ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​! ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ អ្នកលក់​ផ្កា​មិន​​សូវ​កាក់​កប​នោះ​ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្រប​ពេល​ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តី​អំពាវនាវ «​ទិវា​នៃ​សេចក្តី​ស្រឡាញ់​» ជា​ពិសេស​បាន​ក្រើនរំលឹក និង​ដាស់តឿន​របស់

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តី​អំពាវនាវ «​ទិវា​នៃ​សេចក្តី​ស្រឡាញ់​» ជា​ពិសេស​បាន​ក្រើនរំលឹក និង​ដាស់តឿន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដល់​យុវជន​ទាំងអស់​កុំ​ឲ្យ​ប្រព្រឹត្ត​ទ​ង្វើ​ប្រាស់ចាក​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ជាតិ នៅ​ក្នុង​ថ្ងៃ «​ទិវា​នៃ​ក្តី​ស្រឡាញ់​» ១៤​កុម្ភៈ​នេះ ។

គេ​សង្កេត​ឃើញ​ថា ទីតាំង​លក់​ផ្កា​ជុំវិញ​សាលារៀន​រដ្ឋ ក៏​ដូច​ជា​ឯកជន មិន​មាន​ដាក់​លក់​ផ្កា​យ៉ាង​គគ្រឹកគគ្រេង​ដូច​បណ្តា​ឆ្នាំ​មុន​ៗ​នោះ​ទេ ហើយ​ក្រុម​យុវជន និង​នារី​ៗ​ក៏​មិន​មានការ​ចោមរោម​ទិញ​ផ្កា​នោះ​ដែរ រីឯ​សាលារៀន​ដំណើរការ​បង្រៀន​ជា​ធម្មតា នេះ​និយាយ​តែ​សាលារៀន​រដ្ឋ និង​ឯកជន​ទាំង​១៥ នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ ។

ដោយឡែក​ទីតាំង​លក់​ផ្កា​ស្រស់​នៅ​ខាងកើត​ផ្សារ​ធំ​ថ្មី គេ​បានឃើញ​មាន​បុរស​ស្ត្រី​ក្នុង​វ័យ​ជាង​៣០​ឆ្នាំ​បាន​ចូល​ទិញ​ផ្កា​ស្រស់​ម្នាក់​មួយ​បាច់​ៗ ខ្លះ​ពីរ​បាច់​ទាំង​ទឹកមុខ​ញញឹម រួច​ដើរ​ចេញ​ទៅ​ឡើង​ជិះ​រថយន្ត​ទៅ​បាត់​ទៅ​។

ហើយ​បើ​តាម​លោកគ្រូ​ម្នាក់​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ខណ្ឌដូនពេញ និយាយ​ក្នុង​ន័យ​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ទិវា​នៃ​ក្តី​ស្រលាញ់ ថ្ងៃ​១៤​កុម្ភៈ ឆ្នាំ​២០២២​នេះ នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​យុវវ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ ត្រូវ​បាន​យុវវ័យ​កម្ពុជា បង្ហាញ​ពី​ការ​យល់​ឃើញ​ខុស​ៗ​គ្នា ។ ខណៈ​អ្នកខ្លះ​ចាត់​ទុក​ថ្ងៃ​១៤​កុម្ភៈ គ្រាន់តែ​ថ្ងៃ​ធម្មតា មិន​សំខាន់​ឡើយ ព្រោះ​មិនមែន​ជា​បុណ្យប្រពៃណី​ជាតិខ្មែរ​ទេ ប៉ុន្តែ​អ្នកខ្លះ​ទៀត​ចាត់​ទុក​ថា ១៤​កុម្ភៈ គឺជា​ថ្ងៃ​សំខាន់​សម្រាប់​ពួក​គេ​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា ក៏​ប៉ុន្តែ​ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ​នេះ ឃើញ​ថា​យុវ​សិស្ស​ទាំងប្រុស ទាំងស្រី​មិន​នាំ​គ្នា​ឈប់​ការ​ពី​សិក្សា​នោះ​ទេ ហើយ​ការ​លក់​ផ្កា​នៅ​ជុំវិញ​សាលា គឺ​គ្មាន​តែ​ម្តង ម្យ៉ាងវិញទៀត​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​ដល់​គ្រឹះស្ថានសិក្សា​មាន​៤​ចំណុច ដែល​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្អូន​សិស្សានុសិស្ស ។

បើ​តាម​ស្ត្រី​លក់​ផ្កា នៅ​ខាងកើត​ផ្សារ​ធំ​ថ្មី ក៏​និយាយ​ក្នុង​ន័យ​មិន​បង្ហាញ​អត្តសញ្ញាណ និង​ថតរូប បាន​និយាយ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃអាទិត្យ មុន​ថ្ងៃ​ទិវា​នៃ​សេចក្តី​ស្រឡាញ់​មួយ​ថ្ងៃ គាត់​សង្កេត​ឃើញ​មាន​យុវជន យុវនារី តិចតួច​ណាស់ ដែល​មក​ទិញ​ផ្កា​ស្រស់ ។ ហើយ​ភាគច្រើន​គឺ​បុរស ស្ត្រី​ក្នុង​វ័យ​ជាង​៣០​ឆ្នាំ​មក​ទិញ​ម្នាក់​ៗ​យ៉ាងតិច​ពីរ​បាច់ តែ​យើង​មិនដឹង​ថា គាត់​យក​ទៅ​ឲ្យ​នរណា​នោះ​ទេ? ព្រោះ​មិនមែន​រឿង​គាត់ គាត់​គិតតែ​ពី​លក់​ផ្កា​តែ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ថា ហើយ​ឆ្នាំ​នេះ​ឃើញ​ថា កន្លែង​គាត់​មាន​ភ្ញៀវ​ចាស់​ៗ​ចូល​មក​ទិញ​ច្រើន រីឯ​យុវជន យុវនារី​មាន​ចំនួន​តិច​ណាស់ តែ​ទោះជា​យ៉ាងណា វា​គ្រាន់បើ​ជាង​សម័យ​កូ​វី​ដ​ដែរ​។ ហើយ​អ្នកស្រី​សង្ឃឹមថា អាច​លក់ដាច់​នៅ​ល្ងាច​ថ្ងៃ​បង្ហើយ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ប៉ុន្តែ​ឆ្នាំទៅ​មិ​ញ គឺ​ចប់​តែ​ម្តង នៅ​ផ្កា​រាប់រយ​ដើម​ឯណោះ ។

ចំណែក​អ្នកស្រី កូ​ឡាប ស្ថិត​ក្នុង​វ័យ​ជាង​៣០​ឆ្នាំ ដែល​កំពុង​រៀបចំ​ផ្កា​តាំង​លក់​នៅ​ជាប់​របង​វត្ត​លង្ការ តាម​បណ្តោយ​វិ​ថី​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ​នៃ «​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​» គាត់​តែងតែ​មក​រៀបចំ​តាំង​ផ្កា​ចម្រុះ​ចាប់តាំងពី​ម៉ោង​៨​ព្រឹក នា​ថ្ងៃ​ទី​វា​ក្តី​ស្រឡាញ់​១៤​កុម្ភៈ​។ ក៏​ប៉ុន្តែ​ឆ្នាំ​នេះ ក៏​ដូច​ជា​បណ្តា​ឆ្នាំ​មុន លក់​ផ្កា​ក៏​ដូច​ជា​កាដូ​មិនសូវ​ដាច់​ប៉ុន្មាន​នោះ​ទេ វា​ធ្លាក់​ចុះ​ច្រើន ហើយ​ភាគច្រើន​លក់ដាច់​តែ​លើ​យុវជន​តែ​ប៉ុណ្ណោះ តែ​ដោយសារ​ស្តាយ​ក្នុង​ការ​លក់​ផ្កា​ជា​រៀង​រាល់​ឆ្នាំទៅ​ហើយ ចេះ​តែ​មក​លក់​ៗ​ទៅ ។

អ្នកស្រី​បន្ត​ថា យូរ​ៗ​ឃើញ​នារី និង​បុរស​ម្នាក់​ពីរ​ជិះ​ម៉ូតូ​មក​ទិញ​ផ្កា ឲ្យ​រៀបចំ​កាដូ​មួយ​ពីរ ពួក​គេ​ថា យក​ទៅ​ជូន​ឱ​ពុក​ម្តាយ​នៅ​ពេល​យប់​ក្នុង​ពិធីជប់លៀង​ជួប​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ។

ចំពោះ​យុវជន បញ្ញា ដែល​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ឯកជន​មួយ ក៏​បាន​និយាយ​ដែរ​ថា ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ មិនមែន​ជា​រឿង​មិនល្អ​នោះ​ឡើយ មិនល្អ​លុះត្រាតែ​អ្នក​មិន​បាន​យល់​ច្បាស់​ពី​អត្ថន័យ​ទិវា​នេះ​។ មែនទែន​ទៅ ទិវា​នៃ​ក្ដី​ស្រលាញ់ មិន​សំដៅ​ចំពោះ​គូសង្សារ​ឡើយ តែ​សំដៅលើ​អ្នក​ទាំងអស់​គ្នា​ដែល​នៅ​ក្បែរ​អ្នក​ដូច​ជា ក្រុម​គ្រួសារ ឪពុក​-​ម្ដាយ​, បងប្អូន​, មិត្តភក្ដិ​ជាដើម​។

យុវជន​រូប​នេះ​បន្ដ​ថា ប៉ុន្ដែ​ទិវា​នេះ អាច​ប៉ះពាល់​ដែរ ប្រសិនបើ​អ្នក​ទាំងអស់​គ្នា ជា​ពិសេស​បុរស​ៗ​ឆ្លៀត​យក​ឱកាស​ថ្ងៃ​១៤​កុម្ភៈ​នេះ ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ណាមួយ​ចំពោះ​នារី​ភេទ ។ បច្ចុប្បន្ន​យុវវ័យ​កម្ពុជា យល់​ដឹង​ច្រើន​ពី​ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ បើ​ចំពោះ​នារី​ភេទ​វិញ ប្រហែលជា​មិន​អាច​ចាញ់បោក​ការ​លួងលោម​របស់​បុរស​នោះ​ឡើយ ព្រោះ​ពួក​គាត់​ដឹង​ច្បាស់​ថា ថ្ងៃនេះ​គ្រាន់តែ​ជា​ថ្ងៃ​ចែករំលែក​ក្ដី​ស្រលាញ់​ចំពោះ​គ្រប់​គ្នា មិនមែន​ជា​ការ​ដោះ​ដូរ​ខ្លួនប្រាណ ដើម្បី​បញ្ជាក់​ក្ដី​ស្រលាញ់​នោះ​ឡើយ ។

បញ្ញា បាន​បញ្ជាក់​ថា ចំពោះ​ខ្ញុំ​អត់​មាន​គម្រោង​ទៅ​ណា​ទេ ព្រោះថា ថ្ងៃ​១៤​កុម្ភៈ​នេះ ជា​ថ្ងៃ​រៀនសូត្រ​ធម្មតា ដូច្នេះ​ខ្ញុំ​នឹង​មក​សាលារៀន​ប៉ុណ្ណោះ ” ។

បើ​តាម​មន្ត្រី​ការិយាល័យ​អប់រំ យុវជន និង​កីឡា ខណ្ឌដូនពេញ​មួយ​រូប ទាក់ទិន​នឹង​ទិវា​ថ្ងៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ នេះ បាន​ថ្លែង​ថា ក្នុង​ខណ្ឌដូនពេញ មាន​សាលារៀន​រដ្ឋ និង​ឯកជន​ចំនួន​១៥ ហើយ​មន្ត្រី​សាលា​ខណ្ឌដូនពេញ​ក៏​បាន​ចុះ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​សម្តេច​តេ​ជោ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​វប្បធម៌ ក្រសួង​កិច្ចការ​នារី ទៅ​ដល់​ស្រទាប់​សិស្សានុសិស្ស​ឲ្យ​យល់​ដឹង​ពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រលាញ់​១៤​កុម្ភៈ ក៏​ប៉ុន្តែ​តាម​ការ​សង្កេត​ឃើញ​ថា តាម​ដង​វិ​ថី​នានា និង​តាម​សាលារៀន​រដ្ឋ និង​ឯកជន មិន​ដាក់​តាំង​លក់​ផ្កា​គគ្រឹកគគ្រេង​នោះ​ទេ គឺ​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង នេះ​ដោយសារ​តែ​ការ​ខិតខំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​ព្យាយាម​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ស្រទាប់​យុវជន​មុន​ពេល​ថ្ងៃនេះ​មក​ដល់ ។

ថ្ងៃ​ទី​១៤ កុម្ភៈ នេះ​ដែរ គឺជា​ថ្ងៃ​នែ​ក្តី​ស្រឡាញ់ ឬ Valentine’ Day ដែល​ពិភពលោក​បាន​ប្រារព្ធ​ធ្វើ​ឡើង​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​ដែរ នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅ​លើ​សកលលោក ក៏​បាន​ប្រារព្ធ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ «​អូ​មី​ក្រុង​» ស្រប​តាម​វិធានការ​សុខាភិបាល និង​ដើម្បី​ធានា​រក្សា​បាន​នូវ​ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិខ្មែរ ស្រប​តាម​សេចក្តីណែនាំ​លេខ ០៩ អយក​.​សណ​ន ចុះ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ របស់ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ ដូច​ខាងក្រោម ៖

១- ហាម​ធ្វើ​សកម្មភាព​ជួបជុំ​ប្រមូលផ្តុំ​ក្នុង​ចំណោម​សិស្ស​-​និស្សិត និង​យុវជន​-​យុវនារី​តាម​គ្រប់​រូបភាព នៅ​តាម​គ្រឹះស្ថាន សិក្សា​សាធារណៈ និង​គ្រឹះស្ថានសិក្សា​ឯកជន ព្រមទាំង​ទីតាំង​សាធារណៈ​នានា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ប្រភេទ «​អូ​មី​ក្រុង​» ចូល​ក្នុង​សហគមន៍​ជា​ទ្រង់ទ្រាយ​ធំ​។

២- គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា និង​អាណាព្យាបាល​ទាំងអស់ ត្រូវ​ខិតខំ​ធ្វើការ​អប់រំ ណែនាំ ដល់​សិស្ស​-​និស្សិត និង​បុត្រ​ធីតា​គ្រប់​រូប ឱ្យ​គោរព​នូវ​ទំនៀមទម្លាប់ វប្បធម៌ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់ របស់​ជាតិខ្មែរ ដើម្បី​កុំឱ្យ​ពួក​គេ​មានការ​យល់​ច្រឡំ​ថា «​ទិវា​នៃ​ក្តី​ស្រលាញ់ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប រវាង​គូសង្សារ និង​ដើម្បី​ចៀសវាង​ការ​ប្រព្រឹត្ត​សកម្មភាព​ខុសសីលធម៌​ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួនឯង គ្រួសារ​-​សាច់ញាតិ និង​សង្គម​ជាតិ​ទាំងមូល​។

៣- ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​អប់រំ យុវជន និង​កីឡា មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ទីរ​កិច្ចការ នារី និង​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សហការ​ចុះ​ត្រួតពិនិត្យ តាមដាន ឃ្លាំមើល និង​ចាត់វិធានការ​ជា​បន្ទាន់ ចំពោះ​សកម្មភាព​មិន​ប្រក្រតី​ទាំងឡាយ​ណា ដែល​អាច​កើត​មាន​ក្នុង​ឱកាស​ទិវា​នៃ ក្តី​ស្រលាញ់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ