ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ សាលាដំបូងខេត្តកោះកុង បានបើកអង្គសវនាការលើករណីឃាតកម្មកាប់ជាច្រើនពូថៅប្លន់យកទ្រព្យសម្បត្តិលើជនរងគ្រោះឈ្មោះ ម៉េង សៃ ភេទស្រី អាយុ៥៣ឆ្នាំ កាលពីខែឧសភា ឆ្នាំ២០១៥ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
គួររំលឹកថា ករណីខាងលើ ដំបូងឡើយមតិមហាជនបានយល់ច្រឡំថាជាករណីកូនស្រីបង្កើតសម្លាប់ម្តាយរបស់ខ្លួនប្លន់យកមាសប្រាក់កេរ្តិ៍មរតកដែលម្តាយមិនព្រមចែកឲ្យ គឺកូនស្រីឈ្មោះ ប៉ាន់ ណៃស៊ីម អាយុ៣២ឆ្នាំ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកូនស្រីបង្កើតរូបនេះ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ជា មុំ ភេទស្រី អាយុ៤៥ឆ្នាំ ដែលជាមនុស្សស្និទស្នាលជាមួយស្ត្រីរងគ្រោះ ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេល១ខែ កូនស្រីឈ្មោះ ប៉ាន់ ណៃស៊ីម ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ចំណែកជនសង្ស័យឈ្មោះ ជា មុំ ត្រូវបានសមត្ថកិច្ចរកឃើញវត្ថុតាងដូចជា ខ្សែក ខ្សែដៃ របស់ជនរងគ្រោះនៅក្នុងផ្ទះរបស់ខ្លួន ត្រូវជាប់បន្ទុកក្នុងករណីឃាតកម្មនេះ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០កក្កដានេះ ក្នុងអង្គសវនាការ លោកចៅក្រម អាំង ចិន្តា បានចេញសាលក្រមស្ថាពរសម្រេចផ្តន្ទាទោសជនសង្ស័យឈ្មោះ ជា មុំ ដាក់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឲ្យឈ្មោះ ជា មុំ សងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណីគឺកូនស្រីឈ្មោះ ប៉ាន់ ណៃស៊ីម ចំនួន២០លានរៀល តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ៕
ចែករំលែកព័តមាននេះ