រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីកាលពីព្រឹកថ្ងៃទី១៥ កក្កដា បានលើកយកសំណុំរឿងឃាតកម្ម បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ មកបើកសវនាការលើអង្គសេចក្តី ដែលសំណុំរឿងនេះ មានជនជាប់ចោទចំនួន៦នាក់ ។
អង្គសវនាការមានលោក តុប ឈុនហេង អនុប្រធានសាលាដំបូង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ហេង កេសរោ និងលោក ម៉េង តូនី ចៅក្រមអម ក្នុងនោះតំណាងអយ្យការគឺលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី ។
សវនាការបានធ្វើឡើងជាសាធារណនិងចំពោះមុខជនជាប់ចោទ៤នាក់ ម្នាក់ស្លាប់ និងម្នាក់មានជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ គឺឧកញ៉ា ថោង សារ៉ាត់ ហើយក៏មានមេធាវីការពារក្តីឱ្យដើមបណ្តឹង និងជនត្រូវចោទ និងមានសាក្សីទាំងសងខាងគ្រប់គ្រាន់សម្រាប់តុលាការដំណើរលើរឿងក្តីទៅបាន ។
ជនជាប់ចោទ៦នាក់ ក្នុងសំណុំរឿងឃាតកម្មដ៏រញ្ជួយពេញរាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១៤ មាន ១-ឧកញ៉ា ថោង សារ៉ាត់ ភេទប្រុស អាយុ៣៨ ឆ្នាំ ២-ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៥ឆ្នាំ ៣-ឈ្មោះ លី សៅ ហៅ វី (ស្លាប់) ៤-ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ ៥-ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ២៩ ឆ្នាំ និង៦-ឈ្មោះ ឈុន ចិត្រា ភេទប្រុស អាយុ៤៨ឆ្នាំ ។
ពេលសវនាការនៅព្រឹកថ្ងៃទី១៥ កក្កដា នេះ មានវត្តមានជនជាប់ចោទតែ៤នាក់ទេគឺ សៀង វាសនា ,កូយ ចាន់ថុល ,មាស សម្បត្តិ និងឈុន ចិត្រា ។ ចំណែកឧកញ៉ា ថោង សារ៉ាត់ អវត្តមាន ដោយជំងឺ និងឈ្មោះ លី សៅ ហៅ វី ស្លាប់។ សវនាការបានដំណើរ ការចាប់ផ្តើមសាកសួរដេញដោល ដំបូងគេលើជនជាប់ចោទឈ្មោះ កូយ ចាន់ថុល ដែលមានអតីតជាអង្គរក្សឧកញ៉ា ថោង សារ៉ាត់។
ការសាកសួរលើជនជាប់ចោទឈ្មោះ កូយ ចាន់ថុល បានបំពេញតាមនីតិវិធីទៅដោយរលូន ប៉ុន្តែដោយអស់ម៉ោងពេលវេលា មន្ត្រីរាជការត្រូវសម្រាក ប្រធានក្រុមប្រឹក្សាបានលើកពេលបន្តសវនាការលើសំណុំរឿងនេះ ទៅថ្ងៃទី៨ សីហា ខាងមុខទៀត ។
គួរបញ្ជាក់ថា ករណីឃាតកម្មលើលោកឧកញ៉ា អឹុង ម៉េងជឺ បានកើតឡើងកាលពីវេលាម៉ោង៧និង១៨នាទីយប់ថ្ងៃទី២២ វិច្ឆិកា ២០១៤ នៅមុខហាងលក់ផ្លែឈើយីហោឡោ តិចសេង ស្ថិតនៅផ្លូវ២៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយពីមានអំពើឃាតកម្មនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទ៦នាក់ ។ សំណុំរឿងនេះក៏មានការថតបានតាមកាមេរ៉ាសុវត្ថិភាព ពីការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ពេលលោកចុះពីរថយន្ត គឺបាញ់ជាច្រើនគ្រាប់ ហើយវីដេអូកាមេរ៉ានោះ ត្រូវបានបង្ហោះផ្សព្វផ្សាយជាសាធារណៈផងដែរ ៕
ចែករំលែកព័តមាននេះ