ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រី ហេង​ សុភាព រស់​នឹង​ការ​ដាំ​បន្លែ​ជិត​ ២០ ​ឆ្នាំ​ហើយ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ជា​កសិករ​នៅ​ភូមិ​កំពត ឃុំ​រហ័ស ស្រុក​រវៀង ​ខេត្តព្រះវិហារ អ្នកស្រី ហេង​ សុភាព បាន​ដាំបន្លែ​ប្រមាណ…

ខេត្តព្រះវិហារ ៖ ជា​កសិករ​នៅ​ភូមិ​កំពត ឃុំ​រហ័ស ស្រុក​រវៀង ​ខេត្តព្រះវិហារ អ្នកស្រី ហេង​ សុភាព បាន​ដាំបន្លែ​ប្រមាណ ​១៩ ​ឆ្នាំ​ហើយ ពោល​គាត់​ដាំ​បន្លែ​នៅ​ពេល​មាន​អាយុ​ ៣០ ​ឆ្នាំ​ឥឡូវ​គាត់​មាន​អាយុ​ ៤៩​ ឆ្នាំ ​។ រង​បន្លែ​នៅ​ក្បែរ​ផ្ទះ​បាន​លើកកម្ពស់​ជីវភាព​របស់​គាត់​បាន​សមរម្យ​ និង​អា​ចប​ញ្ជួ​ន​កូន ​៤ ​នាក់​ទៅ​រៀន​ដោយ​មិន​មាន​ក្តី​បារម្ភ​ ។

«ការ​ដាំំ​បន្លែ​កាលពី​ដំបូង​ៗ​មាន​លក្ខណៈ​តិចតួច​ ៤ ​ទៅ ​៥ ​រង​ប៉ុណ្ណោះ​គ្រាន់ ទុក​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ លក់ដូរ​ខ្លះ​និង​ចែក​ពលរដ្ឋ​ក្នុងភូមិ​ទទួលទាន​ ។ ប៉ុន្តែ​នៅ​ពេល​ដាំ​បន្លែ​យូរ​ៗ​ទៅ​មាន​ម៉ូយ​មក​ទទួល​ទិញ​ជា​ប្រចាំ​ស្រប​ពេល​ដែល​គម្រោង​អភិវឌ្ឍន៍​លើ​ការ​ដាំ​ដុះ​ និង​ខាង​មន្ទីរ​កសិកម្ម​ចុះ​មក​ណែនាំ​ពី​ការ​ដាំ​ដុះ​ថែម​ទៀត ទើប​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ជា​បន្តបន្ទាប់​រហូត បើ​គិត​មក​ដល់​សព្វថ្ងៃ​មាន​ជិត​កន្លះ​ហិ​កតា​» នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកស្រី ហេង សុភាព ​។

ការ​លក់​បន្លែ​ជា​ប្រចាំ​ថ្ងៃ​ពេល​ខ្លះ​របស់​អ្នកស្រី ហេង សុភាព បាន​កម្រៃ​ ៤ ​ទៅ​ ៥ ​ម៉ឺន​រៀល ហើយ​នៅ​ថ្ងៃ​ណាបន្លែ​មាន​ច្រើន​អាច​លក់​បាន​រហូត​ដល់​ ១០ ​ម៉ឺន​រៀល​ ។ ​ប្រាក់​ចំណូល​ពី​ការ​ដាំ​បន្លែ​បាន​ដើរតួរ​សំខាន់​ក្នុង​ការ​ជួយ​ដល់​ក្រុម​គ្រួសារ​អ្នកស្រី​ ។​ ក្រៅពី​ធ្វើស្រែ​ទុក​សម្រាប់​ហូប​ប្រាក់​ចំណូល​ពី​បន្លែ​សម្រាប់​ចាយវាយ​លើ​ម្ហូបអាហារ និង​ដោះស្រាយ​នៅ​ពេល​មាន​បញ្ហា​ជីវភាព ​។

កសិករ​ដែល​មានកូន ​៤ ​នាក់​រូប​នេះ​និយាយ​ថា ​ការ​ដាំ​បន្លែ​នៅ​ក្បែរ​ផ្ទះ​ៗ​ធ្វើ​ឲ្យ​គាត់​មិន​ពិបាកធ្វើ​ចំណាកស្រុក​ទៅ​កន្លែង​ផ្សេង​ដើម្បី​បាន​ចំណូល ​។ ​ដាំ​បន្លែ​នៅ​និង​ផ្ទះ​ហើយ​បាន​ចំណូល​មានឱកាស​មើលថែរ​កូន​ៗ​ទៀត​ផង ​។ «​បើ​គ្មាន​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ដាំ​បន្លែ​នេះ​ទេ គ្រួសារ​មិនដឹង​មាន​អ្វី​ទុក​ឱ្យ​កូន​រៀនសូត្រ​បាន​និង​គ្មាន​អ្វី​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ ។ ​ដូចនេះ​ជីវភាព​គ្រួសារ​ពឹងផ្អែក​លើ​ការ​ដាំ​បន្លែ​កូន​ៗ​ទាំង​បួន​បច្ចុប្បន្ន​នេះ​កាន​សិក្សា​ថ្នាក់​វិទ្យាល័យ​» ​កសិករ​ សុភាព និយាយ​ទាំង​មុខ​ញញឹម​ ។

តាម​អ្នកស្រី​ ហេង ​សុភាព បន្ទាប់​ពី​ចាប់​ប្រមូល​ផល​បន្លែ​តាំងពី​ខែធ្នូ​ឆ្នាំ​ ២០២១ ​រហូត​ដល់​ខែមករា​ដើមឆ្នាំ​ ២០២២​នេះ​ក្រៅពី​ការ​កាត់​ចំណាយ​លើ​ថ្នាំ ជី​និង​គ្រាប់ពូជ​អស់​រួច​អស់ហើយ គ្រួសារ​អ្នកស្រី​អាច​នៅ​សល់​ប្រាក់ ​៥ ​លាន​ទៅ ​៦​លាន​រៀល ​។ ស្រប​ពេល​គ្រួសារ​អ្នកស្រី ​ហេង សុភាព ពឹង​លើ​មុខរបរ​ដាំ​បន្លែ​សុវត្ថិភាព​ដើម្បី​បាន​ប្រាក់​ចំណូល​យក​មក​ផ្គត់ផ្គង់​ដល់​គ្រួសារ​ ។​ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដែល​ជាង ​១០០ ​គ្រួសារ​ក្នុង​នោះ​មាន​ប្រមាណ​ ៩០%​ ចាប់​យកមុខ​របរ​ដាំ​បន្លែ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ