ការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺបានឱ្យដឹងថា វ៉ាក់សាំងការពារមេរោគកូវីដ ដែលត្រូវបានផ្តល់ឱ្យអំឡុងពេលមានផ្ទៃពោះ អាចផ្តល់ការការពារដល់ទារក បន្ទាប់ពីពួកគេកើត។
ការសិក្សាបានរកឃើញថា ទារកដែលម្តាយរបស់ពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញជាមួយនឹងការចាក់ថ្នាំ mRNA ខណៈពេលដែលមានផ្ទៃពោះគឺ ៦១% មិនកើតកូវីដកម្រិតធ្ងន់ដល់ថ្នាក់ចូលពេទ្យដូចទារកដែលម្តាយមិនបានចាក់វ៉ាកសាំងកូវីដពេលមានផ្ទៃពោះនោះទេ។ ការការពារនេះមានរយៈពេលប្រាំមួយខែដំបូងនៃជីវិតរបស់ពួកគេ។ ការការពារនោះហាក់ដូចជាខ្លាំងជាងហ្នឹងទៅទៀត ប្រសិនបើការចាក់វ៉ាក់សាំងរបស់ម្តាយធ្វើឡើងក្នុងកំឡុងពេល២០សប្តាហ៍ដំបូងនៃការមានគភ៌។
វាជាភស្ដុតាងជាក់ស្តែងដំបូងបង្អស់ដែលបង្ហាញថា ការចាក់វ៉ាក់សាំងរបស់មាតាបង្កើតអង្គបដិប្រាណនៃមេរោគកូវីដ១៩ ដែលអាចការពារទៅដល់ទារកក្នុងផ្ទៃ។ ការសន្និដ្ឋាននេះពីមុន ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា សុករបស់ម្តាយអាចការពារកូវីដមិនឱ្យឆ្លងទៅទារកក្នុងផ្ទៃបាន។
លោក Dana Meaney-Delman ប្រធានផ្នែកត្រួតពិនិត្យលទ្ធផល ស្រាវជ្រាវ និងបង្ការរបស់ CDC បាននិយាយថា៖ “ចំណុចសំខាន់គឺថា ការចាក់វ៉ាក់សាំងមាតា គឺជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីជួយការពារទារកវ័យក្មេងទាំងនេះ។”
គួរបញ្ជាក់ផងដែរថា ការសិក្សានេះបានរួមបញ្ចូលទិន្នន័យលើទារកចំនួន ៣៧៩នាក់នៅមន្ទីរពេទ្យកុមារចំនួន ២០ ក្នុងរដ្ឋចំនួន ១៧ នៅចន្លោះខែកក្កដា និងខែមករា ក្នុងនោះមាន ១៧៦ នាក់ដែលមានជំងឺកូវីដ៕
ចែករំលែកព័តមាននេះ