រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចាប់ដៃជាមូយសាកលវិទ្យាល័យមួយនៅភ្នំពេញ ក្នុងការកសាងភាពជាដៃគូ បង្កើតទំនាក់ទំនងទ្វេភាគី ដើម្បីជួយជំរុញ និងបង្កើនឱកាសកម្មសិក្សា ឱកាសការងារ ពិសេសការអភិវឌ្ឍអាជីពវិជ្ជាជីវៈដល់សិស្ស និស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ថ្នាក់ឧត្តមសិក្សា ។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ការចាប់ដៃជាមួយដៃគូជាសកលវិទ្យា ល័យនេះ ដើម្បីស្វែងរកលទ្ធភាពធ្វើការរួមគ្នាក្នុងការផ្តល់វគ្គសិក្សាជំនាញបច្ចេកទេស ឬសិក្ខាសាលាស្តីពីហិរញ្ញវត្ថុ ដល់សិស្ស និស្សិត ដែលជាការជំរុញ និងផ្តល់ឱកាសចុះកម្មសិក្សា ឱកាសចូលបម្រើការងារ ក៏ដូចជាឱកាសអភិវឌ្ឍសមត្ថភាពអាជីពវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិកជាង ១០០ ស្ថាប័ននៅទូទាំងប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នារវាងសកលវិទ្យាល័យធនធានមនុស្ស សម្រាប់ការអប់រំពីហិរញ្ញវត្ថុ ។ សកម្មភាពនេះត្រូវគេចាត់ទុកជាលើកទីមួយដែលមានគ្រឹះស្ថានឧត្តមសិក្សាចាប់ដៃសហប្រតិបត្តិការជាផ្លូវការជាមួយវិស័យមីក្រូហិរញ្ញវត្ថុ ។
លោកសាស្ត្រាចារ្យ ឯក មនោសែន សាកលវិទ្យាធិការសកលវិទ្យាល័យធនធានមនុស្ស បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់យោជន៍ច្រើនដល់និស្សិត ។ តាមរយៈអនុស្សារណៈនេះ និស្សិត អាចចូលរួមចុះកម្មសិក្សា ហាត់ការ រកការងារធ្វើជាមួយសមាជិករបស់សមាគមយ៉ាងតិច ១២០ គ្រឹះស្ថាន ។
លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្ស គឺជាកត្តាដ៏ចាំបាច់ ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព តាមទិសដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាកំណើនសេដ្ឋកិច្ចជាតិ ។ ការចុះអនុស្សរណៈយោគយល់នាពេលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិសេសជំនាញផ្នែក ហិរញ្ញវត្ថុ ដល់សិស្សនិស្សិត ។
វិស័យមីក្រូហិរញ្ញវត្ថុ ត្រូវគេអះអាងថា បានផ្តល់ការងារជាង ៣ ម៉ឺននាក់នៅទូទាំងប្រទេស ខណៈដែលវិស័យធនាគា និងហិរញ្ញវត្ថុទាំងមូលមានបុគ្គលិកបម្រើការងារប្រមាណ ៨ ម៉ឺននាក់ ។ វិស័យហិរញ្ញវត្ថុត្រូវបានគេមើលឃើញថា មានការអភិវឌ្ឍន៍យ៉ាងឆាប់រសហ័សនៅកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០២១ វិស័យមីក្រូហិរញ្ញវត្ថុ (ដោយមិនបញ្ចូលទិន្នន័យពីធនាគារ) បានផ្តល់ឥណទានជាង ៨.៧២៨ លានដុល្លារ ដល់ពលរដ្ឋជិត ២ លាននាក់ ៕
ចែករំលែកព័តមាននេះ