ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សម្រុក​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ «​ទុក​នៅផ្ទះ​» ទោះ​មិន​ទាន់​កើត​កូ​វី​ដ​ក៏​ដោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​តម្រង់​​ជួរ​គ្នា​នៅ​ក្នុង​​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តាម​បណ្តោយ​មហា​វី​ថី​ព្រះ​មុនី​វង្ស​

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​តម្រង់​​ជួរ​គ្នា​នៅ​ក្នុង​​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តាម​បណ្តោយ​មហា​វី​ថី​ព្រះ​មុនី​វង្ស​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ យក​ទៅ​ទុក​នៅផ្ទះ បើ​ទោះបីជា​បងប្អូន​ខ្លះ មិន​ទាន់​មាន​សមាជិកគ្រួសារ​កើត​កូ​វី​ដ​-១៩ ក៏​ដោយ ។

យុវជន សំ​ផ​ន រស់នៅ​ខេត្តកំពង់ស្ពឺ ដែល​ទិញ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ បាន​២​ប្រអប់ ​ហើយ​ដើរ​ចេញ​មក​ខាងក្រៅ​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​បាន​ទិញ​ឱសថ​ម៉ូ​ល​ណា​ទ្រី​ស (​ម៉ូ​ល​នូ​ពី​រ៉ា​វា កាប់​ស៊ុ​ល ២០០ មី​លី​ក្រាម​) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ បាន​ចំនួន​២​ប្រអប់ តាម​ការ​កំណត់​របស់​គ្រូពេទ្យ ព្រោះ​ក្នុង​មនុស្ស​ម្នាក់​ទិញ​បាន​តែ​២​ប្រអប់​តែ​ប៉ុណ្ណោះ ។ ចំពោះ​ការ​ប្រើប្រាស់​វិញ ពេទ្យ​ប្រាប់​ថា ត្រូវ​លេបថ្នាំ​នេះ សម្រាប់​រយៈពេល​១២​ម៉ោង​ម្តង ពេល​អស់​ថ្នាំ​យើង​អាច​មក​ទិញ​បាន​ម្តងទៀត ។

យុវជន សំ​ផ​ន បាន​បន្ត​ថា ក្រុម​គ្រួសារ​របស់​គាត់​មុន​ដំបូង​មិនសូវ​មានការ​ចាប់អារម្មណ៍​ទៅ​លើ​ការ​ផ្សព្វផ្សាយ​របស់​ក្រសួងសុខាភិបាល​ស្តី​ពី​ឱសថ​ម៉ូ​ល​ណា​ទ្រី​ស (​ម៉ូ​ល​នូ​ពី​រ៉ា​វា កាប់​ស៊ុ​ល ២០០ មី​លី​ក្រាម​) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ នោះ​ទេ ។ លុះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» ក្នុង​មួយ​ថ្ងៃ​រាប់រយ​នាក់ ​ទើប​ឪពុក​ម្តាយ​របស់​គាត់​ឲ្យ​គាត់​មក​ទិញ​ថ្នាំ​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

យុវជន​ដែល​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ស្ពឺ​ រូប​នេះ​បាន​បញ្ជាក់​ថា ការ​ដែល​មក​ទិញ​ឱសថ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ នេះ​មិន​មែន​ស្រួល​នោះ​ទេ​ ទម្រាំ​បាន​ថ្នាំ​២​ប្រអប់នេះ​ រូប​គាត់​ត្រូវ​ឈរ​ទម្រង់​ជួរ​គ្នា​តាំង​​ពី​ម៉ោង​១២​ថ្ងៃត្រង់​ដែល​មាន​មនុស្ស​រាប់រយ​​នាក់​ឈ​រតម្រង់​ជួ​រ​ផង​ដែរ ។

ចំណែក​ស្ត្រី​ម្នាក់​ដែល​បាន​​និយាយ​ក្នុង​ន័យ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​​គាត់ ​គ្រាន់តែ​ប្រាប់​ថា​ រស់នៅ​ក្នុង​ខណ្ឌដូនពេញ​ ដែល​កំពុង​ឈរ​​តម្រង់​ជួរ​ចាំ​ទិញ​ថ្នាំ​ព្យាបាល​កូ​វី​ដ​-១៩ បាន​ឆ្លៀត​និយាយ​ឲ្យ​ដឹង​ថា គាត់​ដឹង​ថា ​មាន​លក់​ឱសថ​ព្យា​បាល​ជំងឺ​កូ​វី​ដ​១៩ ​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០២១​មក​ម្ល៉េះ​ តែ​ក្រុម​គ្រួសារ​របស់​គាត់​មិន​ចាប់អារម្មណ៍ លុះ​ផ្ទុះ​ជំងឺ​កូ​វី​ដ ប្រភេទ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​​អ្នក​ឆ្លង​រាប់រយ​នាក់​​ក្នុង​មួយ​ថ្ងៃ​ៗ រហូត​ដល់​ពេល​នេះ​មាន​អ្នក​ស្លា.ប់​ទៀត ​ទើប​គាត់​សម្រុក​មក​ទិញ​ឱសថ​ម៉ូ​ល​ណា​ទ្រី​ស (​ម៉ូ​ល​នូ​ពី​រ៉ា​វា កាប់​ស៊ុ​ល ២០០ មី​លី​ក្រាម​) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ «​ដើម្បី​ទុក​​ប្រចាំ​នៅ​ក្នុងផ្ទះ ក្រែង​មានគ្រួសារ​គាត់​ណា​ម្នាក់​ឆ្លង​អូ​មី​ក្រុង​» ។

អ្នកស្រី​បន្ត​ថា តែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​គ្រូពេទ្យ​លក់​ថ្នាំ​ព្យាបាល​កូ​វី​ដ​-១៩ ក្នុង​ម្នាក់​បាន​តែ​២​ប្រអប់​ប៉ុណ្ណោះ តែ​វា​គ្រាន់​​​បើ​ជាង​ទៅ​ទិញ​នៅ​ឳ​ស​ថ​ស្ថាន​១ ​ដែល​លក់​តម្លៃ​៦៥​ដុល្លារ ក្នុង​មួយ​ប្រអប់ ហើយ​ទិញ​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍​តម្លៃ​​តែ​៥៥​ដុល្លារ​​ក្នុង​មួយ​ប្រអប់​​ទេ។

ជាការ​សម្គាល់ គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​-១៩​ ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង បែងចែក និង​ផ្គត់ផ្គង់ ឱសថ​យុទ្ធសាស្ត្រ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​ចេញ​សេចក្តីជូនដំណឹង ការ​ចែកចាយ​ឱសថ​ប៉ូ​ល​ណា​ទី​ស (​ម៉ូ​ល​នូ​ពី​រ៉ា​វា កាប់​ស៊ុ​ល ២០០ មី​លី​ក្រាម​) MOLNATRIS (Molnupiravir Capsules 200mg)​។

ហើយ​ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង បែងចែក និង​ផ្គត់ផ្គង់​ឱសថ​យុទ្ធសាស្ត្រ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​ប្រកាស​កន្លង​មក​ថា «​ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ កូ​វី​ដ​-១៩ បាន​ទាន់​ពេលវេលា និង​បង្កើត​​បាន​ភាព​សុំ​សហគមន៍​រឹង​មាំ​ពិតប្រាកដ​មួយ​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល កូ​វី​ដ​-១៩ ក្រុមការងារ​បាន​នាំ​ចូល​ឱសថ​ម៉ូ​ល​ណា​ទ្រី​ស​» (​ម៉ូ​ល​នូ​ពី​រ៉ា​វា កាប់​ស៊ុ​ល ២០០​មី​លី​ក្រាម​) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ចាប់ពី​កម្រិត​ស្រាល​ទៅ​មធ្យម ចំពោះ​មនុស្ស ពេញវ័យ ។

សូម​បញ្ជាក់​ថា ឱសថ​នេះ នឹង​ត្រូវ​ចែកចាយ​ក្នុង​តម្លៃ ៥៥ ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ដូ​ស (១​ដូ​ស ស្មើនឹង ១​កំប៉ុង មាន ៤០​​គ្រាប់​) ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែធ្នូ ឆ្នាំ​២០២១ មក​ម៉្លេះ និង​មាន​លក់​ជូន​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង និង​សាធារណជន តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម ​៖ បុគ្គល​ម្នាក់ មាន​សិទ្ធិ​បញ្ហា​ទិញ​ពី​៥ ដល់​១០​ដូ​ស​​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន និង​ឱសថស្ថាន​រង មាន​សិទ្ធិ​បញ្ហា​ទិញ​ពី​១០ ដល់​២០០​ដូ​ស ​(​ត្រូវ​មាន​លិខិតអនុញ្ញាត​បើក​អាជីវកម្ម​) ។ ក្រសួង​បាន​បញ្ជាក់​ថា គ្រប់​ឱសថស្ថាន​អាច​លក់​បន្ត​មិន​ឱ្យ​លើស​ពី តម្លៃ ៦៥ ដុល្លារ អា​មេ​រិ​ក ក្នុង​១​ដូ​សទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ