រាជធានីភ្នំពេញ ៖ តម្លៃមាសតាមរយៈហាងឆេងលីហួរ ក្នុង១តម្លឹងមាសគីឡូ លក់ចេញថ្លៃ១.៥៩៥ដុល្លារ និងទិញចូលថ្លៃ១.៦០៥ដុល្លារ គិតត្រឹមថ្ងៃទី១៨ កក្កដា ម្សិលមិញនេះ។ មាសនឹងបន្ដឡើងថ្លៃ ខណៈទីផ្សារមាសអន្តរជាតិក៏កំពុងឡើងថ្លៃផងដែរ ហើយគិតមកត្រឹមពេលនេះ វាអាចគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ។
គួររំលឹកថា កាលពីថ្ងៃទី៣១ វិច្ឆិកា ២០១៥ មាសមានតម្លៃត្រឹមតែ១.០៦០,៩០ដុលា្លរក្នុង១អោន(៣១,១០ក្រាម)ប៉ុណ្ណោះ ហើយក្រោយមក មាសបានឡើងថ្លៃជាង៣០០ដុល្លារទៀត ស្មើនឹង១.៣៦៥,៤០ដុល្លារ កាលពីថ្ងៃសុក្រ ទី៨ កក្កដា កន្លងមក មានការកើនឡើង២៩% ។
ការឡើងថ្លៃនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺមានហេតុផលជាច្រើននៅពីក្រោយកំណើននៃតម្លៃមាស ដែលជំរុញឱ្យវាកាន់តែឡើងថ្លៃជាបន្តបន្ទាប់ ។
យោងតាមសារព័ត៌មានអន្តរជាតិមួយផ្សារថា មានហេតុផល៣យ៉ាងដែលអាចបញ្ជាក់ថាមាសនឹងអាចឡើងថ្លៃរហូតដល់២.០០០ដុល្លារក្នុង១អោន នាពេលដ៏ខ្លីខាងមុខ ៖
១-ការធ្លាក់ចុះទិន្នផលនៅទូទាំងពិភពលោក៖
វិនិយោគិនភាគច្រើនកំពុងបន្តសម្លឹងមើលការវិនិយោគទៅលើមាស ។ ប្រសិនបើមានជម្រើស២រវាងការវិនិយោគទៅក្នុងទិន្នផល១% និងការបោះទុនមកលើមាស នោះ វិនិយោគិនប្រាកដជាជ្រើសយកការវិនិយោគមាស ដោយហេតុថា ពួកគេមិនទទួលបានផលចំណេញច្រើនពីការដាក់ទុនលើមូលបត្របំណុលនោះទេ ។ តួយ៉ាង មូលបត្របំណុលរយៈពេល១០ឆ្នាំ ទាំងនៅក្នុងប្រទេសជប៉ុន និងអាល្លឺម៉ង់ ធ្វើឱ្យទិន្នផលក្នុងស្រុកជួបផលអវិជ្ជមាន ។ រីឯទិន្នផលរតនាគាររយៈពេល១០ឆ្នាំនៅសហរដ្ឋអាមេរិក ក៏ទាបជាង១,៤%ផងដែរ។ សូម្បីតែនៅក្នុងការពង្រឹងប្រាក់ដុល្លាររបស់អាមេរិកទៅលើប្រាក់អឺរ៉ូ និងប្រាក់ផោននោះ ប្រសិនបើប្រាក់ដុល្លារខ្ពស់ ជាធម្មតាវានឹងធ្វើឱ្យតម្លៃមាសចុះថោក ។
២-តម្រូវការមាសនៅតែបន្តកើនឡើង ៖
ដូចដែលយើងបានឃើញស្រាប់ហើយថា ប៉ុន្មានខែចុងក្រោយមកនេះ តម្រូវការមាសនៅតែកើនឡើង ។ សូមកុំភ្លេចថា រាល់ការទិញ ឬលក់ ជាធម្មតាតែងតែមានការផ្គត់ផ្គង់ និងតម្រូវការដែលអាចជាហេតុធ្វើឱ្យជះឥទ្ធិពលខ្លាំងទៅលើទីផ្សារមាស ។
កាលពីឆ្នាំ២០១៤ និង២០១៥ មូលនិធិពាណិជ្ជកម្មអេឡិចត្រូនិក (ETFs) មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលំហូរចូលនៃការវិនិយោគ ដែលមានន័យថា តម្រូវការមាសមានចំនួនតិច។ គួររំលឹកថា មាសត្រូវបានដកចេញពី ETFs សរុបចំនួន១៨៣,៦តោនក្នុងឆ្នាំ២០១៤ និង១២៨,៣តោនក្នុងឆ្នាំ២០១៥ ។
យ៉ាងណាមិញ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាមាសពិភពលោក ស្តីពីតម្រូវការមាសក្នុងត្រីមាសទី១ ឆ្នាំ២០១៦ បានឱ្យដឹងកាលពីពាក់កណ្តាលខែឧសភាថា ជាលទ្ធផលនៃលំហូរមាសចូលមានចំនួន៣៦៣,៧តោន ។ ជាទស្សនៈ បានសង្កេតឃើញថា លំហូរចូលត្រឹមតែ១ត្រីមាសប៉ុណ្ណោះ ប៉ុន្តែមានចំនួនច្រើនជាងលំហូរចេញ បើធៀបនឹងរយៈពេល២ឆ្នាំមុនបូកបញ្ចូលគ្នា ។
តម្រូវការមាសមានកំណើនខ្ពស់ពីវិនិយោគិនឯកជនដូចអ្វីដែលបានគិត ប៉ុន្តែគេសង្កេតឃើញថាធនាគារកណ្តាលលើពិភពលោក ឧស្សាហកម្ម គ្រឿងអលង្ការ និងសូម្បីតែក្នុងវិស័យបចេ្ចក វិទ្យា ក៏មានតម្រូវការមាសយ៉ាងខ្លាំងផងដែរ។ តម្រូវការនេះនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ចំពោះតម្លៃមាសនាពេលអនាគត ។
៣-ភាពមិនប្រាកដប្រជាជុំវិញការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងការចាកចេញរបស់អង់គ្លេសពី EU ៖
ជាចុងក្រោយ ភាពមិនច្បាស់លាស់នៅតែបន្តដើរតួយ៉ាងសំខាន់មកលើទីផ្សារមាស ។ មាសតែងតែត្រូវបានចាត់ទុកជាវត្ថុមានតម្លៃមួយនៃជម្រកសុវត្ថិភាពក្នុងការវិនិយោគ នៅពេលដែលការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចលើពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ តួយ៉ាង ដូចរយៈពេលប៉ុន្មានខែកន្លងមកនេះ ។
យើងនៅតែមិនប្រាកដថា នឹងមានអ្វីកើតឡើងបន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនោះទេ ។ ចំពោះការងើបឡើងវិញនៃទីផ្សារភាគហ៊ុនអាមេរិកអាចឱ្យយើងឃើញថា ភាពភ័យខ្លាចជុំវិញការចាកចេញរបស់អង់គ្លេស គឺគ្រាន់តែជាការបំភ័យតែប៉ុណ្ណោះ ប៉ុន្តែគេជឿជាក់ថា វាអាចនឹងធ្វើឱ្យទីផ្សារអង់គ្លេស ឬ EU ធ្លាក់ចុះតិចតួច ។
ភាពមិនច្បាស់លាស់ដូចគ្នានេះ ក៏បានកើតឡើងជុំវិញការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ ដែលគ្មានសញ្ញាអ្វីបង្ហាញដូចដែលយើងធ្លាប់បានឃើញនោះឡើយ ។ លទ្ធភាពដែលអាចកើតមានឡើងគឺថា នៅពេលលោក Donald Trump ជាប់ជាប្រធានាធិបតីអាមេរិក នៅខែមករា ឆ្នាំ២០១៧ខាងមុខនោះ យើងមិនដឹងថា សេដ្ឋកិច្ច និងទីផ្សារភាគហ៊ុនអាមេរិកទៅជាយ៉ាងណានោះទេ ៕
ចែករំលែកព័តមាននេះ