ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​សង្ឃឹម​ស្មូន​ដី ​ចម្លាក់​ថ្ម ប្រាក់​ និង​ស្ពាន់ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួងពាណិជ្ជកម្ម​បាន​កំពុង​ជំរុញ​សកម្មភាពរៀបចំ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វិស័យ​ស្មូន ​និង​ចម្លាក់​ថ្ម ។ សិប្បកម្ម​ស្មូន​ដី​ដែល​ល្បី​មាននៅ​ជា​ពិសេស​ក្នុង​ខេត្តកំពង់ឆ្នាំង និង​ចម្លាក់​ថ្ម​នៅខេត្តពោធិ៍សាត់ បាន​បន្ត​ថែរក្សា​ពី​ដូនតា​មក ។ លោក…

រាជធានី​ភ្នំពេញ​ ៖ ក្រសួងពាណិជ្ជកម្ម​បាន​កំពុង​ជំរុញ​សកម្មភាពរៀបចំ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វិស័យ​ស្មូន ​និង​ចម្លាក់​ថ្ម ។ សិប្បកម្ម​ស្មូន​ដី​ដែល​ល្បី​មាននៅ​ជា​ពិសេស​ក្នុង​ខេត្តកំពង់ឆ្នាំង និង​ចម្លាក់​ថ្ម​នៅខេត្តពោធិ៍សាត់ បាន​បន្ត​ថែរក្សា​ពី​ដូនតា​មក ។

លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ចុះ​ទៅ​ខេត្តកំពង់ឆ្នាំង និង​ពោ​ធិ៍​សាត់ កាលពីដើម​ស​ប្តា​ហ៍​នេះ ដើម្បី​ពិនិត្យ​ការងារ​អភិរក្ស​នេះ ។ ការ​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វិស័យ​ទាំង ២ ខាងលើ ក៏​នឹង​ក្លាយជា​មជ្ឈមណ្ឌល​អាជីវកម្ម និង​ជា​ច​លករ​ស្រូប​ទាញ​កំណើនសេដ្ឋកិច្ច​មូលដ្ឋានដ៏​រស់​រវើករក្សា​បាន​នូវ​កេរដំណែល​វប្បធម៌ ទេព​កោសល្យ​ប៉ិន​ប្រសប់ អត្តសញ្ញាណ​ភូមិសាស្ត្រ និង​បង្កើត​បរិយាកាស​ពាណិជ្ជកម្ម​លើ​វិស័យ​ស្មូន​ដី និង​វិស័យ​ចម្លាក់​ថ្ម ជា​ពិសេស​ជួយ​បង្កើត​ការងារជូន​ប្រជាពលរដ្ឋ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ក្រុម​សិប្បករ​ស្មូន និង​ជាងចម្លាក់​ថែម​ទៀត​ផង ។

មន្ត្រី​អះអាង​ថា ដើម្បី​ឱ្យ​វិស័យ​ស្មូន​ដី និង​ចម្លាក់​ថ្ម មានដំណើរ​ការ​ប្រកបដោយ​និរន្តរភាព ធានា​បាន​នូវ​គុណភាព សមត្ថភាព​ផ្គត់ផ្គង់ និង​ម៉ាក​សញ្ញា​របស់​ផលិតផល និង​ការ​សម្គាល់​អត្តសញ្ញាណ​ភូមិសាស្ត្រ ចាំបាច់​ត្រូវ​ចងក្រងចង្កោម​ក្រុម​អ្នក​ផលិត បង្កើត​ទៅ​ជា​សមាគម និង​ការ​ផ្តួចផ្តើម​សិក្សា​លទ្ធភាព​បង្កើត​ម៉ាក​សមូហភាព ដើម្បី​ជំរុញ​ការ​ប្រកួតប្រជែង ធានា​ទំនុកចិត្ត និង​ការ​ទទួលស្គាល់​ប្រភព​ដើម​ផលិតផល​ជូន​ពាណិជ្ជករ និង​អ្នក​ប្រើប្រាស់ ។

ប្រភព​ពី​ក្រសួងពាណិជ្ជកម្ម​ថា បច្ចុប្បន្ន​វិស័យ​ស្មូន​ដី​កម្ពុជា មាន​សមាជិក​អ្នក​ផលិត​ប្រមាណ​ជាង ២០០ គ្រួសារ ដែល​កំពុង​ផលិត បើ​ទោះបីជា​ទីផ្សារ​បញ្ជា​ទិញ ត្រូវ​អាក់ខាន​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយសិប្បករ​ស្មូនដី​នៅ​តែ​មានការ​ងារ​ជា​បន្តបន្ទាប់ ពិសេស​បរិក្ខា​សម្រាប់​សណ្ឋាគារ និង​សម្ភារ​ប្រើប្រាស់ ក្នុង​គេហដ្ឋាន​ជាដើម ។ ដោយឡែក​ស្ថានភាព​វិស័យ​ចម្លាក់​ថ្ម​វិញ អ្នក​ផលិត និង​ជាងចម្លាក់​មាន​សរុប ៥៥ ទីតាំង ចែក​ចេញ​ជា ៣ ផ្នែក​ គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ ១ សហគ្រាស​ផលិត​ ១៨ និង​គ្រួសារ​ ៣៦ ហើយ​វិស័យ​នេះ ក៏​ទទួល​រង​ផល​ប៉ះពាល់ ប៉ុន្តែ​នៅ​រក្សា​បានការ​បញ្ជា​ទិញ​ពី​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​រួម​មាន​ ៖ ប្រទេស​ឥណ្ឌា មី​យ៉ា​ន់​ម៉ា ស្រី​លង្ការ និង​ប្រទេស​ថៃ ។

គួរ​ជម្រាប​ថា ​ក្រសួងពាណិជ្ជកម្ម​បាន​កំពុង​ជំរុញ និង​លើកកម្ពស់​សិប្បកម្ម​ចម្លាក់​ប្រាក់ និង​ស្ពាន់​ផង​ដែរ ។ ចម្លាក់​ប្រាក់ ​និង​ស្ពាន់ ដែល​ល្បី​ត​ជំនាន់​មក​ហើយ មាននៅ​ភូមិ​កោះ​ចិន ក្នុងស្រុក​ពញា​ឭ​ខេត្តកណ្តាល មិន​ឆ្ងាយ​ពី​ក្រុងភ្នំពេញ​ឡើយ ​៕

អត្ថបទសរសេរ ដោយ