បន្ទាយមានជ័យ រៀបចំកន្លែងបូជាសព និងកន្លែងបញ្ចុះសពអ្នកស្លា.ប់ដោយកូវីដ ព្រមទាំងតម្កល់រូបចម្លាក់បដិមាករ កម្ពស់ជិត ១០ម៉ែត្រ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ រូបចម្លាក់បដិមាករ ធ្វើអំពីថ្មភក់ កម្ពស់ជិត ១០ម៉ែត្រ ប្រសិទ្ធនាមថា «ពុទ្ធរូប មានជ័យ បារមីតេជៈ ឈ្នះកូវីដ-១៩» ត្រូវបានដង្ហែ មកតម្កល់នៅឈាបនដ្ឋានបូជាសពអ្នកកូស្លាប់ដោយវីដ-១៩។ ពិធីនេះ បានធ្វើឡើង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលជាទីតាំងសម្រាប់បូជាសព និងកន្លែងបញ្ចុះសពអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩។
ក្នុងពិធីនេះ ព្រះសង្ឃច្រើនអង្គ បានសូត្រធម៌ ស្វាធ្យាយជ័យន្តោ និងយកអដ្ឋិធាតុសេសសល់ មកដាក់នៅចេតិយ និងអញ្ជើញសាច់ញាតិរបស់អ្នកស្លា.ប់ដោយសារកូវីដ-១៩ ចូលរួមធ្វើពិធីបង្សុកូល ឧទ្ទិសកុសលដល់ព្រលឹងអ្នករងគ្រោះទាំងនោះ។
ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន បានអញ្ជើញចូលរួមក្នុងពិធីនេះ។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ព្រះពុទ្ធរូបមានជ័យបារមីតេជៈឈ្នះកូវីដ-១៩ ដែលតម្កល់នៅឈាបនដ្ឋានបូជាសពអ្នកស្លាប់ដោយកូវីដ-១៩ នៅភ្នំបាក់ ក្រុងសិរីសោភ័ណ ត្រូវបានកសាងដោយថ្មភក់ភ្នំត្បែងខេត្តព្រះវិហារ ដោយស្នាដៃសិប្បកម្មចម្លាក់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ មានកម្ពស់ ៩,៧ម៉ែត្រ មានទម្រង់ព្រះអង្គ និងភ្នែនកម្ពស់ ៤,៨០ម៉ែត្រ និងសំណង់ខឿនទម្រពីបាតក្រោមដល់លើជាន់ទី១ និងជាន់ទី២ ជាន់ទី៣ បល្ល័ង្គព្រះ និងតួព្រះអង្គកម្ពស់សរុប ៩,៧ម៉ែត្រ។
ឯកឧត្តមបានបញ្ជាក់ថា ចំណែកបរិវេណជុំវិញពីចំណុចអ័ក្ស ២៥ម៉ែត្រជុំវិញ សរុប ៥០ម៉ែត្របួនជ្រុង ទំហំស្មើ ២,៥០០ម៉ែត្រការ៉េ។ កម្ពស់ជាន់ទី១ មានជណ្តើរ ៩កាំ ជាន់ទី១ដល់ជាន់ទី៣ និងបរិវេណជុំវិញក្រាលការ៉ូថ្មព្រះវិហារ។ អគារសាលាឆទានកសាង ២ជាន់ ទំហំ ១២ម៉ែត្រ គុណនឹង ៨,៥ម៉ែត្រ ជាន់ក្រោម មានបន្ទប់ទឹក និងបន្ទប់ចម្អិនអាហារ ជាន់លើបន្ទប់ជញ្ជាំងកញ្ចក់ និងបំពាក់ដោយម៉ាស៊ីនត្រជាក់ ដំបូលសង់បុស្បុក។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ទីបញ្ចុះសពអ្នកស្លា.ប់ដោយកូវីដ-១៩ សម្រាប់បញ្ចុះស.ពមាន ៣សាសនា ដែលរួមមាន សម្រាប់បញ្ចុះសពខ្មែរអ៊ិស្លាម ទំហំ ៥០ម៉ែត្រ គុណនឹង ៨០ម៉ែត្រ បញ្ចុះសពខ្មែរចិន ទំហំ ៩៨ម៉ែត្រ គុណនឹង ៨០ម៉ែត្រ បញ្ចុះសពខ្មែរគ្រឹស្ទាន ទំហំ ៤០ម៉ែត្រ គុណនឹង ៨០ម៉ែត្រ បញ្ចុះសពខ្មែរវៀតណាម ៣០ម៉ែត្រ គុណនឹង ៨០ម៉ែត្រ ។
សូមរម្លឹកថា ខេត្តបន្ទាយមានជ័យ មានអ្នកស្លា.ប់ដោយកូវីដ-១៩ គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មានចំនួន ៣៦៦នាក់ ក្នុងនោះ មានជនជាតិបរទេសចំនួន ៨នាក់ (ស្រ្តី ២នាក់)៕













ចែករំលែកព័តមាននេះ