ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កាត់ដេរ​នៅ​ទ្រទ្រង់​ជីវភាព​កម្មករ​យូរ​ឆ្នាំ​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ឧស្សាហកម្ម​កាត់ដេរ​ និង​ស្ថិតស្ថេរ​យូរ​ឆ្នាំ​នៅ​កម្ពុជា​ទៅ​មុខ​ទៀត​ក្នុង​ការ​ចិញ្ចឹម​ពលរ​ដ្ឋ និ​ង​សេដ្ឋកិច្ចជាតិ ​។ មន្ត្រី​អះអាង​ថា ផែនការ​អភិវឌ្ឍ​វិស័យ​កាត់ដេរ​ទៅ​ជា​ផ្នែក​ជំនាញ​លើស​ពី​សព្វ​ថ្ងៃនេះ​បាន​តាក់តែង​រួច​ហើយ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នេះ​ឱ្យកាន់តែ​មាន​ជំនាញ​លើស​អ្វី​ដែល​មាន​សព្វថ្ងៃ​ដើម្បី​បង្កើន​ចំណូល​បន្ថែម​ ។…

រាជធានី​ភ្នំពេញ​ ៖​ ឧស្សាហកម្ម​កាត់ដេរ​ និង​ស្ថិតស្ថេរ​យូរ​ឆ្នាំ​នៅ​កម្ពុជា​ទៅ​មុខ​ទៀត​ក្នុង​ការ​ចិញ្ចឹម​ពលរ​ដ្ឋ និ​ង​សេដ្ឋកិច្ចជាតិ ​។ មន្ត្រី​អះអាង​ថា ផែនការ​អភិវឌ្ឍ​វិស័យ​កាត់ដេរ​ទៅ​ជា​ផ្នែក​ជំនាញ​លើស​ពី​សព្វ​ថ្ងៃនេះ​បាន​តាក់តែង​រួច​ហើយ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នេះ​ឱ្យកាន់តែ​មាន​ជំនាញ​លើស​អ្វី​ដែល​មាន​សព្វថ្ងៃ​ដើម្បី​បង្កើន​ចំណូល​បន្ថែម​ ។

លោក ផា​ន់ ផល្លារ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​វេទិការ​សាធារណៈ ស្តី​ពី​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា ឆ្នាំ​ ២០២២ បាន​លើក​ឡើង​ថា វិស័យ​កាត់ដេរ​ គឺជា​វិស័យ​មួយ​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច ក្នុង​នោះ​នៅ​ក្នុង​រយៈពេល​កន្លង​មក​មកនេះ ក្រសួង​បាន​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កាត់ដេរ បច្ចុប្បន្ន​ការ​រៀបចំ​យុទ្ធសាស្ត្រ​នេះ​បាន​បញ្ចប់​រួចរាល់ ​។ ​«​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​នោះ គឺ​រាជរដ្ឋាភិបាល​ចង់​ឃើញ​វិស័យ​នេះមាន​តម្លៃបន្ថែម​ខ្ពស់ និង​ការ​ផលិត​នូវ​ទំនិញ​ដែល​ល្អ​ជាង​មុន និង​ការ​ផ្តល់​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់​»​ ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​សេរី​កម្មករ​កម្ពុជា ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​ ២១ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ ​នេះ​ថា តាម​ពិត​ទៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​ គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​ខាង​សហជីព​ក៏​ដូច​ជា​ខាង​អង្គការ​ ILO និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​រួម​និង​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល ​បាន​ជជែក​គ្នា​ជាង ​៣ ​ឆ្នាំ​មក​ហើយ ​។ «​ខ្ញុំ​គិត​ថា បើ​សិន​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ចេញ មាន​ន័យ​ថា ​វា​ល្អ​ហើយ ព្រោះ​នៅ​ក្នុង​យុទ្ធសាស្ត្រ​នោះ​មានការ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​តាំងពី​ការ​បង្កើន​ជំនាញ​, ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី ​ទឹក​ភ្លើង​, តាំងពី​ទាក់ទាញ​អ្នក​វិនិយោគ​,​ តាំងពី​ការ​ច្នៃ​ម៉ូ​ដ ​និង​ចេញ​ម៉ូ​ដ​»​ ។

លោក​បន្ត​ថា វិស័យ​កាត់ដេរ នៅ​កម្ពុជា​មាន​លក្ខណៈ​ខ្សោយ​នៅឡើយ​ ។ គេ​អាច​និយាយ​ថា ​ផលិតកម្ម​បាន​តែ​ប្រភេទ​ទំនិញ​ ឬ​ម៉ូ​ដ​ម៉ាក​ផលិតផល​មាន​លក្ខណៈ​សាមញ្ញ​ៗ ដែល​មាន​តម្លៃបន្ថែម​ទាប​ដែល​ងាយស្រួល​ក្នុង​ការ​ដេរ​សម្រាប់​តែ​ប្រកួតប្រជែង​ជាមួយ​បង់​ក្លា​ដេ​ស វៀតណាម ​និង​ភូមា​ ។ ប៉ុន្តែ​សម្រាប់​ម៉ូ​ដ​ថ្លៃ​ៗ​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​អត់​ទេ​ដែល​ភាគច្រើន​គេ​ផលិត​នៅ​ប្រទេស​ចិន កូរ៉េ​ និង​ហុងកុង​ដែល​ជា​ប្រទេស​ជឿនលឿន ​។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​សេរី​កម្មករ​កម្ពុជា​ ថា​អស់​រយៈពេល ​២០ ​ឆ្នាំ​ហើយ​សម្រាប់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​សមរម្យ​ដែល​អាច​អភិវឌ្ឍ​ជំនាញ​ម៉ូ​ដ​ និង​ចេញ​ម៉ូ​ដ​ថ្មី​ៗ​បាន ព្រោះ​បច្ចេកវិទ្យា​ ៤.០ ​ក៏​ចេញ ហើយ​កម្មករ​បាន​ធ្វើការ​នៅ​ក្នុង​វិស័យ​យូរ​ឆ្នាំ​ហើយ​ម៉ា​ស៊ី​ស្វ័យប្រវត្តិ​ក៍​មាន​ច្រើន គួរតែ​អាច​ចាប់ផ្តើម​បាន ​។​ លោក អាត់ ធន់ បាន​បញ្ជាក់​ថា កន្លង​មក​កម្ពុជា​ធ្លាប់​ផលិត​អាវ ខោ ​និង​ស្បែកជើង ដែល​មាន​តម្លៃ​ថ្លែ ពី ​៧០០​ ទៅ​ដល់ ​១០០០ ​ដុល្លារ​អា​មេ​រិ​ក​ដែរ​ ។

តាម​របាយការណ៍ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ មាន​ចំនួន​ជាង ១១ ៣៨៩ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ១ ៥០៥ លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ១៥.២%​ ។ លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹង​ថា ​នៅ​ពេល​នេះ​លទ្ធភាព​នូវ​ការ​រីក​ចម្រើន​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​ច្រើន ហើយ​វិស័យ​នេះ​នឹង​នៅ​ទ្រទ្រង់​សេដ្ឋកិច្ច​យូរ​ឆ្នាំទៅ​មុខ​ទៀត​ ។

លោក​ថា ​ការ​រីក​ចម្រើន​ឧស្សាហកម្ម​ធន់​មធ្យម​នៅ​ប្រទេស​វៀតណាម បាន​ធ្វើ​ឱ្យប្រទេស​នេះ​ខ្វះ​កម្លាំង​ពលកម្ម​នៅ​តាម​រោងចក្រ ហើយ​បញ្ហា​នៅ​ប្រទេស​ភូមា​បាន​ធ្វើឱ្យ​ការ​បញ្ជា​ទិញ​បែរមកកម្ពុជា និង​ការ​បង្វែរ​រោងចក្រ​សហគ្រាស​មក​កម្ពុជា ផង​ដែរ​ ។ លោក​ថា​ ទៅ​ថ្ងៃ​អនាគត​កម្ពុជា​ចង់​ឃើញ​វិនិយោគទុន​ក្នុងស្រុក​រកស៊ី​ក្នុង​ឧស្សាហកម្ម​នេះ​ឱ្យបានច្រើន​ជាង​​អ្នក​វិនិយោគ​ពី​បរទេស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ