ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​បារម្ភ​ខ្លាំង​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ-១៩ ​និង​គ្រោះថ្នាក់​ចរាចរណ៍ ពេល​ជិះ​រថយន្តឈ្នួល​មក​ធ្វើការ

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ ​៖ ការ​ធ្វើ​ដំណើរ​តាម​រថយន្តឈ្នួល​ជា​រៀងរាល់ថ្ងៃ​ពី​ផ្ទះ​មក​រោងចក្រ​កាត់ដេរ ពី​រោងចក្រ​ទៅ​ផ្ទះ របស់​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ត្រូវ​គេ​មើលឃើញ​ពី​ហានិភ័យ ដែល​អាច​នឹង​ឆ្លង​កូ​វី​ដ ​១៩ ​និង​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​រថយន្ត​មួយ​ៗ​បាន​ផ្ទុក​ចំនួន​អ្នក​ជិះ​ច្រើន ចង្អៀត​ណែន…

ខេត្តតាកែវ ​៖ ការ​ធ្វើ​ដំណើរ​តាម​រថយន្តឈ្នួល​ជា​រៀងរាល់ថ្ងៃ​ពី​ផ្ទះ​មក​រោងចក្រ​កាត់ដេរ ពី​រោងចក្រ​ទៅ​ផ្ទះ របស់​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ត្រូវ​គេ​មើលឃើញ​ពី​ហានិភ័យ ដែល​អាច​នឹង​ឆ្លង​កូ​វី​ដ ​១៩ ​និង​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​រថយន្ត​មួយ​ៗ​បាន​ផ្ទុក​ចំនួន​អ្នក​ជិះ​ច្រើន ចង្អៀត​ណែន ​។ តាម​ពិត​ទៅ​បញ្ហា​ដែល​មាន​ជា​យូរ​មក​ហើយ​នេះ កម្មករ​ខ្លួនឯង​ផ្ទាល់​ពួក​គាត់​បារម្ភ​ជាង​អ្នក​មើល​ពី​ខាងក្រៅ​ទៅ​ទៀត ​។

ក្នុង​ចំណោម​កម្មករ​កម្មការិនី ជា​ច្រើន​រយ​នាក់​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​ក្នុង​ខេត្តតាកែវ ដែល​បាន​សម្រាក​ពី​ការងារ​នៅ​ម៉ោងជាង​ ១១ ព្រឹក ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់ ដែល​បាន​សម្ភាសពួក​គាត់​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​បញ្ហា​នេះ ​។

អ្នកស្រី ផុ​ន​ស្រី អាយុ​ ២៧ ​ឆ្នាំ បាន​និយាយ​ថា ​រយៈពេល ​៧​ ឆ្នាំ​ហើយ ដែល​អ្នកស្រីបាន​ជិះ​រថយន្តឈ្នួល​ដាក់​ខែ​មក​ធ្វើការ​ ។ នៅ​រៀងរាល់ថ្ងៃ​នេះ អ្នកស្រី​មានការ​បារម្ភ​ជា​ខ្លាំង​ពី​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​ ។ ភ័យ​ខ្លាច​ជួប​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ដំណើរ​ពីព្រោះ​នៅ​លើ​ដងផ្លូវ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សឹង​រាល់ថ្ងៃ ដែល​អ្នកស្រី​បាន​ឃើញនឹងភ្នែក ​។

កម្មការិនី​រូប​នេះ​បញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​បរិបទ​ផ្ទុះ​ជំងឺ​កូ​វី​ដ ​១៩ ​នេះ អ្នកស្រី​កាន់តែ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​នេះ​ត្បិត​អី​ពេល​ធ្វើ​ដំណើរ​ម្តង​ៗ​មាន​គ្នា​ច្រើន សឹង​អង្គុយ​មិន​ត្រង់​ខ្នង​ផង ​។ «​យើង​គ្មាន​ដំណោះស្រាយ​អ្វី​ក្រៅពី​ពាក់​ម៉ាស ​និង​បាញ់​អាកុល​ការពារ​នោះ​ទេ​ ។ ម្ចាស់​រថយន្ត​គេ​មិន​អាច​ដាក់​មនុស្ស​តិច​បាន​ឡើយ ពីព្រោះ​ជា​ចំណូល​របស់​គេ​» ។
ការ​ជិះ​រថយន្តឈ្នួល​មក​ធ្វើការ​នៅ​តំបន់​ខេត្តតាកែវ​នេះ កម្មករ​និយាយ​ថា ​ជា​ទូទៅ​ពួក​គាត់​ត្រូវ​ចំណាយ​ប្រាក់ពី ​៥​ទៅ ​១០​ ម៉ឺន​រៀល​ក្នុង​មួយ​ខែ លើ​មធ្យោបាយ​ធ្វើ​ដំណើរ​នេះ តាម​ផ្ទះ​ជិត ​ឬ​ឆ្ងាយ ​។ អ្នកស្រី ផុ​ន​ស្រី ថា​គាត់​ចំណាយ ​៦​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ​។

និយាយ​ដល់​តម្លៃ​ឈ្នួល​រថយន្ត​នេះ កម្មការិនី​ខាងលើ​បាន​ត្អូញ​ថា​ ម្ចាស់​រថយន្ត​ទើប​ដំឡើង​ថ្លៃ​ឈ្នូ​ល​ ៥​ ពាន់​រៀល​ទៀត នៅ​ឆ្នាំ​ ២០២២ ​នេះ នៅ​ពេល​កម្មករ​ទទួល​បានការ​ដំឡើង​ប្រាក់ខែ​គោល ​២ ​ដុល្លារ​ដែរ​នោះ ​។

អ្នកស្រី រឿ​ន សោភា អាយុ​ ៤១​ ឆ្នាំ និយាយ​ថា ​ការ​ធ្វើ​ដំណើរ​ពី​ផ្ទះ​មក​ធ្វើការ​ពី​កន្លែងធ្វើការ​ទៅ​ផ្ទះ​សម្រាប់​អ្នកស្រី យ៉ាប់​ជាង​ពេលធ្វើការ​ទៅ​ទៀត ត្បិត​អី​ត្រូវ​ប្រជ្រៀត​គ្នាអង្គុយ ​និង​ឈរ​មិន​ស្រួល​ឡើយ ​។ «បរិ​យាស​កាស​ធ្វើ​ដំណើរ​ក្តៅ​ហប់​ណាស់​ ។​ ដូច​ខ្ញុំ​ជា​អ្នក​ពុល​ឡាន​ទៀត ពេល​ធ្វើ​ដំណើរ​ម្តង​ៗ​សឹង​ដាច់ខ្យល​ពិសេស​នៅ​ពេល​នេះ​ការពារ​កូ​វី​ដ​ ១៩ ត្រូវ​ពាក់​ម៉ាស​ទៀត​កាន់តែ​ហប់​​» ។ អ្នកស្រី សោភា ថា​រាល់​ថ្ងៃនេះ​គាត់​បានរ​ម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​ ១៩ ​ណាស់ ប៉ុន្តែ​មិនដឹង​ធ្វើ​យ៉ាងណា​ ។

អ្ន​ស​ក្រី​ សោភា ​បាន​​ត្អូញ​ត្អែរបន្ថែម​ថា នៅ​ពេល​នេះពួក​យើង​ធ្វើការ​ពេញ​ម៉ោង ​និង​ថែម​ម៉ោង​គ្មាន​ប្រាក់​លើកទឹកចិត្ត​ ៥% ទេ​ ។ បើក​លុយ​មួយ​ខែ​ៗបាន​ជាង ​២០០ ​ដុល្លារ បើ​ទូទាត់​ទៅ​និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​គ្រួសារ​ និង​បង់ប្រាក់​ថ្លៃ​ឈ្នួល​រថយន្ត ហូប​ចុក​ខ្លួនឯង​ប្រចាំ​ថ្ងៃ សរុប​ទៅ​សឹង​មិន​គ្រប់ ​។ ធ្វើការ​បាន​ត្រឹម​ធ្វើការ ​គ្មាន​សល់​ទេ ​។

លោក​ អាត់ ​ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​បាន​ស្នើ​យ៉ាង​ទ​ទូ​ច​ដល់​ក្រសួង​ការងារ ក៏​ដូច​ជា​រដ្ឋាភិបាល​ជួយ​ព​ន្លឿ​ន​អំពី​សុវត្ថិភាព​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​កាត់ដេរ​ ។ សុវត្ថិ​ភាពទាំង​ការពារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​ ១៩ ដោយ​មិន​គួរ​អនុញ្ញាត​ឱ្យរថ​យ​ន្តឈ្នួល​បន្ត​ដឹក​កម្មករ​ច្រើន​ហូ​សហេតុ គ្មាន​កន្លែងអង្គុយ​ត្រឹមត្រូវ​ទៀត​នោះ​ឡើយ​ ។

លោក អ៉ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បញ្ជាក់​ថា ក្រសួង​របស់​លោក​បាន​និង​កំពុង​បន្ត​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​របស់​កម្មករនិយោជិត ការ​រៀបចំ​កែសម្រួល​មធ្យោបាយ​ដឹក​ជញ្ជូន និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ