ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បារាំង គាំទ្រចំពោះកុងសង់ស៊ីសទាំង ៥ចំណុច ដែលកម្ពុជា​ កំពុងសម្របសម្រួល​ សម្រាប់​ការដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់​ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តម ហ្សង់-អ៊ីវ…

ភ្នំពេញ៖ ឯកឧត្តម ប្រាក់​ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង  កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយគ្នា។ កម្ពុជា បាន​កាន់​តំណែង​ជា​ប្រធានអាស៊ាន សម្រាប់​ឆ្នាំ​២០២២ ខណៈពេលសាធារណរដ្ឋបារាំង​ កាន់តំណែង​ជាប្រធាន​សហភាពអឺរ៉ុប សម្រាប់​ឆមាសទីមួយ ក្នុងឆ្នាំនេះ។​

ក្រសួងការបរទេស ប្រកាសថា ក្នុងខណៈដែលកម្ពុជា ជាប្រធានអាស៊ាន និងបារាំងជាប្រធានសហភាពអឺរ៉ុប រដ្ឋមន្ត្រីការ​បរទេស​ទាំងពីរ បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងលើបញ្ហាប្រឈម សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងភាពតានតឹងក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងវិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

សេចក្តីប្រកាស លើកឡើងថា ចំពោះទំនាក់ទំនងទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ ដែលបានផ្ញើសារលិខិតដ៏មានអត្ថន័យក្នុងឱកាសខួបទី៣០ នៃពិធីរំលឹកខួបកិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងចំពោះការរួមចំណែករបស់​បារាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើវិស័យជាច្រើន ដូចជាការអប់រំ សុខភាព វប្បធម៌ ការការពារជាតិ យុត្តិធម៌ កសិកម្ម ទេសចរណ៍ អគ្គិសនី ការប្រែប្រួល អាកាសធាតុ ជាដើម។ ប្រទេសបារាំងជាស្ថាបត្យករដ៏សំខាន់មួយរូប និងជាសហប្រធាន​នៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ​ ហើយបារាំងគឺជាអ្នករួមចំណែកដ៏សំខាន់មួយផងដែរ ក្នុងការស្តារសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើឡើងនៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ក្នុងគោលបំណង ជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលប្រមុខរដ្ឋ/រដ្ឋាភិបាល​អាស៊ាន បានឯកភាពគ្នា នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​នូវខ្លឹមសារ​នៃកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦​ ខែមករា កន្លងទៅនេះ រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និង​ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋនៃប្រទេស មីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់ថា បំណងតែមួយគត់របស់កម្ពុជា គឺជួយប្រទេសមីយ៉ាន់ម៉ាឱ្យវិលទៅរក ប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា សម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិរវាងគ្រប់ភាគីពាក់ព័ន្ធ ហើយរិះរកវិធីផ្តល់ជំនួយមនុស្សធម៌រួមទាំងវ៉ាក់សាំងផងដែរ ដល់ពលរដ្ឋទាំងអស់ដែលកំពុងត្រូវការចាំបាច់ ដោយពុំមានការរើសអើង។

ឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់​ បានសម្តែងការគាំទ្រចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា មជ្ឈភាពអាស៊ាន តាមរយៈយន្តការនានា ដឹកនាំដោយអាស៊ាននៅក្នុងនិមាបនកម្មតំបន់ ដែលកំពុងវិវត្ត ក៏ដូចជាទស្សនៈវិស័យ​របស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។

ឯកឧត្តម បានបញ្ជាក់ពីការគាំទ្រចំពោះកុងសង់ស៊ីសទាំង ៥ចំណុច សម្រាប់ការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានកត់សម្គាល់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេស មីយ៉ាន់ម៉ា និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនាពេលថ្មីៗនេះនៅក្នុងប្រទេស មីយ៉ាន់ម៉ា។​ បារាំងបានអំពាវនាវ​ឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។

ឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ ក៏បានលើកឡើងអំពីសារៈសំខាន់នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអាទិភាព របស់បារាំងនៅ​ក្នុងតំបន់នេះ ដោយបានសង្កត់ធ្ងន់ថា ប្រទេសបារាំងក្នុងនាមជាប្រធានសហភាពអឺរ៉ុប នឹងរៀបចំវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកទាំង២៧ នៃសហភាពអឺរ៉ុប តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុក​កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ​​​ គណៈកម្មការអឺរ៉ុបពាក់ព័ន្ធ រដ្ឋមន្ត្រីការបរទេសជាច្រើនរូបមកពីតំបន់ឥណ្ឌូប៉ា​ស៊ីហ្វិក នឹងត្រូវបានអញ្ជើញចូលរួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ទទួល​ការ​អញ្ជើញ​ឡើង​ថ្លែងសុន្ទរកថា បើកក្នុងវេទិការខាងលើ ក្នុងនាមជាប្រធានអាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសន្យាថា ឯកឧត្តមរីករាយនឹងចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ នៅទីក្រុងប៉ារីសប្រទេសបារាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ