្រង់​អាជីវកម្ម​ ។

យោង​តាម​សារ​អំពាវនាវ​របស​រាជរដ្ឋាភិបាល​ការ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​ជា​ការងារ​ដ៏​ធំ​ និង​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ជាតិ​ ។ ការងា​ស្ថិតិ​ពិតប្រាកដ​ដែល​មិន​អាច​ខ្វះ​បាន​ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​ប្រើប្រាស់​ទិន្នន័យ​ចម្បង​ដែល​មានការ​កើន​ឡើងជា​លំដាប់​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ​និង​អន្តរជាតិ​នានា​សម្រាប់​ធ្វើ​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌​និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា និង​ជា​សូចនាករ​សំខាន់​សម្រាប់​ការ​ត្រួតពិនិត្យ តាមដាន ការ​សម្រេច​បាន​នូវ​ការ​អនុវត្ត​កម្មវិធី​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ​៤ ​និង​ការ​រៀបចំ​នូវ​គោលនយោបាយ​ផ្សេង​ទៀត​ជា​ពិសេស ដើម្បី​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ១៩ ទៅ​លើ​អង្គភាព​សេដ្ឋកិច្ច​ដែល​ជា​កាតាលីករ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ក​ម្ព​ជា​បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​រក្សា​កំណើនសេដ្ឋកិច្ច​ជា​មធ្យម ​៧% ​ក្នុង​មួយ​ឆ្នាំ​រយៈពេល​ ១០​ ឆ្នាំ​កន្លង​មកនេះ ​។

ទិន្នន័យ​ទាំងអស់​ដែល​បាន​មក​ពី​ជំរឿន​សេដ្ឋកិច្ច​គឺជា​ទិន្នន័យ​ពិតប្រាកដ​ដែល​បាន​មក​ពី​គ្រប់​អង្គភាព សេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និង​សេវាកម្ម​ផ្សេង​ៗ ​។ ​ដូច្នេះ​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក​សុទ្ធតែ​មានការ​ចាំបាច់​ក្នុង​ការ​ធ្វើ​ជំរឿន​គ្រប់​អង្គភាព​សេដ្ឋកិច្ច ក្នុង​នោះ​ប្រទេស​ដែល​មានការ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ អាច​ប្រមូល​ទិន្នន័យ​ស្ថិតិ​បាន​ល្អ ជា​ពិសេស​ការ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​នេះ​ ។ លទ្ធផល​ទិន្នន័យ​ដែល​បាន​មក​ពី​ការ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដ៏​ទូលំទូលាយ​នៅ​ក្នុង​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ