ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើងលេបត្របាក់ក្បាលរថភ្លើង​យ៉ាង​សន្ធោសន្ធៅ ក្រោយបើកចៀសរថភ្លើង​​១គ្រឿងទៀត​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក​វរសេនីយ៍ទោ អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ បាន​ឱ្យ​​ដឹង​ថា មាន​ករណី​អគ្គី​ភ័យ​​​​

ខេត្តព្រះសីហនុ ៖ លោក​វរសេនីយ៍ទោ អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ បាន​ឱ្យ​​ដឹង​ថា មាន​ករណី​អគ្គី​ភ័យ​​​​បាន​ឆាប​ឆេះ​ក្បាលរថភ្លើង​១​គ្រឿងយ៉ាង​សន្ធោសន្ធៅ​ បង្កការ​ភ្ញាក់ផ្អើលកើតឡើង​​​កាលពីវេលា​ម៉ោង​៣និង​១០​នាទី​​ឈានចូល​ព្រឹក​​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០២២ នៅ​​ចំណុច​លើ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុង​​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​លោកអធិការ​​នគរបាលស្រុកព្រៃនប់ បាន​បន្ត​​ថា រថភ្លើង​១​គ្រឿង ដែលត្រូវអគ្គិភ័យឆាបឆេះ​​​ខាងលើ​ ជា​កម្ម​សិទ្ធិរបស់​ក្រុមហ៊ុន ​ROYAL RAILWAY​ ប្រភេទ BB-1061 ដឹក​ប្រេងម៉ាស៊ូត មាន​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ បើកបរ​ដោយ​ឈ្មោះ អ៊ួ​ន លិ​ន​វី​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​បើកបរ​រថភ្លើង មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ជំនួយការ​អ្នកបើកបរ​រថ​ភ្លើង​ម្នាក់​ឈ្មោះ សៅ​ ចាន់​បារមី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​បើកបរ​រថភ្លើង មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​លា​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

តាម​ការ​បំភ្លឺ​របស់​អ្នកបើកបរ​រថភ្លើង​ឈ្មោះ អ៊ួ​ន លិ​ន​វី​ន បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ គាត់​បាន​បើកបរ​ធ្វើដំណើរ​​ក្នុង​​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​រ៉ា​រថភ្លើង​វាល​រេញ ក៏​បាន​​ចៀស​​រថភ្លើង​មួយ​ខ្សែ​ទៀត ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ក្រោយ​ពី​ចៀសគ្នា​​រួច​ គាត់​ក៏​​បើករ​រថភ្លើង​បន្តដំណើរទៅ​​មុខ ហើយ​បាន​ជាន់​ហ្វ្រាំង ស្រាប់តែ​ឆ្លង​ចរន្ដ​អគ្គិសនី ​បង្ក​ជា​អគ្គី​ភ័យឆាបឆេះ​ក្បាល​រថភ្លើង​​យ៉ាង​សន្ធោសន្ធៅ​​តែ​ម្តង ។

តាម​ការ​បំភ្លឺ​របស់​ជំនួយ​ការ​អ្នកបើកបរ​រថភ្លើង​ឈ្មោះ សៅ ចាន់​បារមី បាន​បញ្ជា​ក់ថា ពេល​រថភ្លើងចៀស​គ្នា​រួច​គាត់​ហើយ​បាន​ជាន់​ហ្វ្រាំង ស្រាប់តែ​​ធុំក្លិន​​ឈ្ងៀម​ លុះ​គាត់​ចេញ​មក​មើល ស្រាប់តែ​ឃើញ​មាន​អគ្គី​ភ័យ​ឆាបឆេះ​​តែ​ម្ដង ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​អោយចុះ​មក​ជួយ​អន្តរាគមន៍​ពន្លត់ ។

តាម​ប្រភពដដែលបានបន្ត​ថា ក្នុង​ករណី​អគ្គី​ភ័យ​ខាងលើ មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្សណាម្នាក់នោះ​​ទេ ​ដោយ​រងការ​ខូចខាត​ក្បាលរថភ្លើង ​និង​ប្រព័ន្ធ​ភ្លើង​ក្នុង​រថភ្លើង​តែប៉ុណ្ណោះ ។

​ក្នុងហេតុការណ៍​ខាងលើ​ កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​លោក​អធិការ​ផ្ទាល់ បាន​យក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន១​គ្រឿង និង​បាញ់​ទឹកពន្លត់​​អស់​ចំនួន១​រថយន្ត ​ទើប​ភ្លើង​រលត់​អស់​ទាំងស្រុង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ