ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ជប៉ុន​ព័ទ្ធ​ផ្ទះ​បុរស​ខ្មាន់កាំភ្លើង​ម្នាក់ អស់​១១​ម៉ោង ក្រោយ​ចាប់​គ្រូពេទ្យ​៣​នាក់​ជា​ចំណាប់ខ្មាំង​(​បា.ញ់​សម្លា.ប់​វេជ្ជបណ្ឌិត​ម្នាក់​)

3 ខែ មុន

ទីក្រុង​តូ​ក្យូ ៖ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ខ្មាន់កាំភ្លើង​ម្នាក់ នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ការ​ឡោម​ព័ទ្ធ អស់​រយៈពេល ១១​ម៉ោង ក្នុង​ករណី​ចាប់​បុគ្គលិក​ពេទ្យ ចំនួន​០៣​នាក់ ជា​ចំណាប់ខ្មាំង…

ទីក្រុង​តូ​ក្យូ ៖ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ខ្មាន់កាំភ្លើង​ម្នាក់ នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ការ​ឡោម​ព័ទ្ធ អស់​រយៈពេល ១១​ម៉ោង ក្នុង​ករណី​ចាប់​បុគ្គលិក​ពេទ្យ ចំនួន​០៣​នាក់ ជា​ចំណាប់ខ្មាំង ដែល​ពួក​គេ​បាន​មក​ផ្ទះ​របស់​ជនសង្ស័យ ក្នុង​ទីក្រុង Fujimino ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​តូ​ក្យូ ក្នុង​ប្រទេស​ជប៉ុន នេះ​បើ​យោង​តាម​កាសែត The Japan Times ។

ប៉ូលិស​បាន​សម្រុកចូល​លំនៅ​ឋាន​ខាងលើ ហើយ​បាន​ចាប់ខ្លួន​លោក Hiroshi Watanabe អាយុ ៦៦​ឆ្នាំ ជាមួយ​កាំភ្លើងខ្លី​មួយ​ដើម នៅ​ក្នុងផ្ទះ នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​បាន​ឃុំខ្លួន​បុគ្គលិក​ពេទ្យ ០៣​នាក់ ទុកជា​ចំណាប់ខ្មាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែមករា ម្សិលមិញ​នេះ ។

ប៉ូលិស​បាន​និយាយ​ថា វេជ្ជបណ្ឌិត​ដ៏​ល្បីឈ្មោះ Junichi Suzuki អាយុ ៤៤​ឆ្នាំ ត្រូវ​ជនសង្ស័យ​បាញ់​សម្លាប់ ។ លោក Suzuki ស្ថិត​ក្នុង​ចំណោម​បុគ្គលិក​ពេទ្យ​ទាំង​៣​នាក់ ដែល​បាន​ទៅ​លេង​ផ្ទះ​ជនសង្ស័យ ។ ជន​រង​គ្រោះ​ទី​២ ត្រូវ​បាន​គេ​រាយការណ៍​ថា គឺ​បុរស អាយុ​៤១​ឆ្នាំ ដែល​ជា​គិលានុបដ្ឋាយិកា ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ បុរស​ម្នាក់​ទៀត អាយុ ៣២​ឆ្នាំ បាន​រត់គេច​ពី​ផ្ទះ​ជនសង្ស័យ ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស ។

ប៉ូលិស កំពុង​បើក​ការ​ស៊ើបអង្កេត​ហេតុការណ៍​នេះ គេ​មិនដឹង​ថា មាន​អំពើ​ហិង្សា​កើតឡើង​ដោយ​របៀប​ណា​ទេ ? ហើយ​ជនសង្ស័យ បាន​កាំភ្លើង​មក​ពី​ទីណា​នោះ​ដែរ ? ព្រោះថា ករណី​បាញ់ប្រហារ​ដោយ​កាំភ្លើង គឺ​កម្រ​មាននៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​អាវុធ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ខ្លាំង ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន បាន​ចេញផ្សាយ​ថា ក្រុម​គ្រូពេទ្យ ជា​អ្នក​មើលថែ​ទាំ​ម្តាយ​របស់​ជនសង្ស័យ ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​នេះ ស្ត្រី​ចំណាស់​នោះ បាន​ទទួលមរណភាព ។ ក្រុម​គ្រូពេទ្យ​ទាំងនេះ បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដល់​ផ្ទះ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មក​រា ២០២២ តាម​ការ​ស្នើ​សុំ​របស់​ជនសង្ស័យ ។

ប៉ូលិស​ទទួល​បាន​ដំណឹង​ជា​លើក​ដំបូង​នៅ​ម៉ោង​ប្រហែល ០៩​និង​១៥​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ពី​អ្នក​ជិតខាង ដែល​បាន​រាយការណ៍​ពី​ករណី​បាញ់ប្រហារ​នេះ បន្ទាប់​ពី​ឮ​ស្នូរ​កាំភ្លើង គេ​ឃើញ​បុរស​ម្នាក់​ហូរ​ឈាម​ចេញពី​ទ្រូង ដេក​ដួល​នៅ​ខាងក្រៅ​ផ្ទះ ។ យោង​តាម​ប៉ូលិស​ស៊ើបអង្កេត និយាយ​ថា សព​បុរស​រង​គ្រោះ ត្រូវ​គ្រាប់កាំភ្លើង​ចំ​ដើមទ្រូង និង​ពោះ ដេក​ស្លាប់​នៅ​ក្បែរ​ច្រកចូល​ផ្ទះ ។

នៅ​ពេល​កម្លាំង​ប៉ូលិស បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ​ដល់​ផ្ទះ នៅ​យប់​កើតហេតុ​នោះ មន្ត្រី​ប៉ូលិស​បាន​និយាយ​ជាមួយ​ខ្មាន់កាំភ្លើង​ពេញ​មួយ​យប់​តាម​រយៈ​ទូរ​សព្ទ ប៉ុន្តែ​ជនសង្ស័យ​មិន​បាន​ស្នើ​សុំ ឬ​ទាមទារ​អ្វី​នោះ​ទេ ។

ជាមួយនឹង​ការ​ឡោម​ព័ទ្ធ​នៅ​តែ​បន្ត រហូត​ដល់​ព្រឹក​ថ្ងៃ​សុក្រ អាជ្ញាធរ​មូលដ្ឋាន បាន​ជម្លៀស​អ្នកស្រុក​ប្រហែល ១១០​នាក់ ដែល​រស់នៅ​ក្នុង​រង្វង់ ៣០០​ម៉ែត្រ នៃ​ផ្ទះ​កើតហេតុ ហើយ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​នៅ​ក្បែរ​នោះ ត្រូវ​បាន​បិទ​មួយ​ថ្ងៃ ។ ប៉ូលិស​បាន​បិទផ្លូវ នៅ​ជុំវិញ​ផ្ទះ​ជនសង្ស័យ ខណៈ​អ្នក​យក​ព័ត៌មាន​បាន​ប្រមូលផ្តុំ​គ្នា ជុំវិញ​តំបន់​នោះ ។

នៅ​ម៉ោង​ប្រហែល ៨​ព្រឹក​ថ្ងៃ​សុក្រ កម្លាំង​ប៉ូលិស​បាន​សម្រុកចូល​ផ្ទះ ហើយ​បាន​រក​ឃើញ​សព​លោក Suzuki និង​ចាប់ខ្លួន​បុរស​ខ្មាន់កាំភ្លើង ។

យោង​តាម​បុរស វ័យ​៩១​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ក្បែរ​នោះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ជនសង្ស័យ​បាន​ផ្លាស់​ទៅ​រស់នៅ​ផ្ទះ​ជាមួយ​ម្តាយ​របស់​គាត់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​បាន​ប្រាប់​លោក​ថា គាត់​មិន​អាច​សេពគប់​ជាមួយ​អ្នក​ជិតខាង​បាន​ទេ ចាប់តាំងពី​មើលថែ​ម្តាយ​របស់​គាត់ នៅ​លើ​គ្រែ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture