ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ សហការជាមួយកងកម្លាំងប្រដាប់អាវុធ បានចុះឃាត់គ្រឿងចក្រដែលធ្វើសកម្មភាពអត់ច្បាប់ជីកដីក្នុងបឹងដំរែក ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
ការឃាត់គ្រឿងចក្រខាងលើនេះ ត្រូវបានមន្ត្រីជំនាញអះអាងថា គឺជាលើកទី២ ហើយ បន្ទាប់ពីឲ្យម្ចាស់គ្រឿងចក្រទៅធ្វើច្បាប់អនុញ្ញាត្តិ តែម្ចាស់មិនព្រម ហើយនៅតែបន្តធ្វើសកម្មភាពបំពានច្បាប់ ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានប្រាប់ឲ្យដឹងថា ពិតជាមានការចុះទៅឃាត់គ្រឿងចក្រពីមន្ត្រីជំនាញជលផល សហការជាមួយសមត្ថកិច្ច នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះមែន គឺឃាត់បានគ្រឿងចក្រ១គ្រឿងដែលធ្វើសកម្មភាពជីកកាយដី ក្នុងបឹងដំរែក ។ លោកបានបញ្ជាក់ថា ចំពោះគ្រឿងចក្រ និងមធ្យោបាយដទៃទៀតមិនមានសកម្មភាព យើងមិនបានឃាត់នោះទេ ។

លោក ងិន ហ៊ុន ក៏បានបន្ថែមទៀតថា ការឃាត់គ្រឿងចក្រខាងលើនេះ គឺជាលើកទី២ហើយ កាលពីឃាត់លើកទី១ នោះ មន្ត្រីជំនាញបានធ្វើការផាកពិន័យ អន្តរកាល និងអនុញ្ញាតឲ្យម្ចាស់រត់ការធ្វើច្បាប់ ប៉ុន្តែគ្រានោះម្ចាស់គ្រឿងចក្រមិនព្រមរត់ការធ្វើច្បាប់នោះទេ បែរជានៅតែបន្តចូលជីកដីក្នុងបឹងដំរែក ជាការរំលោ.ភច្បាប់ដដែល ទើបនៅព្រឹកនេះ មន្ត្រីជំនាញបានចុះឃាត់គ្រឿងចក្រជាលើទី២ ទៀតតែម្តង ។

បញ្ហាជីកបឹងដំរែកនេះដែរ ត្រូវបានលោក ងិន ហ៊ុន បានបញ្ជាក់ថា បញ្ហាទី១ ប៉ះពាល់ដល់ធនធានជលផល និងបញ្ហាទី២ គឺប៉ះពាល់ដល់ធនធានទឹកទៀតផង ហេតុនេះម្ចាស់គ្រឿងចក្រគួរតែធ្វើច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ។
ជុំវិញបញ្ហាខាងលើនេះ គេទាន់មិនដឹងថា តើត្រូវផាកពិន័យដូចមុន ឬក៏ត្រូវផ្ដន្ទាទោសតាមច្បាប់ស្ដីពីជលផល ឬច្បាប់ស្ដីពីធនធានទឹកនោះទេ?៕



ចែករំលែកព័តមាននេះ