ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ចាប់​ត្រី​រួម​គ្នា​សម្រាប់​ធ្វើ​ម្ហូប​ត្រៀម​ឡើង​មាឃ ឬ​ឡើងអ្នកតា​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • សៀមរាប

នកស្រុក​អង្គរ រក្សា​បាន​នៅ​ទំនៀមទម្លាប់​ចាប់​ត្រី​រួម​គ្នា​សម្រាប់​​ធ្វើ​ម្ហូប​ត្រៀម​ឡើង​មាឃ ឬ​ឡើងអ្នកតា ក្រោយ​ពី​បញ្ចប់​ការងារ​ច្រូតកាត់ ប្រមូល​ផល​ស្រូវ​រួចរាល់​ហើយ

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ អ្នកស្រុក​អង្គរ រក្សា​បាន​នៅ​ទំនៀមទម្លាប់​ចាប់​ត្រី​រួម​គ្នា​សម្រាប់​​ធ្វើ​ម្ហូប​ត្រៀម​ឡើង​មាឃ ឬ​ឡើងអ្នកតា ក្រោយ​ពី​បញ្ចប់​ការងារ​ច្រូតកាត់ ប្រមូល​ផល​ស្រូវ​រួចរាល់​ហើយ ។

ប្រជាជន​នៅ​ក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​សម្រាប់​ឡើង​មាឃ ឬ​ឡើងអ្នកតា ជា​រៀង​រាល់​ខែមាឃ តាម​ទម្លាប់​មិន​ដែល​អាក់ខាន​បាន​ឡើយ​។ ពិធី​ចាប់​ត្រី​រួម​គ្នា​នេះ ធ្វើ​ឡើង​នៅ​ក្នុង​បឹង​បុរាណ​មួយ ដែល​អ្នក​ភូមិ​អភិរក្ស​ត្រី មិន​ឲ្យ​មានការ​នេសាទ​ផ្តេសផ្តាស​នោះ​ទេ គឺ​ទុក​សម្រាប់​តែ​រក​ត្រី​រួម​គ្នា​ក្នុង​ឱកាស​ធ្វើ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​តែ​ប៉ុណ្ណោះ ។

បើ​តាម​លោក​មេ​ភូមិ ពេជ្រ ឃិ​ន បាន​ឲ្យ​ដឹង​ថា ពិធី​ចាប់​ត្រី​ឡើង​មាឃ ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​១​កើត ខែមាឃ តែ​ត្រូវ​ពន្យារពេល​មក​ដល់​៥​រោច ខែមាឃ​នេះ​វិញ មូលហេតុ​ដោយសារ​ទឹក​ក្នុង​បឹង​ច្រើន ថែម​ទាំង​មាន​ភ្លៀង​កក់ខែ​ថែម​ទៀត ដែល​នាំ​ឲ្យ​ពិបាក​ក្នុង​ការ​ចាប់​ត្រី​បន្តិច ដោយ​ការ​នេសាទ​ប្រើ​តែ​ឧបករណ៍​បុរាណ​សុទ្ធសាធ​។

លោក​ឱ្យ​ដឹង​ទៀត​ថា ឆ្នាំ​នេះ ត្រី​ក្នុង​បឹង​សម្បូរ ហើយ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង និង​ចូលរួម​អភិរក្ស​កាន់តែ​បាន​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ហើយ​គណៈកម្មការ​បាន​កំណត់​ការ​ជួបជុំ​គ្នា និង​ចុះ​ចាប់ពី​ម៉ោង​៧​ព្រឹក ដែល​មាន​បាញ់​កាំជ្រួច​ធ្វើ​ជា​សញ្ញា​ផង​ដែរ ។ ជំនួស​ការ​ហ៊ុ​សម្រាស់ នៅ​ឆ្នាំ​នេះ គណៈកម្មការ​រៀបចំ​កម្មវិធី បាន​សម្រេច​ជីក​ស្រះ​មួយ​នៅ​ក្នុង​ផ្ទៃ​បឹង ដើម្បី​ទុក​ចាប់​ត្រី​រួម​យក​ទៅ​ធ្វើ​ជា​ម្ហូបអាហារ និង​ធ្វើ​ចង្ហាន់​ជាដើម នៅ​ក្នុង​ពី​ធី​ឡើង​មាឃ ដោយឡែក​ត្រី​ដែល​រកបាន​ពី​បឹង ប្រជាពលរដ្ឋ​អាច​យក​ទៅ​ធ្វើ​ជា​ម្ហូប​លក្ខណៈ​គ្រួ​សារបាន ។

លោក​មេ​ភូមិ​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ ការ​ត្រី​ចាប់​រួម គឺ​បាន​មិន​ក្រោម​មួយ​រយ​គីឡូ​នោះ​ឡើយ និង​អនុញ្ញាត​ឲ្យ​តែ​អ្នក​ភូមិ​បង្កោង​តែ​ប៉ុណ្ណោះ ។ ប៉ុន្ដែ​ក្រោយ​ពី​អ្នក​ភូមិ​បង្កោង បាន​ធ្វើ​ពិធី​ចាប់​ត្រី​រួម​គ្នា​រួច​ហើយ ទើប​អ្នក​ភូមិ​ផ្សេង​ៗ​អាច​មាន​សិទ្ធិ​មក​រក​ត្រី​នៅ​បឹង​នេះ​នៅ​ថ្ងៃ​បន្ទាប់​បាន​។

លោក ភក្តិ ភណ្ឌ អ្នកចូលរួម​ចាប់​ត្រី​ម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ភូមិ​បង្កោង បាន​សម្តែង​ការ​សប្បាយចិត្ត ដោយ​ភូមិ​របស់​ខ្លួន​រក្សា​នូវ​ទំនៀមទម្លាប់​ដែល​មាន​តាំងពី​យូរ​មក​ហើយ​។ លោក ភក្តិ ភណ្ឌ បញ្ជាក់​ថា ក្រោម​ដំបូល​សុខ​សន្តិភាព បាន​ធ្វើ​ឲ្យ​ពួក​គាត់​បាន​មក​ចូលរួម​ចាប់​ត្រី​នៅ​បឹង​នេះ​មិន​ដែល​ខកខាន ក្រៅពី​រក​ត្រី​ក៏​បាន​ជួបជុំ​បងប្អូន​ក្នុងភូមិ​សប្បាយ​រីករាយ ហើយ​ត្រី​ដែល​រកបាន​មួយ​ផ្នែក​នឹង​ធ្វើ​ទឹក​នំ​បញ្ចុក​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ក្នុង​ថ្ងៃ​ឡើង​មាឃ និង​មួយ​ផ្នែក​ទៀត​សម្រាប់​ក្រុម​គ្រួសារ ព្រមទាំង​បាន​អរគុណ​សន្តិភាព អរគុណ​ស្ថាបនិក​សន្តិភាព ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក គួ​យ សង្វារ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកណ្តាល ដែល​បាន​មក​មើល​ព្រឹត្តិការណ៍​ចាប់​ត្រី​រួម​គ្នា​ត្រៀម​ឡើង​មាឃ របស់​អ្នក​ភូមិ​បង្កោង​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ សម្រាប់​រូប​លោក​ដែល​បានឃើញ​ទំនៀមទម្លាប់​ចាប់​ត្រី​រួម​គ្នា ដែល​ជា​ទំនៀមទម្លាប់​របស់​អ្នកស្រុក​អង្គរ​។​ទិដ្ឋភាព​សប្បាយ​រីករាយ ប្រជាជន​ក្នុងភូមិ​បាន​ជួបជុំ​គ្នា ដោយ​មេ​ភូមិ​ដឹកនាំ​ធ្វើ​បន្ត​មិន​ដែល​ដាច់ និង​រីក​ចម្រើន​បន្ថែម​ទៀត​។ ហើយ​លោក​ក៏​ចង់​ឲ្យ​មាន​ពិធី​នេះ នៅ​តែ​រក្សា​បាន​គង់វង្ស ព្រមទាំង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ទំនៀមទម្លាប់​វប្បធម៌​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ