ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នៃរបង​ផ្ទះ​ធ្វើ​អាង​ចិញ្ចឹម​ត្រី​គ្រាន់​បាន​លុយ​ជួ​យ​ជីវភាព

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ​៖ ​របៀប​ចិញ្ចឹម​ត្រី​មាន​ច្រើន​បែប ច្រើន​សណ្ឋាន​តាម​បច្ចេកទេស​កសិកម្ម ដែល​នៅ​ក្នុង​សម័យនេះ​គេ​អាច​ចិញ្ចឹម​ត្រីបាន​ច្រើន​យ៉ាង ខ្លះ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ធំ​ៗ ក្នុង​តង់​កៅស៊ូ​ និង​ចិញ្ចឹម​តាម​បែប​ក្នុង​ទន្លេ​ជាដើម​ ។ អ្នកស្រី…

ខេត្តតាកែវ ​៖ ​របៀប​ចិញ្ចឹម​ត្រី​មាន​ច្រើន​បែប ច្រើន​សណ្ឋាន​តាម​បច្ចេកទេស​កសិកម្ម ដែល​នៅ​ក្នុង​សម័យនេះ​គេ​អាច​ចិញ្ចឹម​ត្រីបាន​ច្រើន​យ៉ាង ខ្លះ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ធំ​ៗ ក្នុង​តង់​កៅស៊ូ​ និង​ចិញ្ចឹម​តាម​បែប​ក្នុង​ទន្លេ​ជាដើម​ ។ អ្នកស្រី កែវ យ៉ុ​ន កសិករ​នៅ​ក្នុង​ខេត្តតាកែវ​ គាត់​បាន​កំពុង​កាក់​កក​នៅ​ក្នុង​ការ​ចិញ្ចឹម​ត្រី​ក្នុង​អាង​ទឹកតូច​ៗ នៅ​ក្បែរ​ផ្ទះ ដោយ​ច្នៃ​របង​ផ្ទះ​របស់​គាត់​ជា​ជញ្ជាំង​អាង​ចិញ្ចឹម​ត្រី​តែ​ម្តង ​។

ដោយ​មិន​មាន​ដី​ធំ​ទូលាយ​ ឬ​ដើមទុន​ច្រើន ពលរដ្ឋ​ខាងលើ​ និង​ស្វាមី​បាន​សង់​អាង​ដែល​មាន​ទទឹង​ជាង​ ១ ​ម៉ែត្រ​និង​បណ្តោយ​ជាង ​៣​ ម៉ែត្រ​ចំនួន​ ៧ ជាប់​នៅ​របង​ផ្ទះ​របស់​ខ្លួន​ ដើម្បី​ចិញ្ចឹម​ត្រី​ផ្គត់ផ្គង់​គ្រួសារ​ ។ អ្នកស្រី កែវ យ៉ុ​ន ដែល​មាន​អាយុ​ ៤៥​ ឆ្នាំ មាន​ស្វាមី​ឈ្មោះ​ សាន់ ជា អាយុ ​៤៦ ​ឆ្នាំ​ធ្វើ​ការងារ​សំណង់ ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ​ ។

ស្ត្រី​មេផ្ទះ​រូប​នេះ​បានឱ្យដឹង​ថា គាត់​ផ្តើម​ចិញ្ចឹម​ត្រី​នេះនៅ​ចុងឆ្នាំ ​២០២១ ​កន្លង​ទៅ នៅ​ពេល​ការ​រក​ចំណូល​ពី​កម្មករ​សំណង់​បាន​ធ្លាក់​ចុះ​ដោយសារ​កូ​វី​ដ ​១៩ ​។ ​ពី​ដំបូង​ខ្ញុំ​សាក​ចិញ្ចឹម​តែ​មួយ​អាង​ទេ ដោយ​ចំណាយប្រាក់​ចំនួន ​៨ ​ម៉ឺន​រៀល​ទិញ​ពួ​ជ​ត្រី ប៉ុន្តែដល់​ពេល​ត្រី​ធំ​អាច​លក់​បាន​នោះ ក៏​ចាប់​ត្រី​លក់​បាន​​លុយ​ចំនួន ​១៤ ​ម៉ឺន​រៀល ​។ ក្នុង​មួយ​គីឡូក្រាម​អាច​លក់​បាន​ថ្លៃ ​៨០០០ ​រៀល​ ។ ខ្ញុំ​ និង​ស្វាមី​​សប្បាយ​ចិត្តជា​ខ្លាំង​ដោយសារ​ការ​ចិញ្ចឹម​នេះ​ស្រួល យើង​អាច​ទៅ​ធ្វើ​កម្មករ​សំណង់​បានជា​ធម្មតា ហើយ​បាន​ចំណូល​បន្ថែម​មួយ​មុខ​ទៀត ​។ ដោយសារទទួល​ផល​ដូច្នេះ យើង​បាន​ពង្រីកអាង​ចិញ្ចឹម​ត្រី​បាន ​៧ ​នៅ​ពេល​នេះ​ ។ អ្នកស្រី កែវ យ៉ុ​ន បាន​រៀបរាប់ដោយ​ចង្អុលបង្ហាញ​អាង​ចិញ្ចឹម​ត្រី​តូច​ៗ​របស់​គាត់ ​។

តាម​បទ​ពិសោធន៍​អ្នកស្រី កែវ យ៉ុ​ន ថា​ការ​ចិញ្ចឹម​ត្រី​ក្នុង​អាង​នេះ រយៈពេល​តែ​ជាង​មួយខែ ​គឺ​ត្រី​ធំ​អាច​ចាប់​លក់​បាន​ហើយ ​។ គាត់​ចិញ្ចឹម​ត្រី​អណ្តែង ត្រី​ក្រាញ់​ និង​ត្រី​ប្រា ​។ សព្វ​ថ្ងៃនេះ​ពលរដ្ឋ​នៅ​រស់នៅ​ក្នុងភូមិ​បាន​មក​ទិញ​ត្រី​របស់ខ្ញុំ​យក​ទៅ​ហូប ។ ជា​ប្រចាំ​ថ្ងៃ​ពួក​គាត់​មក​ទិញ​មួយ​គ្រួសារ​មួយ​គីឡូក្រាម កន្លះ​គីឡូក្រាម យក​ទៅ​ធ្វើ​ម្ហូប​ភ្លាម ស្រស់​តែ​ម្តង ។

ការ​ចិញ្ចឹម​ត្រី​បន្ថែម លើ​របរ​ចាស់​ជា​កម្មករ​សំណង់ បាន​ធ្វើ​ឱ្យគ្រួសារ​អ្នកស្រី យ៉ុ​ន ប្រសើរ​ជាង​មុខ ​។ អ្នកស្រី​និយាយ​ថា​ ពេល​នេះ​គាត់​មិន​បារម្ភ​ពី​ការ​ចំណាយ​នានា​ប្រចាំខែ​ដូច​ជា​ទឹក ភ្លើង ក្នុង​មួយ​ខែ​ៗ​ប្រមាណ​ ២០ ​ម៉ឺន​រៀល​នោះ​ទៀត​ទេ​ ។

​អ្នកស្រី យ៉ុ​ន និយាយ​ទាំង​ទឹកមុខ​ញញឹម​ ថា ក្រោយ​ពី​មានមុខ​របរ​ចិញ្ចឹម​ត្រី ​៧ ​អាង​នេះ​មក ឃើញ​ថា ​ជីវភាព​គ្រួសារ​ហាក់​មាន​ភាព​ស្រួល​ជាង​ពេល​មុន ពេល​លក់​ត្រី​បាន​ម្តង​ៗ​អាច​យក​ប្រាក់​ចំណេញ​មក​ផ្គត់ផ្គង់​គ្រួ​សារបាន ។​ កាល​មិន​ទាន់​ចិញ្ចឹម​ត្រី​លុយ​ដែល​ប្តី​បាន​មក​ពី​ការ​ធ្វើ​សំណង់​ម្តង​ៗ​មិនសូវ​សល់​នោះ​ទេ​ ។ លុយ​ដែល​បាន​មក​ពី​ការ​លក់​កម្លាំង ចំណាយ​អស់​ៗ​ទៅ​វិញ​គ្មាន​សល់​ឡើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ