រាជធានីភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដាំទៅអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប ជាពិសេសខាងជលផល ត្រូវទប់ស្កាត់ពួកអ្នកឆក់ត្រី ព្រោះថា ឆក់មួយយប់ៗ រកបាន ១ម៉ឺនដុល្លារអាមេរិក ។
លោកបណ្ឌិត សុខ ទូច ថ្លែងច្បាស់ៗបែបនេះ កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និង សហព័ន្ធរុស្ស៊ី» នៅសាលមរតកខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកមានប្រសាសន៍ដូច្នេះថា «ឥឡូវនេះ យើងកំពុងតែគិតគូរទៀតហើយ តើធ្វើយ៉ាងម៉េច អាចទប់ទឹកបឹងទន្លេសាបបាន យើងនឹងជម្រាបជូនទៅដល់រាជរដ្ឋាភិបាល ហើយរឿងរាជរដ្ឋាភិបាលទទួលយក ឫមិនយក ជារឿងរបស់រាជរដ្ឋាភិបាល.. ហើយផ្ដាំ! ទៅអាជ្ញាធរបឹងទន្លេសាប ឈប់ឆក់ត្រី ខ្ញុំផ្ញើតាមហ្នឹង មិនមែនខ្ញុំមិនដឹងនោះទេ ។ ហើយខ្ញុំ នឹងតាមថតអ្នកឯង នៅពេលខាងមុខនេះ.. ឥឡូវនេះលែងឆក់ ដោយសារតែបុណ្យចូលឆ្នាំចិន គេទៅអស់ ពេលគេមកវិញ គេនឹងឆក់ទៀត.. ខ្ញុំនឹងតាមថត ហើយខ្ញុំថត ខ្ញុំនឹងបង្ហោះជាសាធារណៈ អ៊ីចឹងទេ ខាងជលផល ក៏ដូចចៅហ្វាយខេត្តនីមួយៗ ត្រូវទប់ស្កាត់ពួកអ្នកត្រីហ្នឹង» ។
លោកបណ្ឌិត សុខ ទូច បន្តទៀតថា «ឆក់មួយយប់អស់ ១ម៉ឺនដុល្លារ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៦ព្រឹក ។ ប្រាប់ឲ្យហើយខ្ញុំនឹងតាមទៀត ខ្ញុំយកជីវិតធ្វើជាដើមទុន នៅបឹងទន្លេសាប.. អត់មានភ្លៀងហើយ មិនរលឹមនោះទេ ត្រូវតែរលឹមរហូត សូមផ្ដាំត្រង់កន្លែងហ្នឹង ។ ខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំតាំងចិត្តរួចទៅហើយ ខ្ញុំមិនមែនធ្វើសម្រាប់ម៉ែឪខ្ញុំទេ ខ្ញុំធ្វើសម្រាប់យុវជនទាំងអស់ អត់ធ្វើសម្រាប់ខ្ញុំទេ ព្រោះខ្ញុំមានគ្រប់គ្រាន់ មានអ្វីៗគ្រប់យ៉ាងហើយ ខ្ញុំអត់ត្រូវការលោភលន់ទេ» ។
លោកបណ្ឌិតសភាចារ្យ បញ្ជាក់ច្បាស់ថា «ឆក់រាល់យប់ គេហៅថា ឆក់ត្រជាក់ ខ្ញុំនឹងទៅតាមដាន ពេលចប់បុណ្យចូលឆ្នាំចិន ខ្ញុំនឹងទៅតាមដាន នេះខ្ញុំសូមផ្ដាំទៅ ។ ខ្ញុំដឹងកន្លែងឆក់ ដឹងទាំងអស់ នរណាឲ្យឆក់អី ខ្ញុំដឹងទាំងអស់ ខ្ញុំគ្រាន់តែប្រាប់ទៅខាងទន្លេសាបទេ ខ្ញុំដឹង (យ៉ាងកាវ) មួយយប់ មួយម៉ឺនដុល្លារ ពីម៉ោង ៦ល្ងាចដល់ម៉ោង ៦ព្រឹក ហើយនៅកន្លែងណាទៀត ខ្ញុំដឹងទៀត ។ អ៊ីចឹងទេ ខ្ញុំសូមផ្ដាំទៅ ឈប់ឲ្យគេឆក់ ខ្ញុំនឹងតាមទៀត» ៕
ចែករំលែកព័តមាននេះ