រាជធានីភ្នំពេញ ៖ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានសម្រេចធ្វើការចោទប្រកាន់នារីខ្មែរឥស្លាម២នាក់ ជាផ្លូវការពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ក្រោយតំណាងអយ្យការចោទប្រកាន់រួចរាល់ហើយ សំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះសន្ន ដោយរង់ចាំទទួលតាមបទល្មើសដែលជនសង្ស័យបានប្រព្រឹត្ត។
សូមជម្រាបថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៤ ខែកុម្ភៈ បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសាធាតុញៀនមួយករណីនៅរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀន ជាង១ គីឡូក្រាម។ ជនសង្ស័យម្នាក់ឈ្មោះ វ៉ែន សំណាងរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម និងម្នាក់ឈ្មោះទៀតឈ្មោះ ឯល អាត់ទរី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ដូចគ្នា។ កិច្ចបង្ក្រាបនោះសមត្ថកិច្ច បានអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
នៅវេលាម៉ោង៣ និង១០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៣) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា នាយករងមន្ទីរ និងលោកវរ:សេនីយ៍ឯក ទិត ចំរើន នាយការិយាល័យទី៣ និងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបនៅចំណុចបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លុះវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃដដែលនោះ បានបន្តឆែកឆេរផ្ទះលេខ១២ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លទ្ធផលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ និងចាប់យកវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១គីឡូ ៣០១.៩៩ ក្រាម។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕ ដោយ ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ