ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទិញ​លំនៅ​ឋាន និង​ខុន​ដូ មួយ​ណា​ជា​ជម្រើស​ល្អ

7 ឆ្នាំ មុន

ការ​មាន​កន្លែង​ស្នាក់​នៅ​ជា​កម្មសិទ្ធិ​ខ្លួនឯង គឺជា​ក្តី​សុបិន​របស់​មនុស្ស​គ្រប់​រូប ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ជួល​ផ្ទះ ឬ​ជួល​បន្ទប់​រស់នៅ​អស់​មួយ​ជីវិត​ឡើយ ។ មនុស្ស​ជា​ច្រើន​គិត​ចង់​ទិញ​ផ្ទះ ឬ​ខុន​ដូ​ជា​របស់​ខ្លួន

ការ​មាន​កន្លែង​ស្នាក់​នៅ​ជា​កម្មសិទ្ធិ​ខ្លួនឯង គឺជា​ក្តី​សុបិន​របស់​មនុស្ស​គ្រប់​រូប ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ជួល​ផ្ទះ ឬ​ជួល​បន្ទប់​រស់នៅ​អស់​មួយ​ជីវិត​ឡើយ ។ មនុស្ស​ជា​ច្រើន​គិត​ចង់​ទិញ​ផ្ទះ ឬ​ខុន​ដូ​ជា​របស់​ខ្លួន ប៉ុន្តែ​នៅ​ពេល​មាន​ប្រាក់​គ្រប់គ្រាន់​តែងតែ​ជួប​បញ្ហា​ក្នុង​ការ​ជ្រើសរើស ថា គួរ​ទិញ​មួយ​ណា​ល្អ​ជាង ។ ថ្ងៃនេះ យើង​លើកយក​១០​ចំណុច​មក​ប្រៀបធៀប វា​នឹង​អាច​ជួយ​លោក​អ្នក​ក្នុង​ការ​ជ្រើសរើស​ទិញ​ផ្ទះ ឬ​ខុន​ដូ​បែប​ណា​ដែល​សម​ស្រប​បំផុត ។

១-​ទីតាំង ៖
ខុន​ដូ នឹង​មាន​ប្រៀប​ក្នុង​រឿង​នេះ​ច្រើន​ជាង​ផ្ទះ ព្រោះ​ការ​ស្វែងរក​ដី​ដើម្បី​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ​ភាគច្រើន គឺ​ស្ថិត​នៅ​ជិត​ផ្លូវ ឬ​ចូល​ទៅ​ក្នុង​មិន​ជ្រៅ​ប៉ុន្មាន ដែល​ងាយស្រួល​ធ្វើ​ដំណើរ និង​សន្សំ​សំចៃ​ពេលវេលា​ច្រើន​ជាង​ផ្ទះ ខណៈ​ផ្ទះ​មា​នទី​តាំងនៅ​ជាយក្រុង ហើយ​ត្រូវ​ចូល​ទៅ​ជ្រៅ ។ ប៉ុន្តែ​ទោះ​យ៉ាងណា ប្រសិនបើ​ផ្ទះ​នោះ​ស្ថិត​នៅ​ក្នុង​ក្រុង វា​ងាយស្រួល​ធ្វើ​ដំណើរ តែ​ក៏​មាន​តម្លៃ​ខ្ពស់​ផង​ដែរ ។

២-​ចំណតរថយន្ត ៖
ការ​ជ្រើសរើស​ផ្ទះ យ៉ាងណា​ក៏​មាន​ចំណតរថយន្ត​ផ្ទាល់ខ្លួន​នៅ​ក្នុងផ្ទះ​ដែរ ។ នៅ​ពេល​បើករថយន្ត​ត្រឡប់​មក​ផ្ទះ​យប់​ជ្រៅ​ប៉ុនណា ក៏​មាន​កន្លែង​ចត​រថយន្ត មិន​ចាំបាច់​ចំណាយពេល​រក​កន្លែង បន្ទាប់​ពី​ចត​រួចរាល់ អ្នក​អាច​ដើរ​ចូល​ក្នុងផ្ទះ​បាន ។ ចំណែក​ខុន​ដូ​មាន​ចំណតរថយន្ត​តិច ព្រោះ​ជា​តំបន់​ដែល​ត្រូវ​ចែករំលែក​គ្នា ។ ក្នុង​មួយ​គម្រោង​មាន​ចំណតរថយន្ត​លើស​ពី​៥០%​នៃ​ចំនួន​បន្ទប់ ដូច្នេះ វា​អាច​គ្មាន​កន្លែង​ចត​យានយន្ត​គ្រប់គ្រាន់ និង​សំខាន់​នៅ​ពេល​ចត​រថយន្ត​រួចរាល់ អ្នក​ត្រូវ​ដើរ​ឆ្ងាយ​ទើប​ដល់​បន្ទប់​ជាមួយនឹង​អីវ៉ាន់​រយីងរយោង ព្រមទាំង​ចំណាយ​កម្លាំង​ទៀត​ផង ។

៣-​ទេសភាព ៖
រឿង​ទេសភាព​អាច​និយាយ​បាន​ថា ជា​ភាព​ឆ្នើម​ដែល​ខុន​ដូ​តែង​មាន​ប្រៀប​ជាង​ផ្ទះ​យ៉ាង​ពិតប្រាកដ ។ ប្រសិនបើ​ក្តី​សុខ​របស់​អ្នក គឺ​ការ​អង្គុយ​មើល​ទេសភាព​ទីក្រុង ឬ​ពន្លឺភ្លើង​នៅ​ពេល​យប់​ពី​ទីកន្លែង​ខ្ពស់​ៗ អ្នក​គង់​ត្រូវការ​ជ្រើសរើស​ទិញ​ខុន​ដូ​ប្រសើរ​ជាង ចំណែក​ផ្ទះ ប្រសិនបើ​ទិញ​ផ្ទះ​មាន​បរិវេណ​ក្បែរ​ៗ​ដែល​អាច​បង្កើត​ជា​សួន​ពណ៌​ខៀវ​តូច​ៗ​ទុក​មើល​ខ្លួនឯង​បាន តែ​ទេសភាព​ក្រុង​គង់​មិនមែន​ជា​ចម្លើយ​តប​ទេ ។

៤-​បង្កើត​សួន  ៖
ទោះជា​អគារ​កម្រិត​ណា ក៏​ផ្ទះ​មាន​កន្លែង​បង្កើត​សួន​ច្រើន​ជាង​ខុន​ដូ ។ ប្រសិនបើ​អ្នក​ចូល​ចិត្ត​ដាំ​ដើមឈើ ធ្វើ​សួន​បន្លែ គឺ​ផ្ទះ​ជា​ចម្លើយ​តប​ដែល​សម​ស្រប​ជាមួយ​អ្នក​ច្រើន​ជាង ចំណែក​ខុន​ដូ បរិវេណ​មាន​កំណត់ ដោយ​បន្ទប់​ខ្នាត​តូច​អនុវត្ត​តាម​ច្បាប់​អនុញ្ញាត​របស់​ខុន​ដូ ។ បើសិនជា​អ្នក​ចង់បាន​កន្លែង​ដាំ​បន្លែ​ផ្សេង​ៗ អ្នក​ត្រូវ​ជ្រើសរើស​ទិញ​បន្ទប់​ទំហំ​ធំ​ទៅ​តាម​នោះ​ដែរ ដែល​វា​មាន​តម្លៃ​ខ្ពស់ តែ​យ៉ាងណា​ៗ ក៏​មាន​បរិវេណ​តូច​ជាង​ការ​ជ្រើសរើស​ទិញ​ផ្ទះ ។

៥-​ភាព​ងាយស្រួល ៖
ខុន​ដូ​មាន​ភាព​ងាយស្រួល​ច្រើន​យ៉ាង​ជាង​ផ្ទះ ដែល​ខុន​ដូ​មាន​ទាំង​អាង​ហែល​ទឹក កន្លែង​ទទួលភ្ញៀវ​នៅ​ចំ​កណ្តាល និង​កន្លែង​ហាត់ប្រាណ  ។​ល​។ ចំណែក​ផ្ទះ​បើសិនជា​មិន​បាន​ទិញ​តាម​គម្រោង​ខ្នាត​ធំ​ទេ ក៏​គ្មាន​ភាព​ងាយស្រួល​ដូច​ខុន​ដូ​ដែរ ។ ដូច្នេះ ប្រសិនបើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​បែប​មាន​អ្វី​ៗ​ផ្ដល់​ឲ្យ​គ្រប់​យ៉ាងដូច​ជា កន្លែង​ហាត់ប្រាណ ឬ​សម្រាកលំហែ​អារម្មណ៍ ការ​ជ្រើសរើស​ទិញ​ខុន​ដូ គឺជា​ការ​ឆ្លើយ​តប​ដ៏​ល្អ ខណៈ​ដែល​ខុន​ដូ​ជា​ច្រើន​ផ្តល់​ភាព​ងាយស្រួល​ច្រើន​បែប​ច្រើន​យ៉ាង ។

៦-​សត្វ​ចិញ្ចឹម ៖
ការ​ជ្រើសរើស​ទិញ​ផ្ទះ​នឹង​មាន​ប្រៀប ហើយ​ស័ក្តិសម​សម្រាប់​ការ​ចិញ្ចឹមសត្វ​ជាង​ការ​រស់នៅ​ក្នុង​ខុន​ដូ ។ អ្នក​មិន​ចាំបាច់​ចិញ្ចឹមសត្វ​នៅ​ក្នុងផ្ទះ​នោះ​ទេ ដរាបណា​សត្វ​ចិញ្ចឹម​របស់​អ្នក​មិន​នាំ​មក​នូវ​ភាព​ក្តៅក្រហាយ​ដល់​អ្នក​ណា​ម្នាក់ ។ អ្នក​ក៏​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ចិញ្ចឹមសត្វ​ក្នុងផ្ទះ​ខ្លួនឯង ។ ចំណែក​ការ​ស្នាក់​នៅ​ក្នុង​ខុន​ដូ គម្រោង​ភាគច្រើន​មិន​អនុញ្ញាត​ឱ្យ​ចិញ្ចឹមសត្វ​ឡើយ ឬ​បើ​អនុញ្ញាត ក៏​ចិញ្ចឹម​ក្នុង​បន្ទប់​តូច​ៗ ដែល​មិន​សម​ស្រប​តាម​លក្ខណៈ​ចិញ្ចឹម ។ ដូច្នេះ បើសិនជា​អ្នកដឹង​ខ្លួន​ថា ជា​អ្នក​ស្រឡាញ់​សត្វ ហើយ​ជីវិត​មិន​អាច​គ្មាន​សត្វ​ចិញ្ចឹម​បាន គឺ​គួរ​ជ្រើសរើស​ទិញ​ផ្ទះ​ស្នាក់​នៅ​ល្អ​ជាង​ទិញ​ខុន​ដូ ។

៧-​សុវត្ថិភាព ៖
ការ​រស់នៅ​ក្នុង​ខុន​ដូ នឹង​មាន​ប្រៀប​ក្នុង​រឿង​សុវត្ថិភាព​ជាង​ផ្ទះ ព្រោះ​តំបន់​ដែល​ត្រូវ​ការពារ​សុវត្ថិភាព​មាន​តិច ហើយ​ភ្នាក់ងារ​សន្តិសុខ​អាច​ធ្វើ​តួនាទី​នេះ ។ ប៉ុន្តែ​ទោះ​យ៉ាងណា ក៏​ស្ថិត​លើ​ការ​គ្រប់គ្រង និង​ការ​ចាត់ចែង​តាម​កន្លែង​នីមួយ​ៗ​ផង​ដែរ ។ នេះ​ជា​រឿង​មួយទៀត​ដែល​អ្នក​ត្រូវ​ផ្តល់​ភាព​សំខាន់ និង​យក​មក​ពិចារណា ។

៨-​ចំណែក​រួម ៖
ចំណែក​រួម​នេះ ផ្ទះ​នឹង​មាន​ប្រៀប​ជាង ព្រោះ​បើសិនជា​មិន​ទិញ​ផ្ទះ​តាម​គម្រោង ក៏​នឹង​គ្មាន​ការ​ចំណាយ​លើ​ចំណែក​រួម​នេះ បើ​មាន​ក៏​គ្រាន់តែ​ថ្លៃ​សំរាម​ប្រចាំខែ​ប៉ុណ្ណោះ ។ រីឯ​ផ្ទះ​នៅ​តាម​គម្រោង យ៉ាងណា​ក៏​ការ​ចំណាយ​លើ​ចំណែក​រួម​នេះ​ថោក​ជាង​ខុន​ដូ​ដែរ ។ ទោះជា​អ្នកទិញ​ខុន​ដូ​ហើយ តែ​មិន​បាន​ចូល​រស់នៅ អ្នក​ក៏​ត្រូវ​ចំណាយ​លើ​ចំណែក​រួម​នេះ​ជា​រៀង​រាល់​ខែ ។

៩-​ចំនួន​សមាជិក​ក្នុង​គ្រួសារ ៖
ប្រសិនបើ​ក្រុម​គ្រួសារ​របស់​អ្នកមាន​ចំនួន​សមាជិក​ច្រើន ការ​ជ្រើសរើស​ទិញ​ផ្ទះ គួរតែ​ជា​រឿង​សម​ស្រប​ជាង​ការ​ទិញ​ខុន​ដូ ព្រោះ​ផ្ទះ​អាច​រ៉ាប់រង​សមាជិក​ក្នុង​គ្រួ​សារបាន​ច្រើន និង​សម​ស្រប​ជាមួយ​គ្រួសារ​ធំ​ដែល​មាន​អ្នក​អាយុ​ច្រើន ក៏​ដូច​អ្នកមាន​គម្រោង​រៀប​ការ ឬ​នឹង​មានកូន ។ ចំណែក​ការ​ជ្រើសរើស​ស្នាក់​នៅ​ក្នុង​ខុន​ដូ គួរតែ​សម​ស្រប​ជាមួយ​មនុស្ស​វ័យ​ធ្វើការ​ដែល​មាន​សមាជិកគ្រួសារ​ត្រឹមតែ​២-៣​នាក់ ។

១០-​ទិញ​ងាយ លក់​ឆាប់ ៖
ត្រូវ​ព្រម​ទទួលស្គាល់​ថា ខុន​ដូ​អាច​លក់​ងាយ​ជាង​ផ្ទះ បើ​អ្នក​គិត​ចង់​ទិញ​សម្រាប់​រស់នៅ​យូរអង្វែង ហេតុផល​នេះ​អាច​មិនមែន​ជា​បញ្ហា​ទេ តែបើ​អ្នកទិញ​សម្រាប់​ស្នាក់​នៅ​ក្នុង​រយៈពេល​ខ្លី អ្នក​ត្រូវ​សាកល្បង​សម្រេចចិត្ត​មើល​សិន ហើយ​មិនមែន​ខុន​ដូ​គ្រប់កន្លែង​សុទ្ធតែ​អាច​លក់​បាន​ងាយ​ៗ​ទាំងអស់​ឡើយ ព្រោះ​យ៉ាងណា​ក៏​មាន​កត្តា​ផ្សេង​ទៀត​ដែល​ត្រូវ​ពិចារណា​ផង​ដែរ​ដូច​ជា ទីតាំង និង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​គម្រោង​នីមួយ​ៗ​ជាដើម ៕