រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នារសៀលថ្ងៃទី០៥ សីហា ២០១៦ នេះ ជនសង្ស័យជាមុខសញ្ញាចោរប្លន់ម្នាក់ក្នុងចំណោម៦នាក់ដែលបង្ក្រាបបានកាលពីយប់មិញនោះ ត្រូវសមត្ថកិច្ចនាំខ្លួនមកឆែកឆេរក្នុងផ្ទះជួលរបស់ខ្លួន ស្ថិតនៅក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះឃឹម ធា អាយុ៤៨ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ១ឆ្នាំ)។
គួររំលឹកថា កាលពីវេលាម៉ោង០៧ និង១៥នាទីយប់ថ្ងៃទី០៤ សីហា ២០១៦ កម្លាំងសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលស្រុកស្អាងខេត្តកណ្តាល បានធ្វើការបង្ក្រាបជនសង្ស័យជាក្រុមចោរប្លន់៦នាក់ ក្នុងនោះមានម្នាក់ត្រូវគ្រាប់កាំភ្លើងបាក់ជើង ខណៈព្យាយាមតដៃជាមួយសមត្ថកិច្ច ដែលប្រតិបត្តិការណ៍ធ្វើនៅត្រង់ចំណុចឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ត កណ្តាល ។
ប្រភពឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ ១-ឈ្មោះជា រដ្ឋា អាយុ៤២ឆ្នាំ ជាកម្មករដំឡូង មានទីលំនៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ២-ឈ្មោះឃឹម ធា អាយុ៤៨ឆ្នាំ មានទីលំនៅផ្ទះជូលក្នុងភូមិត្នោតជ្រុំ (ធ្លាប់ជាប់ពន្ធនាគារ១ឆ្នាំ) ៣-ឈ្មោះភូ វន អាយុ២៤ឆ្នាំ មានទីលំនៅភូមិចក ឃុំផ្សារក្រោយ ក្រុងសៀមរាប ៤-ឈ្មោះជា ពេជ្រ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ៥-ឈ្មោះម៉ន បុន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកោះញែក ឃុំរង្សី ស្រុកកោះញែក និង៦-ឈ្មោះប៊ិត តឿ អាយុ៣៥ឆ្នាំ ស្រុកមេសាង ខេត្តព្រៃវែង (ធ្លាប់ធ្វើសកម្មភាពប្លន់ផ្ទះដាក់វីងវេរលុយ) ។
ក្នុងការបង្ក្រាបជនសង្ស័យទាំង៦នាក់នោះ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដេញប្រផាប់ចាប់ប៉ភីង បន្ទាប់ពីពួកគេប្រើប្រាស់រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ព្យាយាមបើកគេចខ្លួន ទើបមានការផ្ទុះអាវុធ បណ្តាលឱ្យជនសង្ស័យម្នាក់ រងរបួសតែម្តង ។ បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងនាំខ្លួនជនសង្ស័យទាំងអស់នោះទៅសាកសួរ រួមទាំងវត្ថុតាងមួយចំនួន ក៏ត្រូវដក ហូត ។
ចែករំលែកព័តមាននេះ