ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧកញ៉ា ម៉ុង ឫទ្ធី ចិញ្ចឹមកូនខ្លា!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងជាសេដ្ឋី​ខាងកសិកម្ម បានចិញ្ចឹម​កូនខ្លាដំបង មួយក្បាល ទុកជា​ការកម្សាន្ត។ លោកបានបង្ហោះរូបថត​ជាមួយកូនខ្លា…

ភ្នំពេញ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងជាសេដ្ឋី​ខាងកសិកម្ម បានចិញ្ចឹម​កូនខ្លាដំបង មួយក្បាល ទុកជា​ការកម្សាន្ត។ លោកបានបង្ហោះរូបថត​ជាមួយកូនខ្លា ដែលមានអាយុ ៣ខែ ហើយលោក បំបៅទឹកដោះគោ​កូនខ្លា ដែលមាន​ឈ្មោះថា រ៉ាដា។ កូនខ្លានោះ ត្រូវបាន​លោកឧកញ៉ា ម៉ុង ឫទ្ធី ឲ្យដឹងថា លោកឧកញ៉ា ទៀ វិចិត្រ ដែលជាកូន​របស់​លោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ជាអ្នក​ឲ្យដល់​រូបលោក​។

នៅលើហ្វេសប៊ុក លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរយ៉ាងដូច្នេះថា «ព្រឹក​ថ្ងៃ​សៅរិ៍​ទី​២៩​ ខែមករា​ ឆ្នាំ​២០២២​ ចុះមកមើល​ការងារ​សាងសង់​ចេតីយ៍សមូហភាព​ និង​​ប្រាសាទ​ព្រះវិហារ​ជា​និមិត្តរូប​ ប្រទះឃើញ​​សត្វ​ក្ងោក​ញីឈ្មោល​មួយគូ​ នាំគ្នា​មកទុំ​នៅលើប្រាសាទ​ ក្បែរ​ជាង ​កំពុង​តែធ្វើ​ការ​​រួចហើយ ក៏បង្ហួស​មក​បំបៅ​ទឹកដោះគោ​អោយ​រ៉ាដា​ ដែលមាន​អាយុ​ ទើបតែបាន​ ៣ខែ​ អរគុណ​ច្រើន​ខ្លាំង​ណាស់​ក្មួយ​ ទៀ​ វិចិត្រ​ដែលបានអោយ​ រ៉ាដា មកពូ​»។

សូមរម្លឹកថា កាលពី​ព្រឹកថ្ងៃ​ទី​២៧​ ខែមិថុនា ឆ្នាំ២០២១ កម្លាំងចម្រុះ បានដកហូត​យកសត្វតោឈ្មោលមួយ​ក្បាល​របស់​បុរស​​ជន​ជាតិ​​ចិន នៅ​​ផ្ទះ​វីឡា​មួយ​​កន្លែង ​ស្ថិត​នៅ​ផ្ទះ​លេខ​២២ ផ្លូវ​៣០៦ ភូមិ៧ សង្កាត់បឹង​​​កេង​​កង​១ ​ខណ្ឌ​​បឹង​​កេង​​កង​ រាជធានីភ្នំពេញ។ កងកម្លាំងចម្រុះ ចាត់ទុកថា សត្វតោឈ្មោលនោះ ជាប្រភេទសត្វព្រៃ ដែលចិញ្ចឹម​​នៅក្នុងផ្ទះ ដោយ​ខុស​ច្បាប់​។ ដូចនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើ​ភ្នំពេញ​ បានប្រាប់ឱ្យដឹងថា​ ដោយសារមានប្រជាពលរដ្ឋជិតខាង បានរាយការណ៍​ប្រាប់អំពីការ​ចិញ្ចឹមសត្វតោ នៅក្នុងផ្ទះវីឡាខាងលើពីសំណាក់បុរសជនជាតិចិន ទើបអាជ្ញាធរ សហការជាមួយអាជ្ញារមូលដ្ឋាន ចុះ​ស្រាវ​ជ្រាវ​ ឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាទុក នៅសួនសត្វ​ភ្នំតា​ម៉ៅ​​។

កាលណោះ ក្រសួង​បរិស្ថាន បានប្រកាសថា ​យោងតាមច្បាប់ ពលរដ្ឋមិនមានសិទ្ធិ ក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទ​សត្វកម្រនោះទេ។ ច្បាប់ ស្តីពី ព្រៃឈើ មាត្រា ៤៩ ចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់ ហើយច្បាប់ស្តីពី តំបន់ការពារធម្មជាតិ មាត្រា ៥៨ កំណត់ថា ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិ និងគ្រាប់រុក្ខជាតិ ត្រូវស្នើសុំច្បាប់អនុញ្ញាត។

ក្រសួងបរិស្ថាន ក៏បានប្រកាស​​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សា និងអភិរក្សសត្វព្រៃ និងកុំព្យាយាម​ចាប់​សត្វ​កម្រៗ មកចិញ្ចឹម នៅតាមផ្ទះ ដែលជាសកម្មភាពខុសច្បាប់ គួរទុកសត្វទាំងនោះ ឱ្យនៅរស់នៅក្នុងព្រៃធម្មជាតិ ដើម្បីបង្កើន​ការបន្តពូជ បង្កើនចំនួនប្រភេទសត្វកម្រៗ។

ក៏ប៉ុន្តែ​ប៉ុន្មានថ្ងៃក្រោយមក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យ​បុរសជនជាតិចិន​នោះ ​យក​​សត្វ​តោ​ឈ្មោ​ល​​នោះ​ ចេញ​ពី​សួន​សត្វ​​ភ្នំ​តា​ម៉ៅ យក​​មក​ចិញ្ចឹម​​ក្នុង​ផ្ទះ​ដូច​ដើម​វិញ ដោយ​សារ​តែ​​​សត្វ​​តោ​​នោះ ​នឹក​​ម្ចាស់ ដែលជា​​បុរសចិន ហើយមិនព្រមស៊ីចំណី​។​

យ៉ាងណាក៏ដោយ សត្វ​តោឈ្មោលរបស់​ជនជាតិចិននោះ ស្លូត ប្រៀបដូចជា​សត្វចិញ្ចឹម ហើយ​ក៏មានមហាជន អាចចូលលេង និងថតរូបជាមួយ​ នៅពេលដឹកយកមកពីភ្នំតាម៉ៅ មកដល់ផ្ទះវីឡា នៅក្នុងរាជធានីភ្នំពេញវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ