ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ២០២១​ ថវិកា​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនីមាន​ជាង ​១,៦៦ ​ពាន់​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ថាមពល​អគ្គិសនី​ក្នុង​ឆ្នាំ ​២០២១​ កន្លង​ទៅ​នេះ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ​១,៦៦​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី…

រាជធានី​ភ្នំពេញ ៖ វិស័យ​ថាមពល​អគ្គិសនី​ក្នុង​ឆ្នាំ ​២០២១​ កន្លង​ទៅ​នេះ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ​១,៦៦​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី កម្ពុជា​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ទុន​វិនិយោគ​សរុប​ទាំង ​១,៦៦ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មានការ​វិនិយោគ​ដោយ​អគ្គិសនី​កម្ពុជា​មាន​ទឹកប្រាក់​ប្រមាណ ៦៤១​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន មាន​ចំនួន​ប្រមាណ​ ១.០២៨ ​លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​វិនិយោគ​ទាំងនេះ​មាន​ទៅ​លើ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញ​បញ្ជូន​រង (MV) និង​បណ្ដាញ​រាយ​តង់ស្យុង​ទាប ( LV ) ​ត្រង់​ស្វូ និង​បរិក្ខារ​ភ្ជាប់​ចរន្ត​ជាដើម ។

ក្នុង​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី ចេញផ្សាយ​នៅ​ថ្ងៃ​ទី ​២៣ កុម្ភៈ ២០២២ បាន​បញ្ជាក់​ថា​ នៅ​ចុងឆ្នាំ ២០២១ ការ​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​កាន់​អ្នក​ប្រើប្រាស់​មាន​ចំនួន​ជាង ​៣,៣១ ​លាន​កន្លែង ។​ ការ​ផ្គត់ផ្គង់​អគ្គិសនី​បាន​ចែក​ចេញ​ជា ​៣ ​ប្រភេទ​ទៅ​តាម​លទ្ធភាព​នៃ​ការ​ផ្ដល់​ប្រភព​អគ្គិសនី​គឺ​ ១. ការ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​ប្រភព​អគ្គិសនី​ពី​បណ្ដាញ​ជាតិ​ចំពោះ​តំបន់​ទាំងឡាយ​ណា​ដែល​ប្រភព​អគ្គិសនី​ពី​បណ្ដាញ​ជាតិ​បាន​ពង្រីក​ទៅ​ដល់ ។ ២. ការ​ផ្គត់ផ្គង់​អគ្គិសនី ដោយ​ប្រភព​អគ្គិសនី​នាំ​ចូល​ពី​ប្រទេស​ជិតខាង ចំពោះ​តំបន់​ទាំងឡាយ​ណា​ដែល​បណ្ដាញ​ជាតិ​ពុំ​ទាន់​ពង្រីក​ទៅ​ដល់ ប៉ុន្តែ​មាន​លទ្ធភាព​នាំ​ចូល​ប្រភព​អគ្គិសនី​ពី​ប្រទេស​ជិតខាង បាន​តាម​ខ្សែ​ MV ឆ្លងកាត់​ព្រំដែន និង​ទី​៣ ការ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​ការ​ផលិត​អគ្គិសនី​ពី​ម៉ាស៊ីន​ដ្យេ​សែ​ល ឬ​ដោយ​បច្ចេកវិទ្យា​ផ្សេង​ៗ​ទៀត ចំ​បោះ​តំបន់​ទាំងឡាយ​ណា​ដែល​បណ្ដាញ​ជាតិ​ពុំ​ទាន់​ពង្រីក​ទៅ​ដល់ ហើយ​ក៏​ពុំ​មាន​លទ្ធភាព​នាំ​ចូល​ប្រភព​អគ្គិសនី​ពី​ប្រទេស​ជិតខាង ។

លោក ​យឹ​ម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៣ កុម្ភៈ​ ២០២២​ នេះ​ឱ្យ​ដឹង​ថា ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​មានការ​ងារ​សំខាន់ ​២ មាន ការ​អភិវឌ្ឍ​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​ការ​កែ​លម្អ​ការ​ផ្ដល់​សេវា​អគ្គិសនី ឱ្យ​អ្នក​ប្រើប្រាស់ ។ លោក​ថា ​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា ប្រទាក់​គ្នា​ប្រមូលផ្ដុំ​ប្រភព​អគ្គិសនី ដែល​បាន​អភិវឌ្ឍ​ទាំងអស​បញ្ចូល​គ្នា រួច​ធ្វើការ​បែងចែក ​និង​អភិវឌ្ឍ​ប្រភព​អគ្គិសនី បញ្ចូល​ក្នុង​ប្រព័ន្ធ​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​មាន​ប្រភព​អគ្គិសនី កើនឡើង​ទាន់​តាម​កំណើន​នៃ​តម្រូវការ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ