ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមថ្ងៃទី០៦ កុម្ភៈ នេះ ប្រជាពលរដ្ឋបានភ្ញាក់រលឹកស្ម័គ្រចិត្តប្រគល់អាំងវ៉ែទ័រឆក់ត្រី ដល់សមត្ថកិច្ចនគរបាលមានចំនួន308គ្រឿង ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ 2022 នេះ។

លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿនស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្រោយពីយុទ្ធនាការតាមសេចក្តីណែនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី 30 ខែមករា ដល់ថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2022 នេះប្រជាពលរដ្ឋ តាមបណ្ដាស្រុកក្រុងទាំង 8 ក្នុងខេត្តមានចំនួន307នាក់បានភ្ញាក់រលឹកហើយ ស្ម័គ្រចិត្តប្រគល់អាំងវ៉ែទ័រឆក់ត្រី ដល់សមត្ថកិច្ចនគរបាលតាមបណ្ដាមូលដ្ឋានមានចំនួន308គ្រឿង ។

លោកស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានប្រគល់អាំងវ៉ែទ័រឆក់ត្រី ដែលជាឧបករណ៍ខុសច្បាប់ស្ដីពីជលផល សូមយកមកប្រគល់ដល់អាជ្ញាធរមូលដ្ឋាន ឬនគរបាលប៉ុស្តិ៍មូលដ្ឋាន ដើម្បីជាការរួមចំណែកកាត់បន្ថយការហិនហោចនៃមច្ឆជាតិ ។ប៉ុន្តែផ្ទុយទៅវិញ បើប្រជាពលរដ្ឋណាម្នាក់នៅតែបន្តប្រើប្រាស់ឧបករណ៍ឆក់ត្រីនេះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

គួររំលឹកដែរថា គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី30 មករា បានប្រជុំនិងប្រកាសបន្ទាន់ពីការប្រមូលអាំងវ៉ែទ័រឆក់ត្រីទាំងបណ្ដាស្រុកក្រុងទាំង៨នៃខេត្តកំពង់ឆ្នាំង ដើម្បីកាត់បន្ថយការបំផ្លាញមច្ឆាជាតិដោយឧបករណ៍ឆក់បែបនេះ ៕




ចែករំលែកព័តមាននេះ