ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជៀស ស្រួច​-​សាត រស្មី ទម្លាយ​រឿង​លែងលះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​កីឡាករ​ប្រដាល់​ល្បីឈ្មោះ និង​ជា​តារា​សម្ដែង​ក្នុង​រឿង «​បេះដូង​អ្នក​ប្រដាល់​» លោក​ជៀស ស្រួច បាន​បង្ហាញខ្លួន​ជា​ថ្មី​ម្តងទៀត

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​កីឡាករ​ប្រដាល់​ល្បីឈ្មោះ និង​ជា​តារា​សម្ដែង​ក្នុង​រឿង «​បេះដូង​អ្នក​ប្រដាល់​» លោក​ជៀស ស្រួច បាន​បង្ហាញខ្លួន​ជា​ថ្មី​ម្តងទៀត​ក្នុង​សភាព​កម្សត់​គួរ​ឱ្យ​អាណិត ហើយ​លោក​ក៏​បាន​ទម្លាយ​រឿងរ៉ាវ​របស់​ខ្លួន​ជាមួយ​អតីត​ភរិយា​ដែល​ជាតា​រា​ស្រី​ម្នាក់​កំពុង​មានឈ្មោះ​បោះ​សំឡេង ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៀត​ផង ។

រឿងរ៉ាវ​ដ៏​កំសត់​របស់​កីឡាករ ជៀស ស្រួច បាន​ជំរុញ​ឱ្យ​តារា​ប្រុស​-​ស្រី និង​មហាជន មានការ​អាណិតអាសូរ និង​រួម​គ្នា​អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​ណាមួយ ដើម្បី​ជួយ​លោក​ដែល​កំពុង​មានទុក្ខ ។

លោក ជៀស ស្រួច បាន​បាត់​មុខ ដោយ​យក​ការ​បណ្ដែត​ខ្សែជីវិត​នៅ​តាម​ជាយ​ដែន រហូត​ធ្លាក់ខ្លួន​ជា​កម្មករ​សំណង់ និង​អូស​រទេះ បន្ទាប់​ពី​អតីត​ភរិយា​របស់​លោក​ធ្វើ​ឱ្យ​លោក​អាប់ឱន​កិត្តិយស បាត់បង់​មុខមាត់ ព្រោះតែ​រឿង​ផិតក្បត់ ។ លោក​បាន​ទម្លាយ​ថា ដោយសារ​ខូចចិត្ត​នឹង​អតីត​ភរិយា​រត់​ចោល ហើយ​ទៅ​ស្រវា​យក​ប្រុស​អ្នកមាន ទើប​បណ្ដាល​ឱ្យ​លោក​ខូចចិត្ត រហូត​សេង​ហាង​សាច់​គោ​អាំង​ចោល និង​ប្រើ​ជីវិត​គេច​ចេញពី​បញ្ហា​ដើម្បី​បញ្ចប់​ភាព​អាម៉ាស់ ។

ក្នុង​ពេល​ទម្លាយ​ឱ្យ​ដឹង​ពី​រឿង​ផិតក្បត់​នោះ អ្នក​ណា​ក៏​មានការ​ភ្ញាក់ផ្អើល​ដែរ ដោយសារ​តែ​លោក​បញ្ជាក់​ថា នារី​ជា​អតីត​ភរិយា​នោះ​ក្រោយ​ពី​បាន​សម្រេចចិត្ត​ចាក​ចេញពី​ជីវិត​លោក​ក៏​បាន​ក្លាយជា​តារា​សិល្បៈ ហើយ​កំពុង​តែ​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​សម្ដែង​ទៀត​ផង ។ បើ​ទោះជា​មានការ​ជជីក​សួរ​ម្ដង​ហើយ​ម្ដងទៀត​ក៏​ដោយ ក៏​លោក​នៅ​តែ​ប្រកែក​មិន​ព្រម​ប្រាប់​ឱ្យ​ដឹង​ពី​ឈ្មោះ​អតីត​ភរិយា​របស់​លោក​ដែរ ដោយសារ​តែ​ពេល​នេះ​នាង​មាន​អ្នកមាន​ស្រឡាញ់​ពេញចិត្ត ហើយ​ជានា​រី​ឡូយឆាយ ដែល​អាច​នឹង​ឱ្យ​លោក​ក្ដៅក្រហាយ​ប្រសិនបើ​លោក​ទម្លាយ​ពី​ឈ្មោះ​ចេញពី​មាត់​របស់​លោក ។ ម្នាក់​ៗ​បាន​ត្រឹមតែ​ចោទសួរ​ថា អតីត​ភរិយា​នោះ​ជា​អ្នក​ណា​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​លោក និង​មនុស្ស​ពាក់ព័ន្ធ​របស់​លោក​បដិសេធ​មិន​ព្រម​ប្រាប់​ការ​ពិត ។

យ៉ាងណា​ក៏​ដោយ​រឿងរ៉ាវ​អាថ៌​កំបាំង​មិន​មាន​ទៀត​ទេ ដោយសារ​តែ​មាន Page ហ្វេ​ស​ប៊ុ​កមួយ​បាន​ទម្លាយ​ឱ្យ​ដឹង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ថា អតីត​ភរិយា​លោក ជៀស ស្រួច គឺ​នាង សាត រស្មី ដែល​ជា​តារា​សម្ដែង​កំពុង​ឡើង​កូដ​នៅ​ក្នុង​ពិភព​សិល្បៈ ។

លោក ជៀស ស្រួច បាន​អះអាង​ថា លោក​ស្រឡាញ់​ពេញចិត្ត​អតីត​ភរិយា​លោក​ដោយសារ​តែ​ឃើញ​នាង​វ័យក្មេង ឆ្លាត និង​មានចិត្ត​ស្មោះ​ក្នុង​ពេល​លោក​ស្គាល់ ។ លោក និង​នាង​បាន​រៀប​ការ​ជាមួយ​គ្នា​ចំនួន​២​លើក គឺ​មួយ​លើក​នៅ​ខេត្តបន្ទាយមានជ័យ និង​មួយ​លើក​ទៀត​នៅ​រាជធានី​ភ្នំពេញ តាម​រយៈ​ការ​រៀបចំ​ពិធី​កាត់​ចំណងដៃ ប៉ុន្តែ​មិនសូវ​ធំដុំ​ទេ ទើប​មិន​មាន​អ្នក​ស្គាល់​នាង​ច្រើន ។ បន្តបន្ទាប់​មក ដោយសារ​តែ​លោក​គឺជា​តារា​សម្ដែង​ដែល​លេចធ្លោ​នៅ​ក្នុង​ជំនាន់​នោះ នាង​ក៏​បាន​ស្គាល់​អ្នកមាន​ឥទ្ធិពល​នៅ​ក្នុង​ពិភព​សិល្បៈ ហើយ​ក្រោយមក​ដោយសារ​តែ​ប្រាក់​៣០០​ដុល្លារ នាង​អតីត​ភរិយា​លោក​ក៏​សុខចិត្ត​ចុះ​ចោល​លោក និង​សុំ​លែងលះ​ធ្វើ​ឱ្យ​លោក​អាម៉ាស់មុខ ។ ក្រោយ​ការ​លែងលះ​លោក​នាង​បាន​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង ហើយដោយ​សារ​តែ​ភាព​ចំអកឡកឡឺយ និង​មិន​អាច​ស៊ូទ្រាំ​នឹង​ភាព​អាម៉ាស់​បាន ទើប​លោក​សុខចិត្ត​បោះបង់​ការងារ និង​ឱកាស​នៅ​ភ្នំពេញ​ចោល​ទាំងអស់ ហើយ​ទៅ​ផ្សងព្រេង​នៅ​តាម​ព្រំដែន ។ ដោយសារ​លោក​អស់ជម្រើស ទើប​សម្រេចចិត្ត​លាតត្រដាង​ពី​ជីវិត​ធ្លាក់ខ្លួន​ជា​សាធារណៈ​របស់​ខ្លួន​ដោយ​លែង​ខ្មាស​អៀន ។

លោក ជៀស ស្រួច ថា ជីវិត​របស់​លោក​ក្រោយ​ពី​អតីត​ភរិយា​ផិតក្បត់​មិន​មាន​សល់​អ្វី​ទៀត​ទេ ដោយសារ​តែ​ក្នុង​ពេល​នោះ​លោក​បាន​ដាក់ចិត្ត​ស្រឡាញ់​នាង​ខ្លាំង ហើយ​មិន​នឹក​ស្មានថា ភរិយា​ដែល​លោក​រៀប​ការ​ពេញ​ច្បាប់​នៅ​ក្នុង​ពេល​នោះ​រស់នៅ​ជាមួយ​លោក​បាន​តែ​៦​ខែ ក៏​រក​ទ្រនំ​ថ្មី​ដោយសារ​តែ​ហេតុផល​ចង់បាន​ភាព​ល្បី និង​ឱកាស​រក​ប្រាក់ ។

ជាមួយនឹង​ការ​ទម្លាយ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង ដោយសារ​តែ​នាង សាត រស្មី គឺជា​តារា​ល្បីឈ្មោះ​ដែល​បាន​ប្រកាស​ខ្លួន​ថា មិន​ធ្លាប់​មាន​ប្ដី និង​មិន​ធ្លាប់​ពាក់ព័ន្ធ​អ្នក​ណា​នា​ពេល​កន្លង​មក ។ នាង​រមែង​ថា ខ្លួន​គ្រាន់តែ​មាន​ព័ត៌មាន​ថា មាន​ឧកញ៉ា​នេះ​ពាក់ព័ន្ធ អ្នកមាន​នោះ​ពាក់ព័ន្ធ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​បេះដូង​របស់​នាង​គឺ​មិន​មាន​បុរស​ណា​ឡើយ ហើយ​ក៏​មិន​ទាន់​គិតគូរ​រឿង​គូជីវិត​ដែរ ។ ការ​លាតត្រដាង​របស់​ជៀស ស្រួច ធ្វើ​ឱ្យ​នាង​សាត រស្មី ដែល​ធ្លាប់​ទទួល​បានការ​សរសើរ​ថា​ជាតា​រា​ទំនេរ​បេះដូង និង​ជានា​រី​ស្អាតស្អំ​ក្នុង​រឿង​ស្នេហា​រង​ការ​រិះគន់​ផង​ដែរ ។ ជា​ពិសេស​នៅ​ពេល​ដែល​មានការ​ទម្លាយ​ថា នាង​ហ៊ាន​ដល់​ថ្នាក់​បោះបង់​ស្វាមី​កម្សត់កម្រ​នៅ​ពេល​មានឱកាស​រកបាន​បុរស​មានទ្រព្យ និង​អាច​ជួយ​ឱ្យ​នាង​បាន​ល្បី​នៅ​ក្នុង​ពិភព​សិល្បៈ​នោះ ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ អ្នក​នាង សាត រស្មី បាន​ឆ្លើយ​តប​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ថា រឿងរ៉ាវ​បែកបាក់​នេះ​កើតឡើង​ដោយសារ​តែ​អតីត​ស្វាមី​នាង គឺ​លោក ជៀស ស្រួច ក្រោយ​ពី​រៀប​ការ​ជាមួយ​នាង​រួច​បាន​ប្រែប្រួល​ចរិត​ដើម​អស់ មិន​គិត​ខំប្រឹង​ធ្វើការ​ងារ​រក​ប្រាក់​ជួយ​គ្រួសារ​ទេ គិតតែ​ពី​ដើរ​បាត់​ៗ និង​លេងល្បែង​ទៀត​ផង ពេល​មក​ដល់​ផ្ទះ​វិញ​រករឿង​វាយដំ​នាង​ទៀត ។ ដោយសារ​មិន​អាច​ស៊ូទ្រាំ​បាន នាង​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​លែងលះ​តាម​ច្បាប់ ហើយ​តុលាការ​បាន​ចេញ​ដីកា​កោះហៅ​ចំនួន​៣​ដង ប៉ុន្តែ​អតីត​ស្វាមី​នាង​មិន​ព្រម​ចូលខ្លួន​ទើប​តុលាការ​ចេញ​ដីកា​សម្រេច​ឱ្យ​លែងលះ​គ្នា​តែ​ម្ដង ៕