រាជធានីភ្នំពេញ ៖ បន្ទាប់ពីដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ចាម និងបាត់ដំបង គិតជាទឹកប្រាក់មានចំនួន៣.៣៥៥លានយេន ស្មើនឹងប្រហែល៣៣,៥៥លានដុល្លារអាមេរិក ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន បញ្ហាកង្វះខាតទឹកស្អាតនៅខេត្តទាំងពីរខាងលើត្រូវបានកាត់បន្ថយ និងដោះស្រាយ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម (MIH) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ។
សេចក្ដីប្រកាសបានឲ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនេះ នឹងមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវសេវាផ្គត់ផ្គង់ទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្ដែវាក៏បង្កើននូវអត្រាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តទាំងពីរនាពេលបច្ចុប្បន្នដែលមានកម្រិតទាប (៤៥%នៅខេត្តបាត់ដំបង និង៣៥%នៅក្នុងខេត្តកំពង់ចាម) ឲ្យកើនដល់៨៥%នៅត្រឹមឆ្នាំ២០១៩ផងដែរ ។ ក្នុងនោះ ប្រជាជនប្រមាណ១១៩ពាន់នាក់បន្ថែមទៀតនៅក្នុងទីរួមខេត្តទាំង២ នឹងទទួលបានទឹកស្អាតប្រើប្រាស់។ លើសពីនេះទៀត គម្រោងនេះត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់សុខភាព និងលក្ខខណ្ឌអនាម័យសាធារណៈ កាត់បន្ថយការកើតជំងឺផ្សេងៗ ដែលឆ្លងតាមរយៈការប្រើប្រាស់ទឹក កាត់បន្ថយកម្លាំងពលកម្ម និងពេលវេលាក្នុងការស្វែងរកទឹកស្អាតសម្រាប់ប្រើប្រាស់ ដែលជាធម្មតា ជាបន្ទុកការងាររបស់ស្ត្រី និងកុមារ ។
តាមសេចក្ដីប្រកាសបានឲ្យដឹងទៀតថា គម្រោងនេះរួមមាន ៖ បរិក្ខារបូម និងបញ្ជូនទឹកឆៅ, រោងចក្រប្រព្រឹត្តកម្មទឹកស្អាត, ប្រព័ន្ធបណ្ដាញបញ្ជូន និងចែកចាយទឹកស្អាត, បរិក្ខារភ្ជាប់បណ្ដាញចូលផ្ទះ, ជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិការ និងថែរក្សាបរិក្ខារផលិតទឹកស្អាត នឹងត្រូវបានផ្គត់ផ្គង់ផងដែរ ។ ជាពិសេស គឺជួយដល់គ្រួសារក្រីក្រក្នុងការធានាឲ្យមានការតភ្ជាប់បណ្ដាញចូលផ្ទះរបស់គាត់ដើម្បីទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ ។
គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ គឺជាគម្រោងគំរូមួយក្នុងចំណោមគម្រោងជាច្រើនទៀត ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលជប៉ុនលើវិស័យទឹកស្អាតនៅកម្ពុជាតាំងពីឆ្នាំ១៩៩១មក សរុបជាទឹកប្រាក់មានចំនួនប្រមាណ២៦២លានដុល្លារអាមេរិក ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទាំងពីរនេះ គឺជារោងចក្រទី៤ និងទី៥ ដែលត្រូវបានសាងសង់ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការជប៉ុន ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ហើយមួយទៀតនៅក្នុងខេត្តសៀមរាប ។
នៅឆ្នាំ២០១៩ខាងមុខ នឹងមានរោងចក្រប្រពឹត្តកម្មទឹកស្អាតចំនួន២ទៀត ត្រូវបានធ្វើការសាងសង់ និងដាក់ឲ្យដំណើរការនៅក្នុងខេត្តកំពត និងសៀមរាប ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការជប៉ុនផងដែរ ។
ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពង់ចាម និងបាត់ដំបងកាលពីព្រឹកថ្ងៃទី២១ កក្កដា ម្សិលមិញ សម្តេច តេជោ ហ៊ុន សែន បានអបអរចំពោះពលរដ្ឋនៃខេត្តទាំងពីរដែលទទួលបានសមិទ្ធផលនេះ ដោយខេត្តកំពង់ចាម មានប្រភពទឹកពីទន្លេមេគង្គ និងខេត្តបាត់ដំបង យកប្រភពទឹកពីស្ទឹងសង្កែ ដែលមានកម្លាំងផលិតទឹកជាង៣ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ហើយបើកចេញពីក្បាលរ៉ូប៊ីណេមកភ្លាម គឺទទួលទានបានតែម្តង ។ ទន្ទឹមនឹងនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រជាជនខ្មែរ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលតែងតែផ្ដល់ជំនួយជាច្រើនដល់កម្ពុជា។
រដ្ឋាភិបាលនៃប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ចម្បងមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្ដល់អាទិភាពក្នុងការគាំទ្រលើវិស័យ ផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ។ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា នឹងបន្ដកិច្ចសហប្រតិបត្តិការរួមគ្នាឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយនៅក្នុងវិស័យទឹកស្អាត ដែលជាវិស័យដ៏សំខាន់ដើម្បីរក្សានូវនិរន្ដរភាព ព្រមទាំងការពង្រឹង និងពង្រីកការផ្តល់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតជូនដល់អ្នកប្រើប្រាស់ រួមទាំងប្រជាពលរដ្ឋក្រីក្រផងដែរ ៕
ចែករំលែកព័តមាននេះ