ខេត្តព្រះសីហនុ៖ ម្ចាស់សេវាកម្មផ្គត់ផ្គង់ទឹកស្អាត នៅប្រជុំជនវាលរេញ បានរៀបចំតបណ្តាញទឹក និងដំ ឡើងជាក្បាលវ៉ាណបិទបើកទឹក សម្រាប់ផ្តល់ទឹក ដល់រថយន្តពន្លត់អគ្គិភ័យ សម្រាប់សមត្ថកិច្ចជួយសង្គ្រោះ នៅពេលមានអគ្គិភ័យ កើតឡើងនៅក្នុងមូលដ្ឋាន។ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ស្រុកព្រៃនប់ បានថ្លែងអំណរគុណដល់ម្ចាស់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតនេះ។
លោក ខូវ ថានិត មេឃុំវាលរេញ បានសំដែងការសាទរ និងមានមោទនភាព ដែលម្ចាស់ផ្គត់ផ្គង់ទឹកស្អាតវាលរេញ បានជួយដល់មូលដ្ឋាន ទាំងការផ្គត់ផ្គង់ទឹក ដោយមិនគិតថ្លៃ ទាំងរៀបចំតប្រព័ន្ធក្បាល សម្រាប់តភ្ជាប់ទៅនឹងរថយន្តពន្លត់អគ្គិភ័យ សម្រាប់សកម្មភាពជួយពន្លត់អគ្គិភ័យ ដែលកើតឡើង ជាយថាហេតុហើយទាន់ពេលវេលា។
លោកមេឃុំ ចាត់ទុកថា នេះជាការចូលរួមចំណែកយ៉ាងសំខាន់ ហើយជាតម្រូវការចាំបាច់របស់មូលដ្ឋាន ក្នុងជួយសង្គ្រោះ នៅពេលមានអគ្គិភ័យឆាបឆេះឡើង។
ជាមួយគ្នានេះ ទាំងអធិការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថស្រុក ក៏បានថ្លែងអំណរគុណផងដែរ ដល់ម្ចាស់ផ្គត់ផ្គង់ទឹកស្អាត នៅប្រជុំជនវាលរេញ ដែលបានរៀបចំវ៉ាននេះឡើង សម្រាប់ដោះស្រាយជាបន្ទាន់ និងទាន់ពេលវេលា ក្នុងការជួយដល់រថយន្តពន្លត់អគ្គិភ័យ ហើយនេះគឺជាភាពងាយស្រួលមួយ ក្នុងការបូមទឹកដាក់ក្នុងរថយន្ត ដោយមិនបាច់ប្រើម៉ាស៊ីនបូម។
សមត្ថកិច្ចដដែល បានបន្តថា គិតត្រឹមថ្ងៃនេះ ថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២២នេះ វ៉ានបណ្តែត តាមសាធារណៈក្នុងស្រុកព្រៃនប់ សម្រាប់បូមផ្តល់ជូនរថយន្តពន្លត់អគ្គិភ័យ មានចំនួន ០៣ទីតាំង គឺ ១-នៅឃុំអូឧកញ៉ាហេង ២-ឃុំសំរុង និង៣-នៅទីនេះ ចំណុចវង្វង់មូលវាលរេញ មុខអធិការនគរបាលស្រុកនេះតែម្តង ហើយសង្ឃឹមថា នៅតាមបណ្តាឃុំផ្សេងទៀត និងមានដំឡើងវ៉ាននេះ ជាបន្តបន្ទាប់ទៀត សម្រាប់ភាពងាយស្រួលដល់ការជួយសង្គ្រោះពន្លត់ បើមានអគ្គិភ័យឆាបឆេះឡើង នៅក្នុងមូលដ្ឋាន៕





ចែករំលែកព័តមាននេះ