រាជធានីភ្នំពេញ ៖ ឆ្នាំ ២០២១ កន្លងទៅរោងចក្រធុនធំដែលដំណើរការនៅកម្ពុជា បានបង្កើតការងារចំនួនជិត ១លាននាក់ និងមានតម្លៃបរិមាណផលិតផលសរុបប្រមាណជាង ៧.៤៣៣ លានដុល្លារអាមេរិក ប៉ុន្តែទាបជាងឆ្នាំ២០២០ ប្រមាណ ១៥ ភាគរយដោយសារកូវីដ ១៩ ។ ក្នុងចំណោមទំនិញដែលមានតម្លៃជាង ៧,៤៣ ពាន់លានដុល្លារអាមេរិក នោះ ទីផ្សារក្នុងស្រុកមានចំនួនជាង ១.៩៧៧ លានដុល្លារអាមេរិក និងតម្លៃបរិមាណសម្រាប់នាំចេញមានចំនួនជាង ៥.៤៤៦ លានដុល្លារអាមេរិក ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា វិស័យឧស្សាហកម្មបានរួមចំណែកដល់ការអភិវឌ្ឍ ការទ្រទ្រង់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ។ លោកថា ក្នុងឆ្នាំ២០២១ ដដែលនោះមានរោងចក្រថ្មីកើតឡើងចំនួន ១៦៣ រោងចក្រ ខណៈដែលមានរោងចក្របិទទ្វារមានចំនួន១៤៨ រោងចក្ រ។ មានន័យថា ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកបណ្ដាលមកពីជំងឺកូវីដ ១៩ ក៏ដោយតួលេខកំណើនរោងចក្រវិជ្ជមាន រវាងចំនួនរោងចក្របើកថ្មី និងបិទទ្វារ ។
ប្រភពដដែលឱ្យដឹងថា ក្នុងឆ្នាំ ២០២១ ទុនវិនិយោគសរុបមានចំនួនជាង ១៣.៨១១ លានដុល្លារអាមេរិក មានការកើនឡើងចំនួនជា ២៥៦ លានដុល្លារ ស្មើនឹង ១,៨៩ ភាគរយ ។ មានន័យថា កម្ពុជានៅរក្សាបានស្ថិរភាពល្អ ទោះប្រឈមនឹងឥទ្ធិពលជំងឺកូវីដ ១៩ ដែលបន្ទុចបង្អាក់ដំណើរការរោងចក្រ និងការបញ្ជាទិញមួយចំនួន ៕
ចែករំលែកព័តមាននេះ