រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម បានប្រជុំដើម្បីពិនិត្យលទ្ធភាព ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) និងជំរុញលើឱកាសវិនិយោគរវាងប្រទេសទាំងពីរ ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងដំណើរទស្សនកិច្ចទៅកាន់សហភាពអារ៉ាប់ ក្នុងខណៈដែលប្រទេសនេះរៀបចំពិព័រណ៍ពិភពលោក ដែលកម្ពុជាបានចូលរួមដែលនោះថា កម្ពុជាមានធនធានធម្មជាតិអំណោយផលជាច្រើន មានកសិផលរាប់ពាន់មុខ និងមានវិស័យសក្តានុពលជាច្រើន ដែលកំពុងអភិវឌ្ឍដូចជា វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ វិស័យវប្បធម៌តំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត វិស័យដឹកជញ្ជូនមានព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ ។

លោករដ្ឋមន្ត្រី បានស្នើដៃគូពិភាក្សាគឺលោក ថានីប៊ីន អាម៉េដ អាល់ហ្ស៊េរយូឌី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម ថា “សហភាពអារ៉ាប់រួមអាចមកធ្វើការវិនិយោគនៅកម្ពុជាបាន”។ លោកបន្តថាកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយ ចិន និងកូរ៉េ ហើយក៏កំពុងបន្តចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយដៃគូសំខាន់ៗមានជាអាទិ៍ ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី កាណាដា និងអង់គ្លេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញស្របតាមគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។
កម្ពុជាបានបង្ហាញពីឆន្ទៈចង់ឱ្យមានក្រុមការងារមួយ ដើម្បីសិក្សា និងពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ ក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មថែមមួយកម្រិតទៀត ។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី២៤ ខែមករា នោះ លោក ថានីប៊ីន អាម៉េដ អាល់ហ្ស៊េរយូឌី បានស្នើភាគីកម្ពុជា ជួយផ្តល់ព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងសិក្សាបន្ថែមអំពីលទ្ធភាពវិនិយោគរួមគ្នានាពេលអនាគត ។

នៅកិច្ចបញ្ចប់ គណៈប្រតិភូរបស់ប្រទេសទាំងពីរ បានឯកភាពគ្នាថានឹងអញ្ជើញគណៈប្រតិភូ មកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសរៀងៗខ្លួន ដើម្បីសិក្សាបន្ថែមអំពីឱកាសវិនិយោគរួមគ្នា លើវិស័យសក្តានុពលនានា និងបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារមួយ ដើម្បីសិក្សាអំពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) រវាងប្រទេសទាំងពីរនាថ្ងៃអនាគត ។ នេះបើតាមការផ្សព្វផ្សាយពីបណ្តាញសង្គមរបស់ក្រសួងពាណិជ្ជកម្ម ៕
ចែករំលែកព័តមាននេះ