រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ស្រវឹងស្រា បើករថយន្តទៅបុករនាំងដែកពុះចែកផ្លូវបាក់អស់ចំនួន៥ផ្ទាំង រួចជ្រុលទៅបុករថយន្ត២គ្រឿងទៀត បណ្តាលឱ្យរងការខូចខាតដែរ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣ កក្កដា ២០១៦ ស្ថិតលើផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
ប្រភពឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីវ័យក្មេងម្នាក់បើករថយន្តម៉ាកឡិចស៊ីស GS300 ពណ៌.ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-9929 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ព្រោះស្រវឹងស្រា ។ ខណៈមកដល់ចំំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករនាំងដែកពុះចែកផ្លូវបាក់អស់ចំនួន៥ផ្ទាំង រួចហើយជ្រុលទៅបុកនិងរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2V-7338បញ្ច្រាសទិសគ្នា តាមផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើងចំពីមុខពេញទំហឹង ធ្វើឱ្យរថយន្តកូរ៉ូឡាខ្ទេចផ្នែកខាងមុខ ។
ប៉ុន្តែរថយន្តបង្កមិនបានឈប់ទេ ព្យាយាមបើករថយន្តបត់ត្រលប់ក្រោយឡើង ទៅលើចិញ្ចើមផ្លូវ ក៏ជ្រុលទៅបុកនិងរថយន្តម៉ាក
មែរហ្សឺដែស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2J-6966 ដែលម្ចាស់គេចតចោលនៅលើចិញ្ចើមផ្លូវ ចំថ្ពាល់ចំហៀងខាងស្ដាំ បណ្តាលឱ្យក្រពិតបន្តិច ទើបរថយន្តបង្កខូចខាតផ្នែកខាងមុខបើកទៅមុខលែងរួច ។ តែសំណាងល្អ មិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្រោយពេលកើតហេតុ តំណាងខាងរថយន្តបង្ក បានមកធ្វើការចរចាជាមួយខាងរថយន្តរងគ្រោះ ដោយសងទៅខាងរថយន្តកូរ៉ូឡា ចំនួន៣០០ដុល្លារ និងចេញថ្លៃការខូចខាតទៅរថយន្តមែរហ្សឺដែស ដើម្បីបញ្ចប់រឿង ។ ដោយឡែក រថយន្តបង្កនិងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ