ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​សិត​សំរឹទ្ធិ​សម័យ​អង្គរធំ​ជាងគេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កំណាយ​ស្រាវជ្រាវ នៅ​ក្នុង​ព្រះ​បរមរាជវាំង​អង្គរធំ​សម័យ​អង្គរ​បង្ហាញ​ថា ទំនៀម​នៃ​ការ​ផលិត​លោហកម្ម​របស់​បុព្វបុរស​ខ្មែរ​នៅ​តែ​បន្ត​អាយុជីវិត​នៅឡើយ​មក​ដល់​សព្វ​ថ្ងៃនេះ ។ ការ​អះអាង​បែប​នេះ​ធ្វើ​ឡើង​រួម​គ្នា​ដោយ​លោក​បណ្ឌិត

ខេត្តសៀមរាប ៖ កំណាយ​ស្រាវជ្រាវ នៅ​ក្នុង​ព្រះ​បរមរាជវាំង​អង្គរធំ​សម័យ​អង្គរ​បង្ហាញ​ថា ទំនៀម​នៃ​ការ​ផលិត​លោហកម្ម​របស់​បុព្វបុរស​ខ្មែរ​នៅ​តែ​បន្ត​អាយុជីវិត​នៅឡើយ​មក​ដល់​សព្វ​ថ្ងៃនេះ ។ ការ​អះអាង​បែប​នេះ​ធ្វើ​ឡើង​រួម​គ្នា​ដោយ​លោក​បណ្ឌិត Brice VINCENT តំណាង​សាលា​បារាំង​ចុង​បូព៌ា និង​លោក​អឹុម សុខ​រិ​ទ្ធី អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ ។

គម្រោង​ស្រាវជ្រាវ «​ព្រះ​រាជរោង​សិត​សំរឹទ្ធិ​ក្នុង​ព្រះ​បរមរាជវាំង​អង្គរធំ​» ដែល​កំពុង​អនុវត្ត​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) បាន​បង្ហាញ​ថា ជន​ជាតិ​​ខ្មែរ​មាន​រោង​ស្ល​លោហកម្ម ធំ​ៗ និង​ប្រណីត​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ។ 

តាម​បទ​បង្ហាញ​របស់​លោក Brice VINCENT តំណាង​សាលា​បារាំង​ចុង​បូព៌ា ដែល​ប្រែ​សម្រួល​ដោយ​លោក​អឹុ​ម សុខ​រិ​ទ្ធី បញ្ជាក់​ថា កំណាយ​ស្រាវជ្រាវ​លើក​នេះ​បាន​រក​ឃើញ​ចង្ក្រាន​ស្ល​លោហៈ​ចំនួន​ពីរ ពុម្ព​សម្រាប់​ចាក់​ជា​រូប ផ្សេង​ៗ រួម​នឹង​កម្ទេចកម្ទី​លោហៈ តូច​ៗ​ដូច​ជា ទង់ដែង ដែក និង​សំណ​ជាដើម​។ សំណាក​នៃ​លោហៈ​ទាំងនេះ​បញ្ជាក់​ថា ខ្មែរ​ចេះ​វិធី​ផលិត​លោហធាតុ មាន​សំរឹទ្ធិ​ជាដើម ទៅ​ជា​គ្រឿងអលង្ការ សម្ភារ​ប្រើប្រាស់ ផ្សេង​ៗ​បាន​យ៉ាង​ល្អ ខណៈ​ពេល​ដែល​ប្រទេស​ដទៃ​ទៀត នៅ​អាស៊ី​អាគ្នេយ៍​មិន​ទាន់​មាន ។

អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​រូប​អះអាង​ថា តាំងពី​បើក​កំណាយ​នៅ​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ក្រុមការងារ​បាន​រក​ឃើញ​កន្លែង​ស្ល​លោហៈ និង​កន្លែង​សិត​លោហៈ​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​កន្លែង​ច្នៃ​លោហៈ​នៅឡើយ ហើយ​លោក​ជឿជាក់​ថា នឹង​ប្រទះ​ឃើញ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​មិន​ខាន ។

បើ​និយាយ​ពី​ទំនៀម​នៃ​ការ​ធ្វើ​រោងទង​ផលិត​លោហៈ​សម្រាប់​ព្រះ​បរមរាជវាំង​នេះ​វិញ លោក អឹុ​ម សុខ​រិ​ទ្ធី បញ្ជាក់​ថា រោងទង​ស្ល​លោហៈ​ដែល​ក្រុមការងារ កំពុង​ធ្វើ​កំណាយ​នេះ គឺ​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ព្រះ​បរមរាជវាំង​សម័យ​អង្គរ ហើយ​ទំនៀម​នេះ​ឃើញ​នៅ​បន្ត​រហូត​ដល់​សម័យ​លង្វែក សម័យ​ឧដុង្គ និង​រហូត​ដល់​ព្រះ​បរមរាជវាំង​នៅ​ភ្នំពេញ​សព្វថ្ងៃ គឺ​សាលា​រចនា​នោះ​ឯង ។ ដោយឡែក​នៅ​ឧដុង្គ និង​បន្ទាយលង្វែក ក៏​នៅ​មាន​សហគមន៍​ផលិត​លោហៈ នៅ​ខាងក្នុង​បរិវេណ​នៃ​ព្រះ​បរមរាជវាំង​ចាស់ នៅ​តែ​បន្ត​មាន​ដល់​សព្វ​ថ្ងៃ​ដែរ មិនតែប៉ុណ្ណោះ​ព្រះរាជវាំង​ថៃ ដែល​ទទួល​មរតក​ពី​អង្គរ ក៏​មាន​លំនាំ​ដូច​គ្នា​នេះ​ដែរ ហើយ​នេះ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា អារ្យធម៌​អង្គរ នៅ​តែ​បន្ត​មានជីវិត​រហូត​ដល់​សព្វថ្ងៃ​នៅឡើយ ។

ឆ្លើយ​តប​នឹង​សំណួរ​ដែល​ចង់​ដឹង​ថា មាន​ហេតុផល​អ្វី​ទេ ដែល​រោងទង​ស្ល​លោហៈ​សម្រាប់​ព្រះរាជវាំង តែងតែ​នៅ​ភាគ​ខាងជើង​នោះ លោក​អឹុ​ម សុខ​រិ​ទ្ធី ពន្យល់​ថា ក្រុមការងារ​មិន​ទាន់​រក​ឃើញ​មូលហេតុ​នៅឡើយ​ទេ ហើយ​លោក​បាន​លើក​ឧទាហរណ៍​អំពី​រោង​ស្លដែក​វិញ ដែល​ថា ធម្មតា​រោង​ស្លដែក​សម័យ​បុរាណ គឺ​គេ​ធ្វើ​នៅ​ភាគ​ឦសាន​នៃ​ភូមិករ​មនុស្ស​​រស់នៅ ហើយ​នៅ​ដាច់​អំពី​ភូមិ​ស្រុក នេះ​ជា​ទំនៀម​របស់​ព្រាហ្មណ៍​ក្នុង​ព្រហ្មញ្ញសាសនា ចំណែក​រឿង​រោងទង​ស្ល​លោហៈ​វិញ អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​កំណត់​ពី​ហេតុផល​បាន​នៅឡើយ ។

គម្រោង​ស្រាវជ្រាវ «​ព្រះ​រាជរោង​សិត​សំរឹទ្ធិ ក្នុង​ព្រះ​បរមរាជវាំង​អង្គរធំ​» គឺជា​គម្រោង​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) ដែល​ត្រូវធ្វើ​កំណាយ​​ស្រាវជ្រាវ​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ ហើយ​គម្រោង​នេះ​មាន​ក្រុម​អនុវត្ត​ការងារ​៣​ក្រុម ធំ​ៗ​គឺ​ក្រុម​អ្នក​ធ្វើ​កំណាយ ក្រុម​អ្នក​សិក្សា​វិភាគ នៅ​សាលា​​បារាំង​ចុង​បូព៌​៌ា​និង​ក្រុម​អ្នក​មួយទៀត គឺ​ធ្វើ​វិភាគ​វិទ្យាសាស្ត្រ​កំណត់​អាយុកាល​នៃ​បំណែក​ដែល​ស្រាវជ្រាវ​បាន​នៅ​សហរដ្ឋអាមេរិក ។ គម្រោង​នេះ​ក៏​នឹង​មាន​វគ្គ​បណ្តុះ​បណ្តាល ដល់​និស្សិត​បុរាណវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​វិ​ល្បៈ និង​បុគ្គលិក​នៃ​អាជ្ញាធរ​អប្សរា តាម​រយៈ​ការ​ចុះ​មក​សិក្សា​វិភាគ នៅ​សាល​ពិសោធន៍​សាលា​បារាំង​ចុង​បូព៌ា និង​នៅ​ទីតាំង​កំណាយ​ផ្ទាល់ នៅ​ក្នុង​បរិវេណ​ព្រះ​បរមរាជវាំង​បុរាណ ក្រោយ​ព្រះ​លាន​ស្តេច​គម្លង់ ៕