ខេត្តតាកែវ ៖ ការបោចសម្អាតរោមសត្វមាន់ និងសត្វទា សម្រាប់ពិធីបុណ្យទាន ឬមង្គលការម្តងៗ ដែលមានតម្រូវការសាច់មាន់ទាច្រើនក្បាលនោះ ការសម្អាតរោមសត្វស្លាបទាំងនេះ មិនមែនងាយស្រួលប៉ុន្មាននោះទេ ។ ដោយសារពលរដ្ឋជាច្រើនធុញ និងខ្វះមនុស្សធ្វើកិច្ចការនេះ ទើបមានរបរបោចសម្អាតរោមមាន់ និងទា ហើយអ្នកចាប់របរនេះអះអាងថា កាក់កបទៀតផង ដូចជាលោក រៀម រ៉ាត់ ជាដើម ។

លោក រៀម រ៉ាត់ អាយុ ៤៥ ឆ្នាំ រស់នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។ លោក និងភរិយាជាអ្នករកកម្រៃតាមរយៈបោចរោមមាន់ រោមទា ឱ្យគេ និងនិងលក់សាច់មាន់ទាក្នុងភូមិផង ។ បុរសដែលមានមាឌធំ មានកម្លាំងខ្លាំងរូបនេះនិយាយថា ពីដំបូងឡើយលោកមានការងារជាអ្នកដើរអារឈើ ប៉ុន្តែការងារដែលប្រើកម្លាំងខ្លាំងនេះមិនកាក់កបសោះ ។ ទោះលោកខំដើរអារឈើពីកន្លែងមូយទៅកន្លែងយ៉ាងណាក្តី តែបើក្រឡេកមើលជីវភាពវិញឃើញថានៅតែលំបាក ។

នៅឆ្នាំ ២០១៥ លោកចាប់របរបោចរោមមាន់ និងទាវិញ ។ ប្រកបរបរនេះឃើញថា ជីវភាពបានល្អប្រសើរ ។ លោកនិងភរិយាអាចសន្សំលុយបានរហូតសាងសង់ផ្ទះរស់នៅសមរម្យនឹងគេ ។ លោក រៀម រ៉ាត់ បាន ឱ្យដឹងថា មុខរបរស៊ីឈ្នួលបោចរោមមាន់ទាមានអតិថជនមិនដាច់ទេ ដែលបានយកសត្វមកឱ្យលោកសម្អាត ។ លោកថា ក្រៅពីការសម្អាតឱ្យគេ លោកបានធ្វើមាន់ទា ដើរលក់ដោយខ្លួនឯងទៀតផង ។

ពីដំបូងលោកសម្អាតរោមមាន់ និងទា ដោយដៃ និងក្រោយមកលោកបានទិញឧករណ៍សម្អាត ដែលធ្វើឱ្យការងាររបស់លោកកាន់តែរហ័ស សេវាកាន់តែល្អសម្រាប់អតិថជន ។ ដោយឈរលើគោលការណ៍ច្បាស់លាស់ក្នុងការសន្សំក្នុងមួយថ្ងៃឱ្យបាន ៥ ម៉ឺនរៀល ការចាប់របរសម្អាតរោមមាន់ រោមទា នេះជិត ១០ ឆ្នាំមកនេះ ធ្វើឱ្យលោកមានលទ្ធភាព សង់ផ្ទះឈើលើ ក្រោមថ្មពីរខ្នងរស់នៅយ៉ាងសរម្យ ។ «របរអ្វីក៏អាចរកចំណូលបានដែរ ឱ្យតែជារបរសុច្ចរិត មិនបោកប្រាស់គេ ។ ជាមួយគ្នានេះយើងត្រូវចេះសន្សំសំចៃទៅជីវភាពនឹងប្រសើរហើយ» លោក រៀម រ៉ាត់ ដែលកំពុងរវល់នឹងការងារផងបានឆ្លៀតបញ្ជាក់ដូច្នេះ ។

ទោះជាយ៉ាងណាលោក រៀម រា់ត់ និយាយថា នៅក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ លោកខិតខំតស៊ូពីរនាក់ប្តីប្រពន្ធជាខ្លាំង ពិសេសការសន្សំសំចៃ ដោយលុយដែលរកបានមិនហ៊ានចាយវាយផ្តេសផ្តាសនោះឡើយ ។ លោកថា របរបោច រោមមាន់នេះ ស្តាប់ទៅងាយស្រូល ប៉ុន្តែមិនស្រួលទេ ដើម្បីឱ្យបានសាច់មាន់ទាន់កម្មវិធីគេ ជារៀងរាល់ថ្ងៃលោក និងភរិយាត្រូវក្រោកពីម៉ោង ៣ ទាបភ្លឺដើម្បីធ្វើការងារនេះ ។ ក្រោកពីព្រលឹមសម្អាតមាន់ទាឱ្យគេ រួចហើយលោកសម្អាតសត្វរបស់ខ្លួនឯងទៀត ពីព្រោះលោកត្រូវដើរលក់មាន់ទា ចល័តតាមភូមិទៀត ៕


ចែករំលែកព័តមាននេះ