រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ត្រូវគេចាប់ជំរិតគំរាមទារប្រាក់អស់៤ម៉ឺនយ័ន(លុយចិន)បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចអាផាតមិន នគរឡាក់គី នៅជិតចំណតរថយន្តផ្សារធំថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
បើតាមសំដីស្ត្រីរងគ្រោះដែលជាជនជាតិចិន មានមុខរបរជាអ្នកលក់សម្លៀកបំពាក់កូនក្មេងនៅក្នុងផ្សារអូរឡាំពិក តូបលេខ៣៧០ បានឲ្យដឹងថា រូបគាត់និងជនសង្ស័យមិនដែលស្គាល់គ្នាទេ ។ មុនពេលកើតហេតុមួយថ្ងៃ ជនសង្ស័យបានទូរស័ព្ទមកទាក់ទងរូបគាត់ (មិនដឹងបានលេខទូរស័ព្ទមកពីណា) ថាចង់រកស៊ីជាមួយគាត់ ព្រោះគេស្គាល់រោងចក្រផលិតសម្លៀកបំពាក់ ពេលឮដូច្នេះរូបគាត់ក៏បានណាត់ជួបជាមួយជនសង្ស័យដើម្បីរកស៊ីជាមួយគ្នា ។
ស្ត្រីរងគ្រោះបានបន្តទៀតថា លុះស្អែកឡើងត្រូវហ្នឹងថ្ងៃកើតហេតុ នៅវេលាម៉ោង៨ព្រឹក គាត់បានប្រាប់ប្តីឲ្យមកជួយលក់មួយព្រឹក ព្រោះគាត់ត្រូវទៅក្រៅជួបម៉ូយដែលជាអ្នកនាំសម្លៀកបំពាក់មកពីក្រៅប្រទេស ។ បន្ទាប់មកស្ត្រីរងគ្រោះបានជិះរ៉ឺម៉កម៉ូតូពីផ្សារអូរឡាំពិកសំដៅទៅផ្លូវលេខ៣១០ដើម្បីទៅយកមិត្តភក្តិម្នាក់ទៀតទៅជាមួយគ្រាន់បានជាគ្នា ខណៈពេលជិះរ៉ឺម៉កម៉ូតូចេញផុតពីផ្សារអូឡាំពិកបានបន្តិចដល់ចំណុចផ្លូវកែង ស្រាប់តែមានរថយន្តទូរីស១គ្រឿងមិនចាំស្លាកលេខ បានបើកមកស្ទាក់កាក់ពីមុខរ៉ឺម៉កម៉ូតូ ដោយមានបុរស២នាក់ចុះពីលើរថយន្តមកគំរាមបាញ់សម្លាប់ ហើយក៏ដកកាំភ្លើងភ្ជង់ជនរងគ្រោះចងបិទភ្នែក ហើយរុញបញ្ចូលក្នុងរថយន្តដឹកយកមកដល់ផ្សារថ្មី ទើបបើកភ្នែកឲ្យវិញ និងបាននាំស្ត្រីរងគ្រោះឡើងទៅអាផាតមិន នគរឡាក់គី បន្ទប់លេខ៣០៥ ដោយមានកាំភ្លើងភ្ជង់ជាប់ពីក្រោយរហូត ។ ពេលដល់ក្នុងបន្ទប់ជនសង្ស័យបានប្រាប់ទៅស្ត្រីរងគ្រោះឲ្យទូរស័ព្ទទៅក្រុមគ្រួសារនៅឯស្រុកចិនផ្ញើរប្រាក់ចំនួន១០ម៉ឺនយ័ន(លុយចិន)ឲ្យពួកគេជាថ្នូរនឹងការដោះលែង ដោយសារខាងគ្រួសារនៅឯស្រុកចិនរកលុយមិនទាន់ ទើបសុំនៅត្រឹម៤ម៉ឺនយ័ន ។ ក្រោយពីបានទទួលប្រាក់ហើយជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់ នៅសល់តែរូបគាត់ដែលត្រូវជនសង្ស័យចាប់ចងដៃ ក៏បានដើរទៅជិតតុយកកាំបិតកាត់ចំណង រួចហើយទូរស័ព្ទប្រាប់ប្តី ។
បើតាមសំដីអ្នកគ្រប់គ្រង់អាផាតមិនវិញបានឲ្យដឹងថា មុនថ្ងៃកើតហតុមួយថ្ងៃមានមនុស្សមួយក្រុមមានគ្នា៧ទៅ៨នាក់បានមកជួលអាផាតមិនស្នាក់នៅមួយថ្ងៃ គឺបន្ទប់លេខ៣០៥ និង២០៦ ។ នៅយប់កើតហេតុគាត់បានឃើញស្ត្រីរងគ្រោះដើរចូលក្នុងអាផាតមិនជាមួយបុរស២នាក់ តែបើមើលតាមកាយវិការហាក់ដូចជាអត់មានការគំរាមកំហែងអ្វីទេ គឺបុរសទាំង២នាក់ដើរពីមុខ ឯស្ត្រីរងគ្រោះដើរពីខាងក្រោយ ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើក៏ផ្អើលថា មានគេចាប់ជំរិតទៅវិញ ។
ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួង បានចូលទៅក្នុងបន្ទប់លេខ៣០៥ដែលគេឃុំស្ត្រីរងគ្រោះ និងបានរងឃើញខ្សែចំណងចងដៃចំនួន៣ខ្សែ កូនកាំបិតចំនួនមួយ ព្រមទាំងពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព និងនាំអ្នកគ្រប់គ្រងអាផាតមិន និងស្ត្រីរងគ្រោះទៅសួរនាំបន្តទៀត ។
ជំហានដំបូងខាងសម្ថកិច្ចមិនទាន់អាចសន្និដ្ឋានថា ជាករណីអ្វីឲ្យពិដប្រាកដទេ ព្រោះថា តាមសំដីស្ត្រីរងគ្រោះ និងសំដីអ្នកគ្រប់គ្រង់ អាផាតមិន ហាក់ដូចជាមិនស៊ីសង្វាក់គ្នាសោះ មានតែនាំស្ត្រីរងគ្រោះ និងអ្នកគ្រប់គ្រង់អាផាតមិន ព្រមទាំងវីដេអូក្នុងកាំមេរ៉ាសុវត្ថិភាពមកធ្វើការវិភាគ និងសួរនាំឲ្យបានច្បាស់លាស់ជាមុនសិន ទើបអាចសន្និដ្ឋានបានថា ជាករណីអ្វី ។
ប្រភពព័ត៌មានក្រៅផ្លូវការបានបង្ហើបឲ្យដឹងថា អាចជាល្បិចកលរបស់ស្ត្រីរងគ្រោះ សង្ស័យជំពាក់លុយគេច្រើន ទើបប្រើល្បិចចាប់ជំរិត ដើម្បីយកលុយពីក្រុមគ្រួសារក៏អាចថាបាន ។ ទោះបីជាយ៉ាងណាមិនទាន់ដឹងពិតប្រាកដនៅឡើយថា ជារឿងអ្វីទេ ៕
ចែករំលែកព័តមាននេះ