ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ គ្មានសន្តិភាព គ្មានក្តីសង្ឃឹម គ្មានការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា បើ​គ្មាន​សន្តិភាព​គ្មាន​ក្តី​សង្ឃឹម គ្មាន​ការ​អភិវឌ្ឍ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន​សែន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា បើ​គ្មាន​សន្តិភាព​គ្មាន​ក្តី​សង្ឃឹម គ្មាន​ការ​អភិវឌ្ឍ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ ។

សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ថ្លែង​ក្នុង​ពិធី​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ ឆ្នាំ​២០២២ នៅ​ក្រុង​សេ​អ៊ូ នា​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ បាន​លើក​ឡើង​ថា នៅ​ក្នុង​ដំណើរការ​នៃ​ការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា និង​ការ​កសាង​ប្រទេស​ឡើង​វិញ​ក្រោយ​សង្គ្រាម ។

សម្តេច​ថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ជនរួមជាតិ​របស់ខ្ញុំ ដែល​តែងតែបាន​គាំទ្រ និង​សាទរ​ចំពោះ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​នូវ​បរិយាកាស​អំណោយផល​សម្រាប់​ការ​ជំរុញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​សន្តិភាព​ដ៏​រឹង​មាំ​មួយ នៅ​កម្ពុជា ។ សម្រាប់​ខ្ញុំ​សន្តិភាព​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំងអស់ ។ សន្តិភាព គឺជា​អ្វី​ដែល​ស្រស់​ស្អាត​បំផុត ។ សន្តិភាព​ផ្ដល់​នូវ​ក្តី​សង្ឃឹម និង​ស្នាមញញឹម​ដល់​មនុស្ស​គ្រប់​រូប ។ អ្នក​ដែល​មិន​ធ្លាប់​បាន​ឆ្លងកាត់​នូវ​ទុក្ខ លំបាក និង​ការ​ឈឺចាប់​ដែល​បង្ក​ដោយ​សង្គ្រាម ប្រហែលជា​មិន​ឱ្យ​តម្លៃ​លើ​សន្តិភាព​នោះ​ឡើយ ។ ចំណែកឯ​អ្នក​ដែល​ធ្លាប់​បាន​ឆ្លងកាត់​ជម្លោះ​ហិ​.​ង្សា ឬ​ភ្លើងសង្គ្រាម ទើប​ដឹង​ថា សន្តិភាព​មាន​តម្លៃ​ដ៏​ថ្លៃថ្លា​ប៉ុណ្ណា​នោះ​» ។

សម្តេច​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​ដែល​បាន​រីក​ធំធាត់ និង​ចំរើន​វឌ្ឍនាកា ដោយ​បាន​ឆ្លងកាត់​នូវ​សង្គ្រាមស៊ីវិល​ជា​ច្រើន​ទសវត្សរ៍​នៅ​កម្ពុជា ។ សម្តេច​រៀបរាប់​ថា​៖«​ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ឈប់​រៀន​នៅ​ក្នុង​ឆ្នាំ​១៩៧០ នៅ​ពេល​ដែល​ប្រទេស​របស់ខ្ញុំ​បាន និង​កំពុង​បែកបាក់​យ៉ាង​ខ្លាំង ហើយ​សង្គ្រាម​ក៏​បាន​ផ្ទុះ​ឡើង​យ៉ាង​សន្ធោសន្ធៅ ។

ជីវិត​កុមារភាព និង​វ័យ​ជំទង់​របស់ខ្ញុំ​ដែល​គួរតែ​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ ប្រសិនបើ​ប្រទេស​ខ្ញុំ​មាន​សន្តិភាព​នោះ ប៉ុន្តែ​ខ្ញុំ​បែរជា​ជួប​តែ​ទុក្ខ​លំបាក និង​ការ​ឈឺចាប់​ទៅ​វិញ ។ នា​ពេល​នោះ​, ខ្ញុំ​ពិតជា​អស់សង្ឃឹម​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​របស់ខ្ញុំ និង​អនាគត​របស់​ប្រទេស​ខ្ញុំ ។ ចាប់ពី​ពេល​នោះ​មក​, ខ្ញុំ​បាន​លះបង់​ជីវិត ដើម្បី​ស្វែងរក​សុខ​សន្តិភាព​ជូន​ប្រទេស​កម្ពុជា​របស់ខ្ញុំ ។ ខ្ញុំ​បាន​ចំណាយពេល​ប្រមាណ​ជិត​បី​ទសវត្សរ៍ ដើម្បី​សម្រេច​បាន​នូវ​ក្ដី​សុបិន​របស់ខ្ញុំ​ដោយ​ខ្ញុំ​ត្រូវ​ស៊ូ​ទ្រំ​នឹង​ការ​លំបាក​សព្វ​យ៉ាង រួម​ទាំង​ការ​ប្រថុយ​ជីវិត​នៅ​ក្នុង​កិច្ច​ដំណើរការ​នៃ​ការ​កសាង​សន្តិភាព​មួយ​នេះ ។

ជាក់ស្ដែង​, ខ្ញុំ​បាន​រង​របួស និង​បាន​បាត់បង់​ភ្នែក​ម្ខាង ។ ខ្ញុំ​ត្រូវ​បង្ខំ​រត់គេច​ខ្លួន​ដោយ​ថ្មើរជើង​ទៅ​កាន់​ប្រទេស​វៀតណាម​ទាំង​កណ្ដាល​យប់​អា​ធ្រា​ត្រ ដោយ​ត្រូវ​ដើរ​ឆ្លងកាត់​ចំការ​មីន និង​ឆ្លងកាត់​ព្រំដែន ដែល​មាន​កងទ័ព​ជា​ច្រើន ។ ជាង​នេះ​ទៅ​ទៀត​, ខ្ញុំ​បាន​ទុក​ចោល​ប្រពន្ធ​របស់ខ្ញុំ​ឱ្យ​នៅ​កណ្តោចកណ្តែង ដែល​នាង​កំពុង​មាន​ផ្ទៃពោះ​នៅ​ឯ​ប្រទេស​កម្ពុជា​»​។

សម្តេច​បន្ត​ថា ក្រោយមក​ទៀត នៅ​ឆ្នាំ​១៩៩៦, ខ្ញុំ​បាន​ប្រថុយ​ជីវិត របស់ខ្ញុំ​ម្តងទៀត ដោយ​បាន​ទៅ​ចរចា​ដោយ​ផ្ទាល់ និង​បញ្ចុះបញ្ចូល​កងកំលាំង​ខ្មែរក្រហម​នៅ​ឯ​មូលដ្ឋាន យោធា​របស់​ពួក​គេ ឱ្យ​ទម្លាក់អាវុធ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​វិញ ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ដោយ​ធានា​នូវ​អាយុជីវិត​, សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ឋានៈ និង​មុខរបរ​របស់​ពួក​គេ ។ គោលនយោបាយ ឈ្នះ​-​ឈ្នះ​នេះ បាន​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​សន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨ ។ គោល នយោបាយ​ឈ្នះ​-​ឈ្នះ​នេះ ក៏​បាន​អនុញ្ញាត​ផង​ដែរ ឱ្យ​រាជរដ្ឋាភិបាល​ផ្តោត​ការ​យកចិត្តទុកដាក់​ទាំងស្រុង ទៅ​លើ​ការ​អភិវឌ្ឍ​ជាតិ ខណៈ​ដែល​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​ផលប្រយោជន៍ និង​កាលានុវត្តភាព នានា​ពី​សន្តិភាព និង​ការ​អភិវឌ្ឍ​កម្ពុជា​រក្សា​បាន​នូវ​សន្តិភាព​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។

សម្តេច​បញ្ជាក់​ថា​៖«​យើង​ប្តេជ្ញា​ចិត្ត​ថា​នឹង​បន្ត​ការពារ និង​លើក​ស្ទួយ​សន្តិភាព​បន្ថែម​ទៀត ។ តាម​រយៈ​បទ​ពិសោធន៍​របស់​កម្ពុជា ដែល​បាន​ឆ្លងកាត់​សង្គ្រាម និង​ការ​កសាង​សន្តិភាព​, ខ្ញុំ​សូម​សង្កត់ធ្ងន់​ថា «​គ្មាន សន្តិភាព គ្មាន​ក្តី​សង្ឃឹម ។ គ្មាន​សន្តិភាព គ្មាន​ការ​អភិវឌ្ឍ ។ គ្មាន​សន្តិភាព គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​គ្មាន​លទ្ធិប្រជាធិបតេយ្យ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ឯកភាព​ចំពោះ​ទស្សនៈ​របស់​លោក ស៊ុន ម៉ុង​មូ​ន និង​លោកស្រី​បណ្ឌិត ហាក់ ចា​ហាន​មូ​ន ដែល​បាន​លើក​ឡើង​ថា «​សន្តិភាព គឺជា​សកម្មភាព​ជាក់ស្ដែង មិនមែន​ជា​ក្តី​សុបិន ដែល​ស្រពេចស្រពិល​នោះ​ទេ​»​។ នេះ​ជា​មូលហេតុ​ដែល​រដ្ឋាភិបាល​របស់ខ្ញុំ​បាន​យក​សន្តិភាព​ជា​អាទិ ភាព​ខ្ពស់ ដោយ​បាន​បញ្ជូន​កងទ័ព​កម្ពុជា​រាប់​ពាន់​នាក់​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព និង បោសសម្អាត​មីន​របស់​អង្គការសហប្រជាជាតិ​នៅ​អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដោយ​សង្ឃឹមថានឹង​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ស្ដារ​សន្តិភាព​នៅ​បណ្តា​តំបន់​ទាំងនោះ ។

ជាង​នេះ​ទៅ​ទៀត​, ទោះបីជា​ប្រទេស​កម្ពុជា​តូច​ក៏​ដោយ​ក៏​កម្ពុជា​បាន​ចូលរួម​ចំណែក​ដល់​ដំណើរការ​នៃ​ការ​ស្វែងរក​សន្តិភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ប្រកបដោយ​សុច្ឆន្ទៈ​, ការ​ទទួលខុសត្រូវ និង​ភាព​ស្មោះត្រង់​ផង​ដែរ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សន្តិភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក​របស់​យើង​នៅ​តែ​មាន​ភាព​ផុយ​ស្រួយ និង​ស្ថិត​ក្រោម​ភាព​តានតឹង ដោយសារ​បញ្ហា​រួម​ផ្សំ​ដូច​ជា ការ​ប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច​, ការ​កើនឡើង​នៃ​គំនិត​ជាតិនិយម​, អំពើ​ភេរវកម្ម​, ភាព​ក្រីក្រ និង​អសន្តិសុខ​ស្បៀង​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល អាកាសធាតុ និង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ។

បញ្ហា​ទាំងនេះ​អាច​នឹង​បំផ្លិចបំផ្លាញ​វឌ្ឍនភាព​របស់​មនុស្ស និង​ជាតិ​សាសន៍​ទាំងមូល​បាន ប្រសិនបើ​យើង​មិន​រួម​គ្នា​ដោះស្រាយ ។ ក្នុង​ន័យ​នេះ​, យើង​ត្រូវ​បង្កើន និង​ធ្វើ​ពិពិធ​កម្ម​កិច្ចសហការ និង​ភាព​ជា​ដៃគូ​របស់​យើង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នានា​ដែល​បណ្តាល​មក​ពី​ការ​គំរាមកំហែង​ទាំងនោះ​ព្រមទាំង​ពង្រឹង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​សន្តិភាព​ឱ្យ​កាន់តែ​រឹង​មាំ ។

ការ​លើកកម្ពស់​សន្តិភាព គឺជា​ការ​ចាំបាច់​សម្រាប់​យើង​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ដូច​ពាក្យស្លោក​របស់​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ ដែល​បាន​លើក​ឡើង ដោយ​សង្ខេប​ថា «​អភិវឌ្ឍ​ពិភពលោក​ឱ្យ​កាន់តែ​ស្រស់បំព្រង សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ