ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះភ្នែកមើលមិនសូវឃើញ តែលោក ម៉ាច តំាងអូន នៅតែព្យាយាមធ្វើកម្មករសំណង់ដើម្បីជីវិត

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អ្នកមានភ្នែកភ្លឺច្បាស់នៅតែត្អូញថា ពិបាកនៅក្នុងការងារសំណង់ ដែលមានការប្រឈមគ្រោះថ្នាក់ច្រើនយ៉ាងនោះ ។ ប៉ុន្តែលោក ម៉ាច តំាងអូន ដែលភ្នែកទំាងគូរបស់លោកមើលមិនច្បាស់យ៉ាងណា…

ខេត្តតាកែវ ៖ អ្នកមានភ្នែកភ្លឺច្បាស់នៅតែត្អូញថា ពិបាកនៅក្នុងការងារសំណង់ ដែលមានការប្រឈមគ្រោះថ្នាក់ច្រើនយ៉ាងនោះ ។ ប៉ុន្តែលោក ម៉ាច តំាងអូន ដែលភ្នែកទំាងគូរបស់លោកមើលមិនច្បាស់យ៉ាងណា លោកនៅខំធ្វើជាកម្មករសំណង់ ដើម្បីរកប្រាក់ចិញ្ចីមជីវិត ។ លោកបានប្រើដៃគូរបស់លោកស្ទាប់ ជំនួសឱ្យភ្នែកនៅក្នុងការងារដែលប្រើកម្លំាងបាយនេះ ។

លោក ម៉ាច តំាងអូន អាយុ ៥៨ ឆ្នំា បានធ្វើជាកម្មករសំណង់តំាងពីឆ្នាំ ១៩៨៩ មកម្លេះ ។ កម្មករសំណង់ដែលមានដើមកំណើតនៅក្នុងខេត្តតាកែវ រូបនេះ ជាអ្នកលាយកំបោរ ហើយពេលខ្លះធ្វើជាអ្នកធ្វើពុម្ភសម្រាប់ចាក់ពីដានផ្នែកខាងលើនៃសំណង់អគារ ។ លោកបាននិយាយថា ទំនាក់ទំនងការងារនៅក្នុងការដ្ឋានសំណង់ ពិសេសកម្ទេចកំបោរ និងធូលីពីបរិយាកាសក្នុងការដ្ឋានបានធ្វើឱ្យភ្នែករបស់លោក ដែលធ្លាប់មើលច្បាស់ឈានទៅស្រវំាងមើលមិនច្បាស់បន្តិចម្តងៗ ។

«សព្វថ្ងៃនេះសម្ភារតូចៗដូចជាដែកគោល និងវត្ថុខ្លះផ្សេងទៀតភ្នែកខ្ញុំមើលមិនឃើញទេ ។ បើលាយកំបោរវិញយើងប្រើការស្មានៗ ជំនួសភ្នែក ។ ខ្ញុំចេះតែខំស្ទាប់ និងស្មានៗទៅ បើមិនធ្វើការនឹងដាច់បាយស្លាប់ហើយ» លោក តំាងអូន និយាយទំាងទឹកមុខស្ងួត ។

លោកបានបន្ថែមថា គ្រូពេទ្យគេប្រាប់លោកថា ភ្នែកលោកបានខូចសរសៃបាតភ្នែកដោយសារវាពុក ។ ដូចនេះគ្រូពេទ្យមិនអាចព្យាបាលបានឡើយ ។ កម្មករសំណង់រូបនេះ បានបង្ហាញក្តីបារម្ភថា នៅពេលភ្នែកលោកមើលមិនឃើញច្បាស់ អាចគ្រោះថ្នាក់ក្នុងការងារអាចកើតមានគ្រប់ពេលហើយដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងការងារ លោកជ្រើសរើសការលាយកំបោរនៅឆ្ងាយពីកន្លែងក្រុមជាងផ្សេងៗ ។

បើទោះបីភ្នែកមិនអាចមើលឃើញដូចទៅ និងមនុស្សទូទៅក៏ដោយ លោក តំាងអូន ថារូបគាត់គ្មានជម្រើសការងារណាផ្សេងក្រៅពីកម្មករសំណង់នេះទេ ។ មួយថ្ងៃការលក់កម្លំាងទំាងខ្លួនមានជំងឺភ្នែកនេះ លោកអាចទទួលបានប្រាក់កម្រៃ ៣៨០០០ រៀល ។ 

លោក ម៉ាច តំាងអូន និងកម្មករសំណង់ជាច្រើនទៀត ចង់ឃើញសង្គមពិសេសរាជរដ្ឋាភិបាលគិតគូរសេវាសង្គមដល់កម្មករសំណង់ ដូចវិស័យការងារផ្សេងទៀតដែរ ឱ្យមានរបបសន្តិសុខសង្គម សេវាធានាសុខភាព និងគ្រោះថ្នាក់ពេលធ្វើការជាដើម ។ ពិសេសមានការជួយទំនុកបម្រុងពីរដ្ឋពេលមានបញ្ហាសង្គមម្តងៗដូចជាករណីផ្ទុះជំងឺកូវីដ ១៩ នេះជាដើម ។

លោក ម៉ាច តំាងអូន ត្អូញថា កម្រៃពលកម្មក្នុងមួយថ្ងៃ ៣៨០០០ រៀល នេះ បានចូលរួមផ្គត់ផ្គង់ការចំណាយប្រចំាថ្ងៃបានតិចតួចនៅក្នុងក្រុមគ្រួសារ ដោយសារបច្ចុប្បន្នទំនិញឡើងថ្លៃខ្លំាង ដូច្នេះបើសិនជាឈឺទៀតនោះកម្មករសំណង់ពិបាកក្នុងការប្រាក់ព្យាបាលជំងឺណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ