រាជធានីភ្នំពេញ ៖ ឆ្នាំ ២០២១ កន្លងទៅចំណូលដែលបានមកពីអាជីវកម្មរបស់កំពង់ផែក្រុងព្រះសីហនុ សម្រេចបានរហូតដល់ជាង ៩៣ លានដុល្លារអាមេរិក ។ ទំនិញឆ្លងកាត់កំពង់ផែស្វយ័ត្នក្រុងព្រះសីហនុមានចំនួនប្រមាណជិត ៧ លានតោន ធៀបនឹងឆ្នាំ ២០២០មានកំណើន ៥,៩៩ ភាគរយ និងចំណូលបានកើនពីឆ្នាំចាស់ ១៧,៦ ៤ភាគរយ ផងដែរ ។
ក្រសួងសាធារណការ និងដឹកជញ្ជួនបង្ហាញថា ក្រសួងបាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយទីភ្នាក់ងារ JICA ដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែ ក្នុងតំបន់ដ៏មានសក្ដានុពលក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ។ កំពង់ផែនេះ បាននិងកំពុងរៀបចំសាងសង់ផែកុងតឺន័រថ្មីជាជំហានទី ១ ប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ ម៉ែត្រ ក្នុងរយៈពេល ៤ ឆ្នាំ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ និងសិក្សាលទ្ធផលសាងសង់ផែកុងតឺន័រជំហានទី ២ និងជំហានទី ៣ បន្តបន្ទាប់ទៀតផងដែរ ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា កំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅរបស់កម្ពុជា ដែលនឹងអភិវឌ្ឍន៍ទៅជាកំពង់ផែដែលអាចឱ្យនាវាធំៗកាន់តែច្រើនចូលចតបាន ដែលអាចឱ្យទំនិញកាន់តែច្រើនឆ្លងកាន់កម្ពុជា និងមិនបាច់ធ្វើការផ្ទេរនាវានៅកំពង់ផែប្រទេសផ្សេងៗបាន ។ ក្នុងន័យនេះ កំពង់ផែធំៗដែលធ្លាប់ចូលចតប្រទេសជិតខាងហើយផ្ទេរមកវានាតូចៗ និងមិនចាំបាច់ធ្វើការផ្ទេរទៀតទេនៅពេលកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុសាងសង់ចំណតនាវារួចរាល់ ។
លោករដ្ឋមន្ត្រីបន្តថា នៅពេលកំពង់ផែនេះកាន់តែធ្វើទំនើបកម្មបានច្រើន ពេលនោះនាវាទេសចរណ៍ធំៗក៏អាចចូលចតបានដែលធ្វើឱ្យយើងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិតាមផ្លូវទឹកកាន់តែច្រើន នាំមកនូវប្រាក់ចំណូលដល់ប្រទេសយើង ដល់សេដ្ឋកិច្ចយើងបន្ថែមទៀតផងដែរ ៕
ចែករំលែកព័តមាននេះ