ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ការប្រកាសជាផ្លូវការមួយបានអោយដឹងថា ស្រុកអង្គរជុំជាស្រុកដំបូងបំផុត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅក្នុងខេត្តសៀមរាប ។ សេចក្តីប្រកាស និងការអបអរសាទរទទួលស្គាល់ជាផ្លូវការនេះ ត្រូវបានធ្វើឡើងរួមគ្នា នៃអង្គការភ្លែនអន្តរជាតិកម្ពុជា រដ្ឋបាលស្រុកអង្គរជុំ រដ្ឋបាលខេត្តសៀមរាប មន្ទីរអភិវឌ្ឈន៍ជនបទ និងក្រសួងអភិវឌ្ឍន៍ជនបទ ។
ស្រុកអង្គរជុំគឺជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង ១២ នៃខេត្តសៀមរាប មានឃុំចំនួន ៧ឃុំ មាន ៨៦ភូមិ និងមានប្រជាជនរស់នៅចំនួនជាង ១៥៧០០ ខ្នងផ្ទះ ។ ក្នុងឆ្នាំ ២០១៦ មានតែ ៤៥% នៃគ្រួសារទាំងអស់ប៉ុណ្ណោះដែលមានលទ្ធភាពប្រើប្រាស់បង្គន់។ ការយល់ដឹងរបស់ប្រជាជនអំពីសារៈសំខាន់នៃការអនុវត្តអនាម័យនៅមានកម្រិតទាប ការបន្ទោបង់ពាសវាលពាសកាលជារឿងធម្មតា ។ បន្ទាប់ពីការជម្រុញនិងផ្សព្វផ្សាយ រួមជាមួយកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលបួនឆ្នាំ ប្រជាជនទាំងអស់នៅក្នុងស្រុកមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា ។
គណៈកម្មាធិការវាយតម្លៃដែលមានសមាសភាពមកពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ និងតំណាងស្រុកជិតខាង បានធ្វីការវាយតម្លៃស្រុកអង្គរជុំស្រុក ជាស្រុកដំបូងបំផុត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងស្រុងកាលពី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ។ លក្ខខណ្ឌជម្រុញឱ្យស្រុកអង្គរជុំ បានក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ដោយសារប្រជាពលរដ្ឋក្នុងឃុំនីមួយៗ យល់ដឹងខ្ពស់ពីបញ្ហាអនាម័យ និងមានទម្លាប់អនុវត្តអនាម័យ ក្រោយពីបានចូលរួមយល់ដឹងអំពីការផ្សព្វផ្សាយបំផុសអំពីអនាម័យ ។
លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា៖ «ស្រុកអង្គរជុំក្លាយជាស្រុកដំបូងបំផុតនៅខេត្តសៀមរាបដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក៏ដោយសារកិច្ចសហការល្អពីអាជ្ញាធរភូមិ ឃុំ ស្រុក ជាមួយដៃគូអភិវឌ្ឍន៍នានា ។ ឃុំបានវិភាជថវិកាមូលនិធិឃុំក្នុងការចូលរួមបដិភាគសាងសង់បង្គន់ និងផ្សព្វផ្សាយពីអនាម័យ។ ឃុំ និងស្រុកបានលើករបៀបវារៈការងារទឹកស្អាត និងអនាម័យក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាប្រចាំខែ ដោយមានការគាំទ្របច្ចេកទេសពីក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ អង្គការបណ្តុះកុមារ និងអង្គការភ្លែនអន្តរជាតិបានចូលរួម និងផ្សព្វផ្សាយលើកកម្ពស់អនាម័យនៅស្រុក» ។
លោកបន្តថា៖ «ការលើកកម្ពស់អនាម័យមិនមែនគ្រាន់តែជាការសាងសង់បង្គន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការអប់រំ ដើម្បីផ្លាស់ប្តូរទម្លាប់បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ផឹកទឹកដែលមានសុវត្ថិភាព និងមានទម្លាប់លាងសម្អាតដៃជាមួយសាប៊ូជានិច្ច។ ការរក្សាស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមានសារៈសំខាន់បំផុតដែលទាមទារឲ្យមានការប្តេជ្ញាចិត្តខ្ពស់ និងភាពជាអ្នកដឹកនាំ និងសកម្មភាពយ៉ាងសកម្មរបស់អាជ្ញាធរខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្រុក និងឃុំ ដើម្បីធានាថាសមិទ្ធិផលនេះមានផលប៉ះពាល់យូរអង្វែងដល់ប្រជាពលរដ្ឋ» ។
សូមជម្រាបជូនផងដែរថា អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ យើងខិតខំប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មមួយដោយធ្វើការរួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុស រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ យើងបានចាប់ផ្តើមបេសកកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២។ ក្នុងឆ្នាំ២០២២នេះ យើងនឹងប្រារព្ធខួបលើកទី ២០ របស់យើងដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២០ ឆ្នាំ៕
ចែករំលែកព័តមាននេះ