ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​ គ្រោង​ដំណើរការ​ខែកញ្ញា ធ្វើ​ឱ្យការ​ដឹក​ជញ្ជូន​ចំណេញ​ថវិកា ​និង​ពេលវេលា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែកញ្ញា​ខាង​មុខ​នេះ ​។ សាធារណជន ពិសេស​ធុរជន​រកស៊ី​វិស័យ​ដឹក​ជ​ញ្ជួ​ន បាន​សារ​ទរ​ចំពោះ​ដំណឹង​ដែល​ថា ​ផ្លូវ​ល្បឿន​លឿន​លើក​ទី ​១…

រាជធានី​ភ្នំពេញ ​៖ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែកញ្ញា​ខាង​មុខ​នេះ ​។ សាធារណជន ពិសេស​ធុរជន​រកស៊ី​វិស័យ​ដឹក​ជ​ញ្ជួ​ន បាន​សារ​ទរ​ចំពោះ​ដំណឹង​ដែល​ថា ​ផ្លូវ​ល្បឿន​លឿន​លើក​ទី ​១ ​របស់​កម្ពុជា​នេះ​ដាក់​ឱ្យដំណើរការ​មុន​ការ​កំណត់​នោះ​ ។

លោក​ឧកញ៉ា​ ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្មកម្ពុជា បាន​សារ​ទរ​ចំពោះ​ដំណឹង​នេះ ​។ លោក​ថា ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​ដឹក​ទំនិញ​ចេញចូល​កម្ពុជា ក៏​ដូច​ជា​ការ​ធ្វើ​ឡូ​ជី​ស្ទិ​ក​នៅ​ក្នុង​ប្រទេស​ទាំងមូល ដែល​មាន​ប្រមាណ ​៧០% បាន​ប្រើប្រាស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ត្រូវ​ដឹក​ទំនិញ​តាម​រយៈ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវជាតិ​លេខ ​៤ សព្វ​ថ្ងៃនេះ ​។

លោក​ឧកញ៉ា​សង្កត់ធ្ងន់​ថា ​នៅ​ពេល​ដែល​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​នេះ​ដាក់​ឱ្យ​ប្រើប្រាស់ នឹង​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន ​និង​ឡូ​ជី​ស្ទិ​ក​ទទួល​បាន​ផល​ចំណេញ​ច្រើន ​។ ចំណេញ​ទាំងពេលវេលា ​និង​ថ្លៃ​ដឹក​ជ​ញ្ជួ​ន បើ​ប្រៀប ធៀប​ទៅ​និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវជាតិ​លេខ ​៤ ​។ លោក​ឧកញ៉ា​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​វា ​នឹង​ធ្វើ​ឱ្យ​ការ​បើកបរ​ចំណេញ​ប្រេងឥន្ធនៈ​ជាង​ការ​បើកបរ​នៅ​តាម​ផ្លូវ​ចង្អៀត​ហើយ​បើក​យឺត​នោះ​ ។ ចំណេញ​ម្យ៉ាងទៀត​ចំណេញ​លើ​ចម្ងាយ​ផ្លូវ​ ៣០ ​ទៅ​ ៤០​ គីឡូម៉ែត្រ​បើ​ធៀប​ទៅ​និង​ផ្លូវជាតិ​លេខ ​៤ ​។

លោក​ឧកញ៉ា​បន្ត​ថា​ «​យើង​សង្ឃឹមទុក​ថា ​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ក៏​ដូច​ជា​ការ​ធ្វើ​ឡូ​ជី​ស្ទិ​ក​នៅ​ក្នុង​ប្រទេស​នេះ​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​ពិសេស​អាច​ប្រកួតប្រជែង​ជាមួយ ​និង​ប្រទេស​ជិតខាង​បាន​ទៅ​លើ​ការ​ដឹក​ជញ្ជូន​និង​ឡូ​ជី​ស្ទិ​ក​នេះ​»​ ។

ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា​ថា ផ្លូវ​ល្បឿន​លឿ​នេះ​នឹង​ក្លាយជា​ជម្រើស​ទី​ ១​ សម្រាប់​ការ​ដឹក​ជ​ញ្ជូ​ន ​។ ចំណែក​ផ្លូវជាតិ​លេខ​ ៤ ​អាច​នឹង​ក្លាយជា​ផ្លូវ​ទេសចរណ៍​ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ។ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ វិនិយោគ​ក្នុង​កញ្ចប់​ទឹកប្រាក់​ជាង ២ ពាន់​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ប្រទេស​ចិន ​។ ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ​នឹង​ត្រូវ​បង់​ថវិកា​ ។

កន្លង​មក​លោក​ ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹក​ជ​ញ្ជូន​និយាយ​ថា លោក​នឹង​ស្នើ​ឱ្យក្រុមហ៊ុន​បញ្ចុះ​ថ្លៃពី ​៥ ​ទៅ ​១០ ​ឆ្នាំ​សិន ដើម្បី​ផ្តល់​លទ្ធភាព​អាច​ឱ្យពលរដ្ឋ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​បាន ​។ ​លោក​ថា លទ្ធភាព​ពលរដ្ឋ​ពេល​នេះ​មិន​ទាន់​អាច​ចំណាយ​លើ​ការ​បង់ថ្លៃ​សេវា​បើកបរ​លើ​ផ្លូវ​ល្បឿន​នេះ​ទេ បើ​កំណត់​តម្លៃ​ស្តង់ដារ​តាម​ប្រទេស​មួយ​ចំនួន​នោះ​ ។ ​តម្លៃ​ស្តង់ដារ​ផ្លូវ​ល្បឿន​លឿន​តាម​ប្រទេស​ផ្សេង​ៗ​ចន្លោះ​ពី ១០ សេន ទៅ ១៥ សេន​ក្នុង​មួយ​គីឡូម៉ែត្រ ដូច្នេះ​បើ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ក៏ ​២០ ​ដុល្លារ​ដែរ លើ​ប្រវែង​ផ្លូវ​ជាង ១៩០ គីឡូម៉ែត្រ​នេះ​ ។

នៅ​ពេល​បង្ហើបឱ្យ​ដឹង​ពី​គម្រោង​ដាក់​ឱ្យដំណើរការ​ផ្លូវ​ល្បឿន​លឿន​នេះ លោក ស៊ុន ចាន់​ថុ​ល ពុំ​បាន​បញ្ជាក់​ពី​តម្លៃ​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះនោះ​ទេ​ ។ តែ​លោក​ថា ​ផ្លូវ​នេះ​នឹង​ដាក់​ឱ្យពលរដ្ឋ​ធ្វើ​ដំណើ​សាកល្បង​នៅ​ខែ​ក្ក​ដា​ខាង​មុខ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ