រាជធានីភ្នំពេញ ៖ ថ្ងៃទី១៤ ខែកុម្ភៈនេះ ជាថ្ងៃនៃក្តីស្រលាញ់ ឬ Valentine’s Day ដែលជាពិធីបុណ្យដែលពិភពលោកតែងប្រារពធ្វើឡើងជារៀងរាល់ឆ្នាំ ជាពិសេសបណ្តាប្រទេសលោកខាងលិច ឬ បច្ចិមប្រទេស ដើម្បីបង្ហាញពីក្តីស្រលាញ់ទៅដល់មនុស្សជាទីស្រលាញ់របស់ខ្លួនជារៀងរាល់ឆ្នាំ ។

ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជារបស់យើងក៏ដូចជា បណ្តាប្រទេសមួយចំនួនផ្សេងទៀតដែលទទួលឥទ្ធិពលនេះ ក៏តែងតែបាននាំគ្នាប្រារព្ធធ្វើជាប្រចាំផងដែរ ដោយមានការដាក់តាំងលក់ផ្កានៅតាមហាងលក់ផ្កា និងតាមដងផ្លូវជាច្រើនផ្សេងទៀត នៅក្នុងរាជធានីភ្នពេញផងដែរ ។ តែការលក់ផ្ការបស់អ្នកលក់នៅម្តុំខាងមុខវត្តទួលទំពូង បានត្អូញត្អែគ្រប់គ្នាថា ការលក់ផ្ការបស់គាត់ឆ្នាំនេះលក់មិនសូវដាច់ទេ ដោយដាច់មួយៗប៉ុណ្ណោះ ហើយអ្នកមករកទិញភាគច្រើនជាអ្នកមានគ្រួសាររួច ចំណែកឯក្រុមយុវវ័យវិញមិនសូវមានទេ ។

អ្នកនាង ស្រីអូន អាយុ៣៥ឆ្នាំ ក្នុងសកម្មភាពចងផ្កាបណ្តើរ លក់បណ្តើរ បានរៀបរាប់ប្រាប់ថា នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃនៃក្តីស្រលាញ់នេះដែរ រូបនាងបានដាក់តុមួយដាក់លក់ផ្កាដូចឆ្នាំមុនៗដែរ ដោយមួយបាច់ៗមានតម្លៃចាប់ពី១០ដុល្លារ ១៥ដុល្លារ ២០ដុល្លារ និងពី៥០ ទៅ៦០ដុល្លារ ក៏មានទៅតាមការកម្មង់ទិញរបស់អ្នកទិញ និងផ្កាកុលាប ១ទង ១ដុល្លារប៉ុណ្ណោះ។

ដោយអ្នកមកទិញភាគច្រើន ជាលក្ខណៈគ្រួសារ និងបុគ្គលិកអ្នកធ្វើការដែលពួកគាត់ទិញអោយអ្នកធ្វើការងារជាមួយគ្នា ជាមិត្តភក្តិ ឬជាអ្នកជាទីស្រលាញ់ទៅវិញទៅមក ចំណែកឯយុវវ័យក្មងៗមិនសូវមានទេ ។
អ្នកនាង ស្រីអូន បានប្រាប់បន្តទៀតថា ថ្ងៃនៃក្តីស្រលាញ់ ១៤ កុម្ភៈ នេះមិនសំដៅតែលើគូរស្នេហ៍យុវវ័យក្មេងៗ តែប៉ុណ្ណោះទេសំរាប់អ្នកមានប្តីប្រពន្ធ កូនៗ ទិញយកទៅជូនម៉ាក់ ប៉ា ឬអ្នកជាទីស្រលាញ់ របស់ពួកគាត់ក៏បានដែរ ។ តែការលក់ផ្កាឆ្នាំនេះ ហាក់ស្ងាត់ជាងឆ្នាំមុនៗ និងមិនមមារញឹកឡើយ ម្យ៉ាងមានតែអ្នកលក់ខ្លះនាំគ្នាបំបែកកន្លែងលក់ ម្នាក់ពី២ ទៅ៣កន្លែងម្នាក់ឯងក៏មាន ចំណែកឯអ្នកទិញ គឺមានមួយៗ រកតែលុយបង់ផាស៊ីគេមិនបានផង ។

លោក តារា អាយុ៣៥ឆ្នាំ អង្គុយលក់ផ្កាបណ្តើរប្រាប់បណ្តើរថា ផ្កាឆ្នាំនេះលក់មិនសូវដាច់ទេ ម្យ៉ាងផ្កាក៏ថ្លៃទៀត ចំណែកឯអ្នកមកទិញរកតែធូរថ្លៃទៀត ហើយអ្នកមកយកផាស៊ីក៏ច្រើនមិនដឹងជា ខាងណាៗខ្លះទេ ម្នាក់២ពាន់រៀលៗ និងប៉ូលិសមកទារថ្លៃកន្លែងលក់ក្នុងមួយកន្លែង ១ម៉ឺនរៀលទៀតផងដែរ ។
ក្នុងមួយឆ្នាំខ្ញុំលក់ផ្កាតែ១ថ្ងៃទេ គឺនៅថ្ងៃនៃក្តីស្រលាញ់នេះ(១៤ កុម្ភៈ) ផ្កាតែយកមកហើយលក់មិនអស់វាខូច និងខាតចុងខាតដើមហើយ ណាមួយអ្នកមកទិញមានមួយៗស្ងាត់ជាងមុន លក់មិនដាច់ទេខុសពីឆ្នាំមុនៗឆ្ងាយណាស់ សង្ស័យតែមកពីជំងឺកូវីដទេ?
បុរសដដែលបានប្រាប់បន្តទៀតថា ផ្កាកុលាបទិញចូលក្នុងមួយដើម ៣ពាន់រៀល និងលក់វិញក្នុងមួយដើមពី៤ពាន់ ទៅ ៥ពាន់រៀល ចំណែកឯផ្កាបាច់លក់ក្នុង១បាច់ តម្លៃពី៨ទៅ១០ ដុល្លារ ចំណេញត្រឹមតែ១ដុល្លារ ទៅ ២ដុល្លារប៉ុណ្ណោះ ។ លក់ផ្កាឆ្នាំនេះ ស្ងាត់ជាងរាល់ឆ្នាំ ដោយរាល់ឆ្នាំលក់ដាច់ខ្លាំង តាំងពីមិនទាន់មានកូវីដនោះ ហើយអ្នកមកទិញផ្កាភាគច្រើនជាអ្នកមានគ្រួសាររួច និងអ្នកធ្វើការទិញអោយមិត្តភក្តិគាត់ប៉ុណ្ណោះ ។
បុរសអ្នកដឹកទំនិញអនឡាញម្នាក់ បានជិះម៉ូតូមួយគ្រឿង ដោយមានដឹកទាំងធុងឃ្លុបសំរាប់ដាក់ឥវ៉ាន់ខាងក្រោយផងដែរនោះ គាត់បានប្រាប់ថា រូបគាត់មករកទិញផ្កាមួយបាច់ ដើម្បីយកទៅជូនប្រពន្ធរបស់គាត់នៅឯផ្ទះ ព្រោះថ្ងៃនេះវាជាថ្ងៃនៃក្តីស្រលាញ់ ១៤ កុម្ភៈ ម្យ៉ាងទៀត ខ្ញុំតែងតែធ្វើបែបនេះរាល់ឆ្នាំជាប្រចាំ ៕








ចែករំលែកព័តមាននេះ