ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ស្រុត​ស្បូន​ភាគច្រើន​កើត​លើ​ស្ត្រី​ដែល​អស់​រដូវ​វ័យ​ចំណាស់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រុត​ស្បូន​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​តែង​ជួប​ញឹកញាប់​ជាងគេ និង​មាន​ប្រមាណ​៣០%​នៃ​ស្ត្រី ជា​ពិសេស​ស្ត្រី​វ័យ​ចំណាស់ និង​អស់​រដូវ​។ ជំងឺ​នេះ​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព

រាជធានី​ភ្នំពេញ ៖ ស្រុត​ស្បូន​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​តែង​ជួប​ញឹកញាប់​ជាងគេ និង​មាន​ប្រមាណ​៣០%​នៃ​ស្ត្រី ជា​ពិសេស​ស្ត្រី​វ័យ​ចំណាស់ និង​អស់​រដូវ​។ ជំងឺ​នេះ​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​មាន​ផល​រំខាន​ដល់​ប្រព័ន្ធ​បង្ហូរ​ទឹកនោម សុខភាព​ផ្លូវភេទ និង​ការ​បន្ទោបង់​លាមក ។

១-​មូលហេតុ ៖ កត្តា​ដែល​ប្រឈម​ចំពោះ​ស្ត្រី​និង​ជំងឺ​នេះ​មាន ភាព​ចុះ​ខ្សោយ​ប្រព័ន្ធ​ទម្រ​អាង​ត្រគាក (Défaillance du système d’amarrage), ភាព​មិនធម្មតា​របស់​ឆ្អឹង​អាង​ត្រគាក ដែល​មាន​ពី​កំណើត (anomalie osseuse), ភាព​ចុះ​ខ្សោយ ស្វិត និង​យារ​របស់​សាច់ដុំ​អាង​ត្រគាក​, ស្ត្រី​ធ្លាប់​សម្រាលកូន​ច្រើន ដែល​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​សាច់ដុំ​អាង​ត្រគាក​, មាន​ជំងឺ​ទល់លាមក​ញឹកញាប់​, ធ្វើការ​ធ្ងន់ ឬ​លើក​របស់​ធ្ងន់​ៗ, ស្ត្រី​ឆាប់​អស់​រដូវ​ដោយសារ​កង្វះ​អ័​រមូ​៉​ន និង​ស្ត្រី​ដែល​ធ្លាប់​មានការ​វះកាត់​ជំងឺ​ស្បូន និង​ជំងឺ​ទ្វារ​លាមក ។

២-​រោគ​សញ្ញា ជា​ទូទៅ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​ដូច​ជា​ ៖ មាន​ផល​រំខាន​លើ​មុខងារ​បង្ហូរ​ទឹកនោម​, អ្នកជំងឺ​ជ្រាប​ទឹកនោម នៅ​ពេល​ប្រឹង ក្អក សើច ឬ​លើក​របស់​ធ្ងន់​, អ្នកជំងឺ​មាន​អារម្មណ៍​ថា ហាក់ដូចជា​មាន​ដុំ​ទឹង​ណែន​រំខាន​នៅ​ក្នុង​ទ្វារមាស​, អ្នកជំងឺ​មាន​ផល​រំខាន​ក្នុង​ការ​បន្ទោបង់​លាមក​, អ្នកជំងឺ​អាច​ជ្រាប​លាមក លេច​ផោម​ដោយ​ឯកឯង​, ឈឺ​នៅ​អាង​ត្រគាក​, មាន​ធ្លាក់ស​, រលាក​ទ្វារមាស​, ផល​រំខាន​ក្នុង​ការ​រួម​ភេទ​, ក្នុង​ករណី​ធ្ងន់ធ្ងរ​អ្នកជំងឺ​មាន​លៀន​ចេញ​នូវ​សរីរាង្គ​មួយ​ចំនួន​ដូច​ជា ផ្លោ​ក​នោម ស្បូន ទ្វារ​លាមក តាម​ទ្វារមាស​ចេញ​មក​ក្រៅ ។ 

៣-​ការ​ព្យាបាល ៖ វិធី​ព្យាបាល​នៃ​ជំងឺ​នេះ​មាន​៣​ប្រភេទ​៖
ក​-​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំៈ ស្ត្រី​អាច​ប្រើ​ថ្នាំ​អ័រម៉ូន​មួយ​ចំនួន​ដើម្បី​ជួយ​កុំ​ឲ្យ​ឆាប់​អស់​រដូវ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទម្រ​សាច់ដុំ​អាង​ត្រគាក​រឹង​មាំ​។
ខ​-​វិធី​ហាត់ប្រាណៈ ការ​ហាត់ប្រាណ​ធ្វើ​ឲ្យ​សាច់ដុំ​អាង​ត្រគាក និង​សាច់ដុំ​ពោះ​រឹង​មាំ​។
គ​-​វិធី​វះកាត់​-​ការ​វះកាត់​តាម​ទ្វារ​ក្រោម ដោយ​យើង​ធ្វើការ​វះកាត់​យក​ស្បូន​ចេញ ហើយ​និង​ជួសជុល​មុខងារ​បង្ហូរ​ទឹកនោម ប្លោក​នោម ទ្វារ​លាមក និង​សុខភាព​ផ្លូវភេទ​។ ការ​វះកាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ យើង​អាច​ចង​ទប់​ស្បូន​ទៅ​នឹង​ឆ្អឹង​អាង​ត្រគាក​ផ្នែក​ខាងក្រោយ ។

វិធី​នេះ​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ដល់​ស្ត្រី ដោយ​រក្សា​ទុក​ស្បូន សុខភាព​បន្ត​ពូជ ជា​ពិសេស​ស្ត្រី​ដែល​នៅ​វ័យក្មេង អាច​ឲ្យ​មាន​បុត្រ​ទៅ​ថ្ងៃក្រោយ ។

ប្រសិនបើ​ស្ត្រី​ដែល​មាន​រោគ​សញ្ញា​ដូច​រៀបរាប់​ខាងលើ ឬ​ស្ត្រី​ដែល​អស់​រដូវ សូម​មេត្តា​រួសរាន់​មក​ពិគ្រោះ​និង​ពិនិត្យ​សុខភាព​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី ដើម្បី​ធ្វើការ​ព្យាបាល​ទាន់​ពេលវេលា ៕