ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរធ្វើនំបញ្ចុក ធ្វើឱ្យគ្រួសារពលរដ្ឋម្នាក់នៅខេត្តតាកែវ រំដោះខ្លួនពីបំណុលធនាគារ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សំឡេងម៉ាស៊ីនធ្វើនំបញ្ចុករបស់គ្រួសារលោក រ័ត្ន សុន បានលាន់ឮឡើងនៅរៀងរាល់ព្រឹកចាប់ពីម៉ោង ៦ ទៅ ។ ជាមួយម៉ាស៊ីនកិនម្សៅនេះសមាជិកនៅក្នុងគ្រួសារលោកជាច្រើននាក់បានរវល់គ្រប់គ្នានៅក្នុងចង្វាក់ផលិតកម្មនំខ្មែរមួយប្រភេទនេះ…

ខេត្តតាកែវ ៖ សំឡេងម៉ាស៊ីនធ្វើនំបញ្ចុករបស់គ្រួសារលោក រ័ត្ន សុន បានលាន់ឮឡើងនៅរៀងរាល់ព្រឹកចាប់ពីម៉ោង ៦ ទៅ ។ ជាមួយម៉ាស៊ីនកិនម្សៅនេះសមាជិកនៅក្នុងគ្រួសារលោកជាច្រើននាក់បានរវល់គ្រប់គ្នានៅក្នុងចង្វាក់ផលិតកម្មនំខ្មែរមួយប្រភេទនេះ ដើម្បីឱ្យទាន់ពេលវេលាសម្រាប់ម៉ូយយកទៅលក់ ឬ រៀបចំកម្មវិធីនានា ។ ខ្លះយកនំបញ្ចុកទៅលក់ជាមួយទឹកសម្លខ្មែរ សម្លការី ឬ បែបផ្សេងៗតាមការច្នៃដូចជានំបញ្ចុកកំពត និងមានពលរដ្ឋមួយចំនួនទិញនំបញ្ចុកទៅរៀបចំទទួលភ្ញៀវក្នុងពិធីឡើងផ្ទះជាដើម ។

គ្រួសារលោក រ័ត្ន សុន ស្ថិតនៅក្នុងភូមិចិន ឃុំធ្លក ស្រុកទ្រំាង ខេត្តតាកែវ បានប្រកបរបរធ្វើនំបញ្ចុកនេះតំាងពីឆ្នំា ១៩៩៧ មកម្លេះ ។ លោកធ្វើនំបញ្ចុកលក់តំាងពីអ្នកស្រុកជិតឆ្ងាយមិនទាន់ស្គាល់ស្នាដៃ រហូតដល់គេល្បីគ្រប់គ្នាពីសរសៃរនំបញ្ចុករបស់លោក ។ នៅក្នុងមួយថ្ងៃៗគ្រួសារលោកធ្វើនំបញ្ចុកលក់មិនតិចជាង ៥០ គីឡូក្រាម ។ បុរសដែលមានអាយុ ៥៣ ឆ្នំា បានរៀបរាប់ក្នុងសម្តីមួយៗថា «មុខរបរធ្វើនំបញ្ចុកនេះវាមិនបានប្រាក់ចំណេញឱ្យក្លាយជាអ្នកមាននោះទេ តែវាបានត្រឹមតែជួយគ្រួសារ ជួយឱ្យកូនបានរៀនសូត្រ និងបានត្រឹមតែរស់នៅមិនពិបាកខ្លំាង» ។

ជាមធ្យមក្រៅពីការចំណាយនានា ក្នុងមួយថ្ងៃគ្រួសារលោក សុន អាចសល់ប្រាក់ ៣ ម៉ឺនរៀល ។ លោក រ័ត្ន សុន បានត្អូញថា ការផលិតនំបញ្ចុកត្រូវប្រើកម្លំាងខ្លំាងក្នុងច្របាច់ម្សៅ ។ លោកត្រូវប្រើកម្លំាងញីម្ស៉ៅនំមុននិងយកម្ស៉ៅទៅរោយធ្វើជានំបញ្ចុក ។ «បើយើងទៅរកមុខរបរផ្សេងយើងពិបាកនឹងធ្វើ តែបើយើងប្រកាន់ភ្ជាប់នូវមុខរបរនេះ គឺអាចឱ្យគ្រួសារយើងអាចរស់បានដោយមិនលំបាក រួមផ្សំជាមួយជាមួយប្រាក់ចំណូលពីការធ្វើស្រែ និងការចិញ្ចឹមសត្វ ។ ពាក្យចាស់ពោលថា ធ្វើអ្វីធ្វើឱ្យប្រាកដ ទើបមិនអត់ប្រយោជន៍» ។

អ្នកស្រី ហែម សារ៉ន អាយុ ៤១ ឆ្នំា ដែលភរិយាលោក សុន បាននិយាយថា កាលមិនទាន់ប្រកបមុខរបរធ្វើនំបញ្ចុកលក់ គ្រួសារអ្នកស្រីធ្លាប់ជំពាក់បំណុលគេ ។ ប៉ុន្តែនៅពេលចាប់យកអាជីពជាអ្នកធ្វើនំបញ្ចុកលក់បានប៉ុន្មានឆ្នំាមក មុខរបរមួយនេះក្រៅពីជួយដោះបន្ទុកបំណុលគ្រួសារបាន វាថែមទំាងជួយម្រេចនូវគោលបំណងដែលអ្នកស្រីចង់បានទៀតផង ។ អ្នកស្រីបន្តថា ការធ្វើនំបញ្ចុកលក់នៅរៀងរាល់ថ្ងៃនេះមិនសូវជាមានភាពមមាញឹកច្រើននោះទេត្រឹមតែពីរនាក់ប្តីប្រពន្ធក៏អាចធ្វើនំបានដែរ ។ ប៉ុន្តែបើមានការកុម្ម៉ង់ច្រើនរាប់រយគីឡូក្រាម ទាមទាររកកម្លាំងពលកម្មជួយបន្ថែមទើបទៅរួច ។

និយាយបណ្តើរស្រ្តីមេផ្ទះរូបនេះ បានរៀបរាប់ពីការកុម្ម៉ង់នំបញ្ចុករបស់អ្នកស្រី ដោយមានពលរដ្ឋនៅក្នុងភូមិយកទៅរៀបចំកម្មវិធីនានា ។ ជាមួយទឹករីករាយ អ្នកស្រីនិយាយតិចៗថា សម្រាប់នៅខែកុម្ភៈ ឆ្នំា២០២២ នេះយើងទទួលបានការកុម្ម៉ង់ឱ្យធ្វើនំបញ្ចុកនៅថ្ងៃទី ១២ ចំនួន ៣៥០ គីឡូក្រាម ថ្ងៃទី ១៧ ចំនួន ៦០០ គីឡូក្រាម និងថ្ងៃទី ១៩ ចំនួន ៦០០ គីឡូក្រាមទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ