ខេត្តសៀមរាប ៖ ដោយសារសង្សាររបស់ខ្លួនទៅមានស្រីថ្មី នារីវ័យក្មេងម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នារីវ័យក្មេងចងកសម្លាប់ខ្លួននេះកើតឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពពីមន្ត្រីនគរបាលដែលបានចុះទៅដល់ផ្ទះកើតហេតុ បានឱ្យដឹងថា នារីរងគ្រោះឈ្មោះ ពេជ្រ ស្រីនាង អាយុ១៧ឆ្នាំ មុខរបរ កម្មករទឹកសុទ្ធ មានស្រុកកំណើតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ខណៈពេលម្តាយរបស់នារីរងគ្រោះកំពុងរវល់ចងបន្លែដើម្បីយកទៅលក់នៅផ្សារដូចសព្វមួយដង ពេលម្តាយបែរមកមើលកូនស្រីវិញ ស្រាប់តែឃើញកូនស្រីស្លាប់បាត់ទៅហើយដោយបានយកខ្សែនីឡុងពណ៌ខ្មៅចងភ្ជាប់នឹងធ្នឹមផ្ទះកំពស់ប្រហែល២ម៉ែត្រចង.កសម្លាប់ខ្លួន ។
ប្រភពពីម្តាយនារីរងគ្រោះបានឲ្យដឹងថា មូលហេតុដែលនាំឱ្យនារីវ័យក្មេងរូបនេះសម្រេចចិត្តចងកសម្លាប់ខ្លួននេះ គឺដោយសារមានវិប្បត្តិស្នេហា គ្មានដំណោះស្រាយ (សង្សារបែកចិត្ត) ។
ក្រោយពីពិនិត្យសាកសពនារីរងគ្រោះរួចមក សមត្ថកិច្ចនគរបាលបច្ចេកទេសជំនាញបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីឡើយ ។ សពនារីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ជ្រាវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ