ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការដុតធូបបែបន់បានផលអ្វី ?

2 ឆ្នាំ មុន

សរសៃ​ធូប​គឺជា​គ្រឿងផ្សំ​បញ្ចេញ​ផ្សែង​ក្រអូប​ឈ្ងប់​ត្រូវ​បាន​គេ​ជឿ​ថា​បង្កើត​បរិយាកាស​វេទមន្ត​សម្រាប់​ការ​អញ្ជើញ​ហៅ ឬ​ពាំនាំ​ពាក្យពេចន៍​ទៅ​កាន់​បារមី​នៃ​អាទិទេព និង​វិញ្ញាណ​ដែល​តែងតែមាន​វត្ត​មាននៅ​ជុំវិញ​អាសនៈ​នៃ​ការ​បួងសួង​នេះ ។ កិច្ច​ពិធី​នៃ​ការ​អុជ​ធូប​ត្រូវ​បាន​គេ​ជឿ​ថា​ជា​វេទមន្ត​នៃ​ការ​បញ្ជូន​សារ​ទៅ​ឱ្យ​នរណា​ម្នាក់​មិន​ថា​ជា​ទេវតា អា​រុក្ខ អារក្ស អ្នកតា ដួងវិញ្ញាណ​នៃ​ពួក​ខ្មោច​ព្រាយ​បិសាច​ឡើយ គឺ​សារ​នេះ​នឹង​ទៅ​ដល់​អ្នក​ទាំងនោះ​មិន​ខាន…

សរសៃ​ធូប​គឺជា​គ្រឿងផ្សំ​បញ្ចេញ​ផ្សែង​ក្រអូប​ឈ្ងប់​ត្រូវ​បាន​គេ​ជឿ​ថា​បង្កើត​បរិយាកាស​វេទមន្ត​សម្រាប់​ការ​អញ្ជើញ​ហៅ ឬ​ពាំនាំ​ពាក្យពេចន៍​ទៅ​កាន់​បារមី​នៃ​អាទិទេព និង​វិញ្ញាណ​ដែល​តែងតែមាន​វត្ត​មាននៅ​ជុំវិញ​អាសនៈ​នៃ​ការ​បួងសួង​នេះ ។ កិច្ច​ពិធី​នៃ​ការ​អុជ​ធូប​ត្រូវ​បាន​គេ​ជឿ​ថា​ជា​វេទមន្ត​នៃ​ការ​បញ្ជូន​សារ​ទៅ​ឱ្យ​នរណា​ម្នាក់​មិន​ថា​ជា​ទេវតា អា​រុក្ខ អារក្ស អ្នកតា ដួងវិញ្ញាណ​នៃ​ពួក​ខ្មោច​ព្រាយ​បិសាច​ឡើយ គឺ​សារ​នេះ​នឹង​ទៅ​ដល់​អ្នក​ទាំងនោះ​មិន​ខាន ។

អត្ថន័យ​នៃ​ការ​អុជ​ធូប គឺជា​ការ​ផ្សារ​ភ្ជាប់​ធាតុ​ក្នុង​ខ្លួន​ទៅ​នឹង​ញាណ​ទាំង​៥​នៃ​រាង​កាយ​របស់​មនុស្ស តាម​រយៈ​ក្បួន​ហោរា ដែល​ភាសា​ចិន​ថា ហុងស៊ុយ ក្នុង​ន័យ​ទស្សន៍​ទាយ​ដឹង​អំពី​ថាមពល​របស់​មនុស្ស ដើម្បី​ប្រើ​វា​ធ្វើ​ទំនាក់ទំនង​ទៅ​នឹង​អ្វីមួយ​ដែល​ជា​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​របស់​ពួក​គេ ។ ដូចនេះ​ការ​អុជ​ធូប ដែល​មិន​ត្រឹមត្រូវ​តាម​ក្បួនតម្រា មិន​សមប្រកប​ទៅ​នឹង​ការ​ប្រើប្រាស់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​អុជ​ធូប​ដែល​មិន​ផ្សារ​ភ្ចា​ប់​ទៅ​នឹង​មជ្ឈដ្ឋាន​ធម្មជាតិ​នៃ​ញាណ ។ ការ​អុជ​ធូប​នៅ​ក្នុង​ជំនឿ​ខ្មែរ​បុរាណ​តែងតែ​ប្រើប្រាស់​នូវ​ការ​អុជ​ធូប​ជា​ចំនួនសេស​ដែល​គិត​ចាប់ពី​ចំនួន ១​សរសៃ ៣​សរសៃ ៥​សរសៃ ៧​សរសៃ ៩​សរសៃ ១១​សរសៃ និង​២១​សរសៃ ចំនួន​អុជ​ធូប​ទាំងនេះ មាន​ន័យ​ដូច​តទៅ​៖

ចំនួន​១​សរសៃ​ធូប​តំណាង​ឱ្យ​ដួងវិញាណ ដែល​វិលវល់​នៅ​ជុំវិញ​មជ្ឈដ្ឋាន​របស់​យើង ។ ការ​អុជ​ប្រកាសប្រាប់​ទៅ​កាន់​ដួងវិញ្ញាណ ដែល​នូវ​វិលវល់​រក​ទី​មិនឃើញ ។ ឧទាហរណ៍ ការ​អុជ​សែន​តង្វាយ​ទៅ​កាន់​ព្រលឹង​ខ្មោច ការ​អុជ​សែន​បញ្ជៀ​ស​ពែ​ដើម្បី​រំដោះគ្រោះ​ថ្នាក់​ផ្សេង​ៗ ។
ចំនួន​៣​សរសៃ​ធូប តំណាង​ឱ្យ​ឋាន​ទាំង​៣ ឋាន​លើ , ឋានកណ្ដាល និង​ឋាននរក ។ ការ​ផ្សារ​ភ្ជាប់​ឋាន​ទាំង​បី​ទៅ​នឹង​សាច់ញាតិ​ប្រាំពីរ​សន្តាន ឪពុក​ម្ដាយ និង​ជីដូន​ជីតា ដែល​កំណត់​យក​ផើង​ដោត​ធូប​ចំនួន​៤​ស្មើនឹង​១២​សរសៃ តំណាង​ខែ​ទាំង​១២ ដែល​ជា​ទំនាក់ទំនង​នៃ​វិញ្ញាណ​សាច់ញាតិ អុជ​ចំពោះ​សាច់ញាតិ​ដែល​ស្គាល់គ្នា ។

ចំនួន​៥​សរសៃ​ធូប តំណាង​ឱ្យ​ការ​ផ្សារ​ភ្ជាប់​ញាណ​ទាំង​៥​របស់​មនុស្ស​ទៅ​និង​មជ្ឈដ្ឋាន​នៃ​ញាណ​អាថ៌​កំបាំង​ដែល​មិន​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​បាន​ដូច​ជា ទេវតា​ថ្នាក់ទាប ជំនាងផ្ទះ ព្រះ​ភូមិ ម្រេញគង្វាល អ​រ័ក្ស អ្នកតា​ជាដើម ។ លទ្ធិ​ថេរវាទ​នៃ​ពុទ្ធសាសនា​ត្រូវ​បាន​តំណាង​ឱ្យ​ព្រះពុទ្ធ​ទាំង​៥​ព្រះ​អង្គ​ផង​ដែរ ។

ចំនួន​៧​សរសៃ​ធូប តំណាង​ឱ្យ​ការ​ផ្សារ​ភ្ជាប់​ញាណ​ទាំង​៦ របស់​មនុស្ស​ទៅ​បូក​នឹង​ញាណ​ទសបារមី​១​ទៀត បានជា​ញាណ​នៃ​ការ​ដឹង​មុន ដឹង​នូវ​ព្រឹត្តិការណ៍​មិនល្អ​អ្វីមួយ​ដែល​នឹង​អាច​កើតឡើង​ចំពោះ​ពួក​គេ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។ ឧទាហរណ៍ ឪពុក​ម្ដាយ​ស្លាប់​ហើយ រួច​បាន​ធ្វើ​អាសនៈ​លើក​គាត់​ជា​គ្រូ ត្រូវ​អុជ​៧​សរសៃ​ធូប តំណាង​ឱ្យ​គុណ​ឪពុក គុណ​ម្ដាយ ដែល​អញ្ជើញ​ពួក​គាត់​មក​ជា​កិច្ច​ការពារ​ចំពោះ​កូនចៅ ទាំង​៧​ថ្ងៃ ។

ចំនួន​៩​សរសៃ​ធូប តំំ​ណា​ង​ឱ្យ​ការ​ឧទ្ទិស​ចំពោះ​ទសបារមី ដែល​មាន​អាសនៈ​បាយសី​ថ្នាក់​៩ ដែល​ជា​បារមី​ខ្លាំងពូកែ​អាច​ប្រមើល​មើលឃើញ នូវ​កាល​ពេលវេលា​ខាង​មុខ​បាន​ឆ្ងាយ​ដូច​ទៅ​នឹង​ដួងផ្កាយ​ទាំង​៩​ដួង​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ។ ឧទាហរណ៍ ការ​អុជ​ធូប​ចំពោះតែ​ទេវៈ អ​ទិ​ទេព ដែល​មាន​បារមី​ខ្លាំងពូកែ លើក​អាសនៈ​ជា​ថ្នាក់​៩ ថ្នាក់​កម្រិត​ធំ​មាន​ទំនាក់ទំនង​ញាណ​ទៅ​នឹង​ការ​ស្នង​រូប​នៃ​បុគ្គល ។

ចំនួន​១១​សរសៃ​ធូប តំណាង​ឱ្យ​ការ​ផ្សារ​ភ្ជាប់​ញាណ ឬ​ព្រលឹង​ទាំង​១០​របស់​មនុស្ស​ទៅ​បូក​នឹង​ព្រលឹង​វិញ្ញាណ​ខាងក្រៅ​១ មិន​ថា​ជា​វិញ្ញា​ណ​ទេវតា អារក្សអ្នកតា ឬ​ជា​វិញ្ញាណ​ខ្មោច​ព្រាយ​បិសាច​ជាដើម ដែល​ត្រូវ​បាន​អុជ​អន្ទង​ហៅ​ដើម្បី​មក​ស្ថិត​ក្នុង​ខ្លួន​របស់​ពួក​គេ ។
ចំនួន​២១​សរសៃ​ធូប តំណាង​ឱ្យ​ការ​ឧទ្ទិស​សំបូងសង្រូង​ទៅ​កាន់​ច្រក​ទ្វារ​ទេវតា​ទាំង​២១​ច្រក​ឱ្យ​ទទួល​បាន​ជាក់ច្បាស់​អំពី​ការ​បន់ស្រន់​អ្វីមួយ ឬ​កិច្ច​ប្ដឹងប្ដល់​អ្វីមួយ​ដែល​មិន​សុខចិត្ត និង​សុំ​ឱ្យ​ពពួក​បារមី ឬ​ទេវតា​ជួយ ។

ទោះជា​យ៉ាងណា​ការ​អុជ​ធូប​នេះ​បើ​ទោះជា​ក្នុង​ជំនឿ​បែប​ណា​ក៏​ដោយ​ចុះ​ពិសេស​បុណ្យប្រពៃណី​ធំ តែ​ការ​អុជ​ធូប​បន់ស្រន់​ទាំងនោះ​ក៏​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ផង ព្រោះ​កន្លង​មក​ភ្លើង​ធូប​នេះ​បាន​ដុត​បំផ្លាញ​ផ្ទះសម្បែង ទ្រព្យសម្បត្តិ​អ្នកស្រុក​អស់​ជា​ច្រើន​ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ