អង្គការសុខភាពពិភពលោកកំពុងតែមានការព្រួយបារម្ភលើការរីករាលដាលនៃកូវីដអូមីក្រុង ប្រភេទថ្មី BA.2 ថាវាអាចនឹងក្លាយជាកូវីដដែលមានភាពលេចធ្លោជាងគេក្នុងពិភពលោក។
លោកស្រីវេជ្ជបណ្ឌិត Dorit Nitzan នាយកផ្នែកគ្រាអាសន្នប្រចាំតំបន់សម្រាប់ WHO បានប្រាប់ សារព័ត៌មាន The Jerusalem Post ថា កូវីដអូមីក្រុងប្រភេទថ្មីឈ្មោះថា BA.2 មានសក្តានុពលយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យនឹងរីករាលដាលលឿនជាងគេលើពិភពលោក។ បើទោះបីជាពេលនេះ គេឃើញមានសញ្ញាបង្ហាញថា កូវីដអូមីក្រុងអាចនឹងធ្លាក់ចុះ តែនេះមិនមានន័យថា វាអាចបាត់ទៅណាទេ ដោយសារតែលេចមុខកូវីដអូមីក្រុងសេរីថ្មី BA.2 នេះមក។

ប្រទេសមួយចំនួនមិនទាន់រកឃើញថាមានវត្តមានកូវីដ BA.2 នេះច្រើននៅឡើយទេ។ តែវាមានភាពលេចធ្លោខ្លាំងនៅចក្រភពអង់គ្លេស និង ប្រទេសដាណឺម៉ាក។ លោកស្រីវេជ្ជបណ្ឌិត បានប្រាប់ថា៖ “វាឆ្លងលឿនណាស់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប្រសិនបើយើងនៅក្នុងបន្ទប់ជាមួយនឹងអ្នកមានវា អ្នកនឹងអាចឆ្លង។ នៅពេលដែលអ្នកដោះម៉ាស់អ្នកចេញ ដើម្បីហូបអាហារ វានឹងឆ្លងចូលភ្លាម។ យើងឃើញករណីនេះមាននៅប្រទេសដាណឺម៉ាក។ វាឆ្លងលឿនណាស់!”
អង្គការសុខភាពពិភពលោកបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងតាមមើលបំរែបំរួលរបស់កូវីដអូមីក្រុងប្រភេទថ្មី BA.1.1, BA.2 និង BA.3 ដែលទាំងអស់នេះសុទ្ធតែជាកូនចៅជំនាន់ក្រោយរបស់អូមីក្រុងដើមទាំងអស់៕
ចែករំលែកព័តមាននេះ