ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ទូច សៀ កំពុង​យក​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ធ្វើ​ជា​ចំណតឡានតាក់ស៊ី​ធំ​តូច​គ្រប់​ប្រភេទ បង្ក​ភាព​អនា ធិប​តេយ្យ​ពេញបន្ទុក

2 ឆ្នាំ មុន
  • សៀមរាប

ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ចំណុច​ភ្លើងស្តុប​ចុង​កៅស៊ូ រហូត​ដល់​ចំណុច​មុខ​ភោជនីយដ្ឋាន អា​ប៉ូ​ឡូ​ប្លា​ស្សា បច្ចុប្បន្ន​នេះ​បាន​ក្លាយទៅជា​ចំណតរថយន្ត​តាក់ស៊ី​គ្រប់​ប្រភេទ​ទៅ​ហើយ

ខេត្តសៀមរាប ៖ ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ចំណុច​ភ្លើងស្តុប​ចុង​កៅស៊ូ រហូត​ដល់​ចំណុច​មុខ​ភោជនីយដ្ឋាន អា​ប៉ូ​ឡូ​ប្លា​ស្សា បច្ចុប្បន្ន​នេះ​បាន​ក្លាយទៅជា​ចំណតរថយន្ត​តាក់ស៊ី​គ្រប់​ប្រភេទ​ទៅ​ហើយ​។

ការ​ដែល​បណ្តោយ​ឱ្យ​មាន​ភាព​អនាធិបតេយ្យ​នៅ​កណ្តាល​ក្រុង​ទេសចរណ៍​បែប​នេះ គេ​សង្ស័យ​ថា ជា​ការ​ផ្តួចផ្តើម ឬ​ជា​ភាព​កំសោយ​របស់​លោក​ឧកញ៉ា ទូច សៀ ជាមួយ​រដ្ឋអំណាច​ក្រុង ត្បិត​ឧកញ៉ា​រូប​នេះ ជា​អ្នកគ្រប់គ្រង​ចំណតរថយន្ត​ក្នុង​ក្រុង​សៀមរាប​។

ក្នុង​ក្រុង​សៀមរាប​នា​ពេល​កន្លង​ទៅ អាជ្ញាធរ​ក្រុង និង​ខេត្ត បាន​រៀបចំ​ឱ្យ​មាន​ចំណត​ចំនួន ២ គឺ​ទី​១- នៅ​ក្នុង​បុរី​សៀង​ណាំ ចុង​កៅស៊ូ និង​ទី​២- នៅ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ក្នុង​សង្កាត់​ស្រ​ង៉ែ នៃ​ផ្នែក​ខាងលិច​ក្រុង​។ ការ​ដែល​រៀបចំ​ឱ្យ​មាន​ចំណត​បែប​នេះ គឺ​ដើម្បី​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ចូល​ចត​ក្នុង​ចំណត បញ្ជៀ​សការ​កកស្ទះ​ផ្នែក​ចរាចរណ៍ និង​បញ្ជៀ​សការ​ផ្ទេរ​ទំនិញ ឬ​ការ​ចាប់​ម៉ូយ​បង្ក​ភាព​អនាធិបតេយ្យ​លើ​ដងផ្លូវ​ផង​ដែរ ។

ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រោម​ការ​គ្រប់គ្រង​របស់​ឧកញ៉ា ទូច សៀ គេ​សង្កេត​ឃើញ​ភាព​អនាធិបតេយ្យ​បាន​កើត​ឡើងជា​ប្រចាំ​។ មិន​ថា រថយន្ត​តាក់ស៊ី ឬ​រថយន្តក្រុង​នោះ​ទេ បាន​ឈប់​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ សាង​ទំនិញ និង​រត់​ដេញ​គ្នា​ចាប់​ម៉ូយ​យ៉ាង​ប្រ​សេក​ប្រសាច​ពេញ​ដងផ្លូវ​ជាតិ​តែ​ម្តង​។ ក្រៅពី​នោះ ក៏​បាន​បណ្តោយ​ឱ្យ​រថយន្ត​ខ្នាត​ធំ​ៗ​បើក​ដឹក ទំនិញ​ចូល​ក្នុង​ក្រុង​តាម​ចិត្ត ដោយ​គ្រាន់តែ​ឱ្យ​កូនចៅ​របស់​ខ្លួន​ឃាត់​ស្ទាក់​ឱ្យ​បង់លុយ តាម​ដងផ្លូវ​តែ​ប៉ុណ្ណោះ​។ សកម្មភាព​គ្រប់គ្រង​ចំណតរថយន្ត​របស់​លោក​ឧកញ៉ា ទូច សៀ ក្រៅពី​បង្ក​ភាព​អនាធិបតេយ្យ បំផ្លាញ​សណ្តាប់ធ្នាប់​សង្គម ក៏​បណ្តោយ​ឱ្យ​រថយន្ត​ធំ​ទាំងនោះ បំផ្លាញ​ផ្លូវ​ក្នុង​ក្រុង​ផង​ដែរ​។

ភាព​កំសោយ​របស់​លោក​ឧកញ៉ា ទូច សៀ បាន​បង្ខំចិត្ត​ដល់​មហាជន​ទូ​ទាំង​ក្រុង​សៀមរាប ស្នើ​ទៅ​ថ្នាក់លើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​អ្នកគ្រប់គ្រង​ចំណតរថយន្ត​ថ្មី ។​ត្បិត​ឧកញ៉ា​រូប​នេះ ហាក់​គ្មាន​សមត្ថភាព​ក្នុង​ការ​រៀបចំ​រថយន្ត​ឱ្យ​ចូល​ចត​ក្នុង​ចំណត​នោះ​ឡើយ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប បាន​លើក​ឡើង​ឱ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ក្នុង​មួយ​ថ្ងៃ​ៗ គេ​សង្កេត​ឃើញ​បុគ្គលិក​របស់​ឧកញ៉ា ទូច សៀ ដាក់​ពង្រាយ​តាម​ដងផ្លូវ​ផ្នែក​ខាងលិច​ក្រុង និង​ខាងកើត​ក្រុង ក្នុង​ការ​ឃាត់​ស្ទាក់​រថយន្ត​ឱ្យ​ចូល​បង់លុយ​បេន តែ​មិន​មាន​អ្នក​រៀបចំ​ឱ្យ​រថយន្ត​ចូល​ចត​ក្នុង​បេន​នោះ​មាន​របៀបរៀបរយ​ឡើយ​។

មហាជន​សង្ឃឹមថា ថ្នាក់លើ​នឹង​ពិចារណា​ក្នុង​ការ​ដោះ​ដូរ​អ្នកគ្រប់គ្រង​ចំណត​ជា​ថ្មី ប្រសិនបើ​ឧកញ៉ា​រូប​នេះ គ្មាន​សមត្ថភាព ហើយ​នៅ​តែ​បន្ត​ឱ្យ​មាន​ភាព​អនាធិបតេយ្យ​ក្នុង​ក្រុង​ទេសចរ តទៅ​ទៀត​។

ជុំវិញ​ករណី​ខាងលើ​នេះ កោះសន្តិភាព​យើង​មិន​អាច​ស្វែងរក​សុំ​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា ទូច សៀ ដែល​ជា​អ្នក​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​ចំណតរថយន្ត​នោះ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​ច្រើន​ដង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ