រាជធានីភ្នំពេញ ៖ នៅពេលដល់ម៉ោងកម្មករកម្មការិនីរោងចក្រកាត់ដេរចេញពីធ្វើការ ដើម្បីទទួលទានអាហារថ្ងៃត្រង់ អ្នកស្រី វ៉ាន ដែលជាអ្នកលក់បាយម្នាក់បានមកដល់មុខរោងចក្រជាស្រេច ។ ម្ហូបអាហារ និងបាយដែលគាត់តៀមលក់ឱ្យកម្មករ-កម្មការិនី បានច្រកក្នុងថង់រួចជាស្រេច ។ បាយដាក់ថង់ដោយឡែក ម្ហូបដាក់ថង់ដោយឡែក ។
ម៉ូយដែលទិញអាហាររបស់គាត់បានដឹងជាស្រេចថា គេត្រូវទទួលទានម្ហូបអ្វី នឹងអស់លុយប៉ុន្មាន ។ ជាទូទៅកម្មក-កម្មការិនី ទទួលទានអាហារមួយពេលមិនលើសពី ២ ដុល្លារ ដែលស្មើ ៨ ពាន់រៀលនោះទេ ។ ពួកគាត់ទិញបាយមួយថង់ និងម្ហូបមួយថង់ ដែលអ្នកលក់បានច្រកជាស្រេចនៅក្នុងថង់ប្លាស្ទីក ។
អ្នកស្រី វ៉ាន តែងតែចម្អិតអាហារយកទៅលក់នៅរបងរោងចក្រនៅម្ដុំសួនឧស្សាហកម្មកាណាឌីយ៉ា ។ នៅពេលចម្អិតអាហារពីផ្ទះរួច អ្នកស្រីបានយកអាហារទាំងនោះទៅលក់ដោយពុំចាំបាច់មានគ្រែ មានតូបស្អាតបាតលក់នោះទេ។ នៅក្នុងបរិមាណអាហារដែលបានត្រៀមលក់ប្រចាំថ្ងៃពី ៤០០ ទៅ ៥០០ ថង់ អ្នកស្រីលក់តែក្នុងរយៈពេលពី ២០ ទៅ ៣០ នាទីប៉ុណ្ណោះ ។ ក្រោយពីទិញបាយ និងម្ហូបច្រកថង់ស្រេចៗនេះហើយ កម្មករ-កម្មការិនី បានយកអាហារទាំងនោះទៅអង្គុយទទួលទានជុំគ្នាតាមដងផ្លូវ ក្រោមម្លប់ដើមឈើ និងក្រោមសំយ៉ាបអគារនានាដែលមានម្លប់ ។
អ្នកស្រី វ៉ាន និយាយថា ការលក់បាយមុខរោងចក្រឱ្យកម្មករ-កម្មការិនី នេះ ហាក់ហត់បន្តិច ។ ហត់ក្នុងការចម្អិតអាហារ និងដឹកជញ្ជួនពីផ្ទះមកកន្លែងលក់ ប៉ុន្តែការលក់ប្រើពេលខ្លីប៉ុណ្ណោះ ខុសពីការលក់ដូរនៅកន្លែងនានា ដែលត្រូវលក់ពេញមួយថ្ងៃ ពេញមួយព្រឹក ។ នៅក្នុងអារហារចន្លោះពី ៤០០ ទៅ ៥០០ ថង់ដែលគាត់លក់នេះ អាចទទួលបានចំណូលជាចំណេញប្រមាណ ២០ ម៉ឺនរៀលដែរ ។ «លក់បាយនៅរោងចក្រនេះអាចឱ្យគ្រួសារខ្ញុំសន្សំលុយទិញផ្ទះ និងឱ្យកូនរៀនសូត្របាន ។ យើងផ្សំគ្នាលុយពីប្តីធ្វើការផង លក់ផងទប់គ្នា» អ្នកលក់បាយនិយាយទាំងទឹកមុខញញឹម ។
កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នៅក្នុងឆ្នាំ ២០២២ នេះ ទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ ដុល្លារក្នុងមួយខែលើសពីឆ្នាំ ២០២១ ចំនួន ២ ដុល្លារ ។
អាហារដែលកម្មករកាត់ដេរទិញទទួលទាន ដែលអ្នកលក់ច្រងថង់ជាស្រេចមានតម្លៃពី ៣ ពាន់ទៅ ៥ ពាន់រៀលក្នុងមួយមុខ ។
ជាញឹកញាប់ខាងសង្គមស៊ីវិលរួមនឹងកម្មករ-កម្មការិនី ផ្ទាល់ផងតែងតែលើកឡើងពីការទទួលទានអាហារគ្មានជីវជាតិ និងទំនងខ្វះអនាម័យ ដែលលក់មុខរោងចក្រ នៅពេលប្រាក់ខែរបស់ពួកគេឡើងមិនទាន់ថ្លៃទំនិញលើទីផ្សារនោះ ៕
ចែករំលែកព័តមាននេះ